នៅក្នុងជំនួបមួយជាមួយមន្រ្តីកម្ពុជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាលោក Anatoly Borovik បានលើកឡើងថាប្រតិបត្តិការយោធារបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែនកំពុងធ្វើឡើងក្នុងបំណងការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋរុស្ស៊ីដែលលោកថាអាចរងការវាយប្រហារដោយមីស៊ីលបាញ់ចេញពីទឹកដីអ៊ុយក្រែន។លោកក៏បានស្នើឱ្យភាគីកម្ពុជាស្វែងយល់ឱ្យបានច្បាស់អំពីព័ត៌មានទាក់ទងនឹងសង្រ្គាមមួយនេះដើម្បីបញ្ចៀសការយល់ច្រឡំ។ នេះបើតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មានក្នុងស្រុក Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃពុធ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងភ្នំពេញបានថ្លែងបែបនេះនៅចំពោះមុខរដ្ឋមន្ត្រីព័ត៌មានកម្ពុជាលោក ខៀវ កាញារីទ្ធក្នុងជំនួបមួយដែលធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មានក្នុងរាជធានីភ្នំពេញ។
គិតត្រឹមពាក់កណា្តលខែមេសានេះសង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយពេលជិតពីរខែមកហើយ។ សង្គ្រាមដែលលោកខាងលិចចោទថាបង្កឡើងដោយរុស្ស៊ីដោយគ្មានការប្រកាសជាមុននោះគឺជាការឈ្លានពានលើអ៊ុយក្រែនដែលព្យាយាមសុំចូលជាសមាជិកអង្គការកតិកាសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថាអូតង់ (NATO)។
ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់អង្គភាព Fresh News ចុះផ្សាយកាលពីថ្ងៃទី១៣ខែមេសា ឯកអគ្គរដ្ឋទូតរុស្ស៊ីអះអាងថាសង្គ្រាមដែលកំពុងកើតឡើងនៅអ៊ុយក្រែនមិនមែនបង្កឡើងដោយរុស្ស៊ីជាឯកតោភាគីទេគឺរុស្ស៊ីបារម្ភថាខ្លួនអាចរងការវាយប្រហារពីគ្រាប់មីស៊ីល បើមានការដាក់ពង្រាយកាំជ្រួចនៅក្នុងទឹកដីអ៊ុយក្រែននោះ។
លោក Anatoly Borovikឯកអគ្គរដ្ឋទូតរុស្ស៊ីក្នុងទីក្រុងភ្នំពេញលើកឡើងនៅចំពោះមុខរដ្ឋមន្រ្តីក្រសួងព័ត៌មានថាអង្គការអូតង់និងប្រទេសអ៊ុយក្រែនខ្លួនឯងក៏មានចំណែកក្នុងសង្គ្រាមដែលកំពុងកើតឡើងនៅអ៊ុយក្រែនផងដែរក្រោមហេតុផលថា«ប្រទេសជាសមាជិកនៃអង្គការអូតង់ចេះតែរំកិលចូលមកជិតព្រំដែនរុស្ស៊ី»។
សេចក្តីរាយការណ៍ដដែលបានសរសេរក្នុងអត្ថន័យដើមថា៖«កន្លងមកនេះ រុស្ស៊ីបានសំណូមពរទៅកាន់អង្គការអូតង់ដោយអះអាងថាប្រសិនបើមានមីស៊ីលដាក់ក្នុងប្រទេសអ៊ុយក្រែនគឺប្រហែលតែជាង៣នាទីគឺបាញ់ដល់ទីក្រុងម៉ូស្គូហើយដែលសូម្បីតែប្រព័ន្ធការពារអាកាសរបស់រុស្ស៊ីក៏គ្មានលទ្ធភាពទប់បានដែរ។ដូច្នេះរុស្ស៊ីបានស្នើឱ្យប្រទេសអ៊ុយក្រែនត្រូវស្ថិតនៅអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ»។
បើតាមសេចក្តីរាយការណ៍របស់ Fresh News ភាគីរុស្ស៊ីក៏បានស្នើឱ្យប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាគប្បីឈ្វេងយល់អំពីសង្គ្រាមនេះឱ្យបានច្បាស់លាស់ដែលលោកថាដើម្បីចៀសវាងការយល់ខុសតាមការផ្សាយព័ត៌មានបំពុលរបស់បណ្ដាប្រទេសលោកខាងលិច។
ស្ថាទូតរុស្ស៊ីប្រចាំទីក្រុងភ្នំពេញមិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលបានផ្ញើតាមសារអេឡិចត្រូនិកអ៊ីមែលនៅថ្ងៃព្រសហស្បតិ៍នេះទេ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកមាស សុភ័ណ្ឌអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជាបាននៅឡើយទេ។
កាលពីដើមខែមីនាឆ្នាំ២០២២ នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) កម្ពុជាបានចូលរួមបង្ហាញសំឡេងរបស់ខ្លួនដោយអនុម័តនូវសេចក្តីសម្រេចជាដំណោះស្រាយដែលទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែននិងដកកងកម្លាំងយោធារបស់ខ្លួន។ ប្រទេសសមាជិកអ.ស.ប.សរុបចំនួន១៤១បានបោះឆ្នោតគាំទ្រ។ ប្រទេសចំនួន៥បានបោះឆ្នោតប្រឆាំងនិងប្រទេសចំនួន៣៥ទៀតបានបោះឆ្នោតអនុបវាទឬមានន័យថាជាប្រទេសនៅស្ងៀមជាកណ្តាល។បណ្តាប្រទេសដែលបានបោះឆ្នោតប្រឆាំងរួមមានបេឡារុសកូរ៉េខាងជើង រុស្ស៊ី និងស៊ីរី។
បើតាមសេចក្តីរាយការណ៍របស់អង្គភាព Fresh News លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរស្ស៊ីក៏បានចោទប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថាបានចេញផ្សាយព័ត៌មានភូតភរកុហកអំពីសកម្មភាពកងទ័ពរុស្ស៊ីនិងថា«បណ្ដាប្រទេសលោកខាងលិចបានខិតខំហ៊ុមព័ទ្ធសេដ្ឋកិច្ចនិងបានបិទប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីទាំងអស់ប៉ុន្ដែគេមិនបានបិទប្រព័ន្ធបំពង់ប្រេងរបស់រុស្ស៊ីនោះទេ»។
ជំនួបរវាងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរស្ស៊ីនិងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើឡើងស្របពេលសហរដ្ឋអាមេរិកនឹងប្រកាសនៅពេលឆាប់ៗនេះនូវទឹកប្រាក់រហូតដល់៧៥០លានដុល្លារដែលជាជំនួយសន្តិសុខបន្ថែមដល់ប្រទេសអ៊ុយក្រែននៅពេលដែលមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskyy អំពាវនាវសុំជំនួយកាន់តែច្រើនឡើងទៀតដើម្បីវាយបកប្រឆាំងនឹងកងទ័ពរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយថាជំនួយការជាន់ខ្ពស់ម្នាក់នៃសភាសហរដ្ឋអាមេរិកបានឱ្យដឹងថាខណៈកញ្ចប់ជំនួយចុងក្រោយស្ថិតនៅក្នុងការពិភាក្សានៅឡើយកញ្ចប់ជំនួយនេះទំនងរួមបញ្ចូលទាំងប្រព័ន្ធកាំភ្លើងធំនិងកាំភ្លើងបាញ់ផ្លោងផងដែរ។
ចំណែកមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការពារជាតិអាមេរិកបាននិយាយថាកងទ័ពអ៊ុយក្រែនបានទទួលយន្តហោះដ្រូន Switchblade ចំនួន១០០ គ្រឿងដែលបំពាក់ក្បាលគ្រាប់សម្រាប់កម្ទេចរថក្រោះហើយដែលត្រូវបានសន្យាជាផ្នែកមួយនៃកញ្ចប់ជំនួយសន្តិសុខចំនួន៣០០លានដុល្លារកាលពីដំបូងមក។
យន្តហោះដ្រូនដែលនៅសេសសល់ផ្សេងទៀតត្រូវគេរំពឹងថានឹងទៅដល់ប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយហើយការបន្ថែមកាំជ្រួចមីស៊ីល Javelin ប្រឆាំងរថក្រោះក៏នឹងទៅដល់នៅសប្តាហ៍ក្រោយនេះផងដែរ។
ដោយឡែកសេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson កាលពីថ្ងៃអង្គារបានបញ្ជាក់នូវការតាំងចិត្តរបស់ខ្លួនដើម្បីបន្តផ្តល់ជំនួយសន្តិសុខនិងមនុស្សធម៌ដល់អ៊ុយក្រែននៅក្នុងការប្រឈមភាពព្រៃផ្សៃដែលកំពុងបន្តកើតមានឡើងពីសំណាក់រុស្ស៊ី។
លោកប្រធានាធិបតី Biden ក៏បានបង្កើនវោហាសាស្ត្រប្រឆាំងនឹងរុស្ស៊ីដោយបានចោទប្រកាន់ថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បង្កើតឱ្យមានអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសអ៊ុយក្រែន៕