ក្រុមអង្គការសង្គមស៊ីវិលបានរិះគន់អាជ្ញាធររាជធានីភ្នំពេញដែលបានបញ្ឈប់និងរុះរើពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោតអំពីបញ្ហាប្រឈមរបស់ជនក្រីក្រនៅរាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍រួមរបស់សមាគមធាងត្នោត អង្គការសង្គមស៊ីវិល និងក្រុមតស៊ូមតិសរុបប្រមាណ៦០ ដែលបានចេញផ្សាយនាថ្ងៃអង្គារនេះ ចាត់ទុកថា អាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ អង្គការសមាគមធាងត្នោតបានតាំងពិព័រណ៍រូបថតក្រោមប្រធានបទ«ផ្ទះនិងជីវិត» ដែលមានគោលបំណងចង់បង្ហាញពីទុក្ខកង្វល់និងបញ្ហារបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ដើម្បីឱ្យភាគីពាក់ព័ន្ធបានដឹងនិងចូលរួមផ្តល់ដំណោះស្រាយ ប៉ុន្តែបែរជាត្រូវបានអាជ្ញាធរបញ្ជាឱ្យម្ចាស់ភោជនីយដ្ឋានបញ្ឈប់ និងរុះរើទៅវិញដោយមិនបានបញ្ជាក់មូលហេតុឡើយ។
ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «យើងខ្ញុំនៅតែសោកស្តាយជាខ្លាំងចំពោះការបន្តបង្ក្រាប និងបំបិទសិទិ្ធដោយមិនត្រឹមត្រូវបែបនេះ មកលើសកម្មភាព ឬទម្រង់សិល្បៈមួយ ដែលជាសេរីភាពក្នុងការបញ្ចេញមតិក្នុងអាណត្តិ រាជរដ្ឋាភិបាលថ្មីនេះ»។
ក្រុមអង្គការសង្គមស៊ីវិលក៏បានអំពាវនាវដល់អាជ្ញាធរអនុញ្ញាតបន្តការតាំងពិព័រណ៍រូបថតដោយគ្មានការរំខាន និងស្នើដល់ក្រសួងមហាផ្ទៃធ្វើការត្រួតពិនិត្យពីសកម្មភាពរបស់អាជ្ញាធរសង្កាត់និរោធ និងខណ្ឌច្បារអំពៅ។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបាននៅឡើយទេ។
ជុំវិញបញ្ហានេះ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថា ក្រសួងមហាផ្ទៃមិនដែលបានដាក់បទបញ្ជាណាមួយឱ្យអាជ្ញាធរ ឬវិស័យឯកជនផ្អាកសកម្មភាពការតាំងពិព័រណ៍របស់សមាគមធាងត្នោតឡើយ។ លោកបន្ថែមថា សមាគមធាងត្នោតគួរតែសហការជាមួយអាជ្ញាធរដែនដី ដើម្បីឱ្យសកម្មភាពដែលខ្លួនចង់ធ្វើប្រព្រឹត្តទៅដោយរលូន។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «អញ្ចឹងហើយបានជាខ្ញុំឱ្យសមាគមធាងត្នោតហ្នឹងព្យាយាមបោះដៃ ឬជជែកជាមួយអាជ្ញាធរដែនដីឱ្យបានពិតប្រាកដថា តើពិតជាអាជ្ញាធរដែនដីហាមឃាត់ឬក៏យ៉ាងម៉េច ដើម្បីយើងជជែកគ្នាទៅ បើយើងមានឆន្ទៈឬក៏ចេតនាវិជ្ជមាន យើងជជែកគ្នាបានហើយ យើងសុទ្ធតែជាខ្មែរដូចគ្នាទេ»។
បើតាមក្រុមអង្គការសង្គមស៊ីវិល រដ្ឋធម្មនុញ្ញបានធានានូវសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋ។ ផ្ទុយទៅវិញ«អាជ្ញាធរមួយចំនួនបែរជាបំបិទសំឡេងរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ដែលអ្នកទាំងនោះគ្រាន់តែបង្ហាញអំពីការព្រួយបារម្ភ ទៅលើជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ»៕
វេទិកាបញ្ចេញមតិ