កាលពីថ្ងៃសៅរ៍កងយន្តហោះប្រតិកម្មប្រយុទ្ធនៃប្រទេសហ្ស៊កដានីបានធ្វើការវាយប្រហារទៅលើក្រុមរដ្ឋអ៊ីស្លាមក្នុងថ្ងៃទីបីបន្តបន្ទាប់គ្នានៅពេលដែលការអះអាងរបស់ក្រុមជនសកម្មប្រយុទ្ធថាការវាយប្រហារតាមអាកាសមួយនេះបានធ្វើឱ្យស្លាប់ចំណាប់ខ្មាំងអាមេរិកាំងម្នាក់ ហើយការអះអាងនេះនៅតែមិនទាន់បានត្រូវបញ្ជាក់ថាពិតនៅទ្បើយទេ។
ប្រទេសហ្ស៊កដានីបានបើកធ្វើការវាយប្រហារឆ្មក់ទាំងនេះដើម្បីសងសឹកដល់ការសម្លាប់អ្នកបើកយន្តហោះហ្ស៊កដានីម្នាក់ដែលក្រុមរដ្ឋអ៊ីស្លាមចាប់បាននៅក្នុងប្រទេសស៊ីរីកាលពីខែឆ្នូ។
កាលពីថ្ងៃសៅរ៍ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) បានបញ្ជូនយន្តហោះប្រយុទ្ធធុន F-16 មួយកងទៅកាន់ប្រទេសហ្ស៊កដានីដើម្បីជួយធ្វើការវាយប្រហារតាមអាកាស។ ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM បានផ្សាយសេចក្តីប្រកាសនេះ។
ប្រទេសហ្ស៊កដានីនិងប្រទេសអេមីរ៉ាតអារ៉ាប់រួមជាសមាជិកនៃក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលវាយប្រហារលើក្រុមជនសកម្មប្រយុទ្ធនៅក្នុងដែនដីដែលពួកគេវាយយកបាននៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។ ការវាយប្រហារតាមអាកាសដោយក្រុមចម្រុះក៏នៅតែបន្តធ្វើតទៅទៀតកាលពីថ្ងៃសៅរ៍នៅពេលដែលគេមិនទាន់ដឹងអំពីជោគវាសនារបស់អ្នកធ្វើការអាមេរិកាំងម្នាក់ផ្នែកផ្តល់ជំនួយដែលជាប់ឃុំឃាំងដោយក្រុមរដ្ឋអ៊ីស្លាម។
គ្រួសាររបស់អ្នកស្រី Kayla Mueller បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រនិយាយថាពួកគេនៅមានសេចក្តីសង្ឃឹមថាអ្នកស្រីនៅរស់។
ការឆ្លើយតបរបស់ពួកគេនេះធ្វើទ្បើងក្រោយពីសេតវិមានបាននិយាយថាខ្លួនគ្មានភ័ស្តុតាងថាការអះអាងរបស់ក្រុមជនសកម្មប្រយុទ្ធដែលថាអ្នកស្រីស្លាប់ជាការពិតទេ៕