ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖​ សិទ្ធិ​សេរីភាព​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​រង​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ


រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។​ (AP)

របាយ​ការណ៍​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​បង្ហាញ​ថា​ សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​សារ​ព័ត៌​មាន ​បាន​«រង​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ»​នៅ​ចន្លោះ​ខែកញ្ញា ឆ្នាំ​២០២០​ដល់​ខែ​សីហា​ឆ្នាំ​២០២១។​

របាយការណ៍​ជា​ភាសាខ្មែរ ​កម្រាស​៦៦​ទំព័រ​ ចេញ​ផ្សាយ​នៅ​ខែ​មេសា​នេះ ​ឱ្យ​ដឹង​ថា ​ស្ថាប័ន​សារព័ត៌មាន​ចំនួន​៧​ ត្រូវ​បាន​ដកហូត​អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់​៩​នាក់​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​១៧​នាក់ ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ពី​«ការ​គាប​សង្កត់​មិន​ឈប់​ឈរ»​ និង​«គោលការណ៍​មិន​អត់​ឱន​ចំពោះ​មតិ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល»។ ​ ការ​គាប​សង្កត់​នោះ​នៅ​ក្រោម​រូបភាព​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់ ​ដូច​ជា​ការ​កោះ​ហៅ​ ដោយ​អាជ្ញាធរ​ ការ​សួរ​ចម្លើយ​ ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន​ ការ​បង្ខំ​ឱ្យ​ចុះ​កិច្ច​សន្យា​ ការ​ចោទ​ប្រកាន់ ​និង​ការ​ផ្តន្ទា​ទោស។​

របាយ​ការណ៍​នេះ​បញ្ជាក់​ថា ​អ្នក​សារព័ត៌​ឯករាជ្យ​ត្រូវ​បាន​អាជ្ញាធរ​រើស​អើង​ និង​ជួប​ឧបសគ្គ​ដូចជា​ទទួល​បាន​ព័ត៌មាន​យឺត​ និង​ការ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ពី​សំណាក់​អាជ្ញាធរ។ ​

របាយ​ការណ៍​ដដែល​នេះ​បញ្ជាក់​ថា៖​ «រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ច្បាប់​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ច្រើន ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ ដោយ​បំពាន​លើ​សេរីភាព​ខាង​បញ្ចេញ​មតិ​ សេរីភាព​សារព័ត៌មាន​ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន»។​

តាម​រយៈ​របាយ​ការណ៍​នេះ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​ដូច​ជា​ការ​ធ្វើ​វិសោធនកម្ម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យស្រប​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ និង​ត្រូវ​ពិនិត្យ​មើល​ច្បាប់​ផ្សេង​ទៀត​ដែល​ប៉ះ​ពាល់​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ឱ្យ​អនុ​លោម​តាម​ច្បាប់​អន្តរ​ជាតិ​ ក៏​ដូចជា​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន ​និង​លុប​ចោល​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ។​

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​ទាម​ទារ​ឱ្យ​បញ្ឈប់​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ ​និង​ត្រូវ​ដោះ​លែង​ជា​បន្ទាន់​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ដែល​កំពុង​ជាប់​ពន្ធនាគារ ​ព្រម​ទាំង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ដល់​សកម្ម​ជន​បរិស្ថាន​ និង​សកម្ម​ជន​ផ្សេង​ទៀត ​ដើម្បី​ធានា​បរិយាកាស​អំណោយ​ផល​ និង​ការ​អនុវត្ត​សេរី​ភាព​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់​ ដោយ​សេរី​ គ្មាន​ការ​ភ័យ​ខ្លាច​ គ្មាន​ឧបសគ្គ ​និង​គ្មាន​ការ​រារាំង ​ឬ​យាយី​តាម​រូប​ភាព​ផ្សេងៗ។​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ចំពោះ​ជន​ល្មើស ​ដែល​បាន​វាយ​ប្រហារ​ និង​ប្រព្រឹត្ត​អំពើ​មិនគប្បី​លើ​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ហើយ​កាត់​ទោស​ជន​ល្មើស​ទាំង​នោះ ​ដើម្បី​ឈាន​ទៅ​បញ្ឈប់​និទណ្ឌភាព។ ​

លោក ​ហួន ផន ​ជាអ្នក​សម្របសម្រួល​គម្រោង​ការ​លើក​កម្ពស់ ​និង​ការពារ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ថ្លែង​ថា​ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​សារ​ព័ត៌មាន​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដូច​ជា​រង​បណ្តឹង​តុលាការ​ ការ​បំភិត​បំភ័យ​និង​ការ​ប្រឈម​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ជាដើម។​ លោក​ចាត់​ទុក​ថា​ ​ការ​យាយី​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ការ​គំរាម​កំហែង​លើ​សិទ្ធិ​សេរី​ភាព​សារ​ព័ត៌មាន ​និង​គំរាម​កំហែង​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«នៅ​ក្នុង​របាយ​ការណ៍​ទៀត​សោត​ ក៏​បាន​ឆ្លុះ​បញ្ចាំង ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ស្ថានភាព​នៃ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សិទ្ធិ​ទទួល​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ដែល​មិន​សេរី»។​

លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​ដែល​ត្រូវ​បាន​តុលាការ​ដោះ​លែង​ពី​ពន្ធនាគារ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ​ប្រាប់​វីអូអេ​ថា​ លោក​កត់​សម្គាល់​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​ចាប់​សកម្ម​ជន​សង្គ្រោះ​ជាតិ​ និង​សកម្មជន​សង្គម​ផ្សេង​ទៀត។ លោក​បន្ត​ថា​ សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​សេរីភាព​ ក៏​បន្ត​ធ្លាក់​ចុះ​រហូត​មក​បច្ចុប្បន្ន​នេះ​ផង​ដែរ។​

រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

លោក ​រ៉ុង ឈុន​ ដែល​ឈ្មោះ​របស់​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​របាយ​ការណ៍​នេះ​ដែរ​នោះ​ ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គោរព ​និង​អនុវត្ត​ច្បាប់​ដែលមាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ​និង​កតិកា​សញ្ញា​សិទ្ធិ​មនុស្ស​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។​ លោក​ថា​ ប្រសិន​រដ្ឋ​មិន​បាន​បំពេញ​តួនាទី​ខ្លួន​ទេ​ នោះ​ប្រជា​ពលរដ្ឋ​នឹង​បាត់បង់​សិទ្ធិ​សេរី​ភាព​ និង​ភ័យ​ខ្លាច​ក្នុង​ការ​ចូលរួម​ ការ​ប្រមូល​ផ្តុំ​ទាម​ទារ​អ្វី​មួយ​ដែល​ពួក​គេ​ចង់​បាន។​

លោក​ថ្លែង​ថា៖​ «យើង​គិត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​គោរព​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ចៀស​វាង​ការ​តាក់​តែង​ច្បាប់​ ផ្ទុយ​នឹង​ស្មារតី​រដ្ឋ​ធម្មនុញ្ញ»។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក​ ជិន ម៉ាលីន​ ថ្លែង​ថា​ ការ​បង្កើត​ច្បាប់​មិន​អាច​ល្អ​ឥត​ខ្ចោះ​ឡើយ​ ហើយ​អាច​ធ្វើ​វិសោធន​កម្ម​បាន​ នៅ​ពេល​មាន​បញ្ហា​ក្នុង​ការ​អនុវត្ត។ លោក​បាន​ចោទ​ថា​ សកម្ម​ជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ បាន​បំពាន​ច្បាប់ ​ទើប​មាន​ការ​ចាប់​ខ្លួន​ពួក​គេ។​

លោក ​ជិន ម៉ាលីន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«ប៉ុន្តែ​បញ្ហា​នៅ​កម្ពុជា​មិន​មែន​ជា​បញ្ហា​ច្បាប់​ទេ ​បញ្ហា​មែន​ទែន​ គឺ​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​មួយ​ក្តាប់​តូច​ គឺ​ថា ​បាន​ធ្វើ​សកម្មភាព​ក្នុង​ការ​បំពាន​ច្បាប់​ ហើយ​ក្រោម​រូប​ភាព​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព។​ ហើយ​ការណ៍​ដែល​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ ដោយ​យក​លេស ​ឬ​ក្រោម​រូបភាព​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ​ នៃ​ការ​បញ្ចេញ​មតិ​អី​ហ្នឹង​គឺ​ថា​ មិន​អាច​ការពារ​ខ្លួន​បាន​នោះ​ទេ»។​

លោក​បន្ថែម​ថា​មិន​ថា​នៅ​កម្ពុជា ​និង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ណា​ក៏​ដោយ​ រាល់​សកម្ម​ភាព​បំពាន​ច្បាប់​ បំពាន​សិទ្ធិ​សេរី​ភាព​អ្នក​ដទៃ​ គឺ​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​តាម​ផ្លូវ​ច្បាប់​ទេ។​

ចំណែក​លោក​ មាស សុភ័ណ្ឌ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ក្នុង​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ទាក់ទង​នឹង​សេរីភាព​សារព័ត៌មាន។​ លោក​ថាវា​មិន​ឆ្លុះ​បញ្ចាំង​គ្រប់​ជ្រុង​ជ្រោយ ​តាម​តថភាព​ក្នុង​ការ​អនុវត្ត​ក្នុង​សង្គម​ទេ។ ​ លោក​បាន​ការពារ​ថាសេរីភាព​សារ​ព័ត៌មាន​កម្ពុជា​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​នៃ​របប​សារ​ព័ត៌មាន​របស់​ប្រទេស​ ហើយ​មាន​ភាព​រីក​ចម្រើន​ ទាំង​វិសាល​ភាព​ និង​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ដោយ​មាន​លក្ខណៈ​សេរី ​គ្មាន​ការ​រើស​អើង​ និង​ការ​បៀត​បៀន គ្មាន​ការ​រឹតត្បិត​ឡើយ។​

លោក​ថ្លែង​ថា៖ ​«របាយ​ការណ៍​នេះ​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទៅ​តាម​ករណី​នីមួយៗ​នៃ​ករណី​ដែល​ពាក់​ព័ន្ធ​តួនាទី​ ភារ​កិច្ច​ ក៏​ដូចជា​សិទ្ធិ​សេរី​ភាព​សារ​ព័ត៌មាន​នោះ​ទេ។​ អ្នក​សារ​ព័ត៌មាន​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​...​ប្រជា​ពលរដ្ឋ​ទូទៅ ​ក៏​ដូចជា​អ្នក​ប្រកប​វិជ្ជាជីវៈ​ដទៃ​ទៀត​ដែរ​ នៅ​ពេល​ដែល​ខ្លួន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ ផ្ទុយ​នឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ពួកគាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​វិន័យ ​ទាំង​ផ្នែក​រដ្ឋបាល​ ក៏​ដូច​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែល​មាន​ជា​ធរមាន​ផង​ដែរ»។​

ទោះ​ជា​យ៉ាង​ណា​ លោក​ ហួន ផន ​មន្រ្តី​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ការពារ​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​នេះ​ ដោយ​លោក​បញ្ជាក់​ថា​ ទិន្ន​ន័យ​ និង​ព័ត៌មាន​ផ្សេងៗ​នៃ​របាយ​ការណ៍​នេះ ​ត្រូវ​បាន​កត់​ត្រា​យ៉ាង​ច្បាស់​លាស់។​ លោក​ស្នើ​ទៅ​ក្រសួង​ព័ត៌មាន​ពិនិត្យ​របាយ​ការណ៍​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា​ លោក​ ណុប វី​ កត់​សម្គាល់​ថា​ តាំង​ពី​ឆ្នាំ​២០១៧​មក​ សេរីភាព​សារព័ត៌មាន​ទទួល​រងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ធ្ងន់ធ្ងរ។​ ហើយ​លោក​ថា​ ក្នុង​ឆ្នាំ​២០២១ ​ករណី​ប្រឆាំង​ និង​យាយី​លើ​អ្នក​សារព័ត៌​មាន​ មាន​ជាង​៩០​នាក់​ ដែល​រួមមាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។​

ដូច្នេះ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​ និង​អង្គការ​សមាគម​សារព័ត៌មាន​ ធ្វើ​ការ​រួមគ្នា​ក្នុង​ការ​ពិនិត្យ​មើល​គោលការណ៍​ច្បាប់ ​គោល​ការណ៍​គតិយុត្តិ​ផ្សេងៗ​ទៀត ​ដែល​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌មាន ​ដើម្បី​ឆ្លើយ​តប​ និង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​បន្ថែម​ថា​ អាជ្ញាធរ​ ក៏​ត្រូវ​ធានា​ដល់​កិច្ច​ការ​ការពារ​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន ​និង​ធានា​ថា​ មិន​មាន​អ្នក​សារ​ព័ត៌មាន​ណា​ម្នាក់​រង​ការ​បៀតបៀន។​

លោក​ថ្លែង​ថា៖​ «ជារួម​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់​ចំពោះ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​សេរីភាព​សារ​ព័ត៌មាន​ ដូច្នេះ​ក្រសួង​ព័ត៌មាន​ គួរ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​កុំ​ឱ្យ​ដក​អាជ្ញាបណ្ណ​សារ​ព័ត៌មាន​ផុយ​ស្រួយ​ពេក​ ហើយ​ធានា​ពី​តម្លាភាព​នៃ​ការ​ផ្តល់​អាជ្ញា​បណ្ណ​ ធានា​តម្លាភាព​នៃ​ការ​អនុវត្ត​ចំពោះ​អ្នក​សារព័ត៌​មាន​ទូទៅ​ឱ្យ​បាន​ដូចៗ​គ្នា»។​

លោក​ ណុប វី​ ក៏​ស្នើ​ទៅ​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ ត្រូវ​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ឱ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ធានា​ការ​អនុវត្ត​ការងារ​សារ​ព័ត៌មាន​ត្រឹម​ត្រូវ៕

XS
SM
MD
LG