ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ៊្សកដានី​ប្រហារជីវិត​អ្នក​ទោស​ពីរ​នាក់​ឆ្លើយ​តប​​នឹង​ការ​សម្លាប់​អ្នក​បើក​បរ​​យន្ត​ហោះ


កង​កម្លាំង​សន្តិសុខ​ហ៊្សកដានី​ចាកចេញ​ពី​ពន្ធនាគារ Swaqa បន្ទាប់​ពី​ការប្រហារ​ជីវិត​ Sajida al-Rishawi និង Ziad al-Karbouly, ជា​ជនជាតិ​អ៊ីរ៉ាក់​២​រូប​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម al-Qaida ដែល​មាន​ចម្ងាយ​៨០​គីឡូម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជធានី​ Amman កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​
កង​កម្លាំង​សន្តិសុខ​ហ៊្សកដានី​ចាកចេញ​ពី​ពន្ធនាគារ Swaqa បន្ទាប់​ពី​ការប្រហារ​ជីវិត​ Sajida al-Rishawi និង Ziad al-Karbouly, ជា​ជនជាតិ​អ៊ីរ៉ាក់​២​រូប​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម al-Qaida ដែល​មាន​ចម្ងាយ​៨០​គីឡូម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជធានី​ Amman កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​

ប្រទេស​ហ៊្សកដានី​បាន​ប្រហារ​ជីវិត​សកម្មជន​ប្រយុទ្ធ​២​នាក់​នៅ​ពេល​ថ្ងៃ​ទើប​នឹង​រះនៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការសម្លាប់​ដ៏​ព្រៃផ្សៃ​នៃអ្នក​បើកបរ​យន្តហោះ​ជនជាតិ​ហ៊្សកដានី​ម្នាក់​ដោយ​ក្រុមរដ្ឋ​អ៊ីស្លាម ដែល​ត្រូវ​បាន​ចាប់​ខ្លួនបន្ទាប់​ពី​យន្តហោះ​របស់​លោក​បាន​ធ្លាក់​ក្នុង​អំឡុង​ពេលបំពេញ​បេសកម្ម​ដែល​វាយ​ប្រហារ​សកម្មជន​ប្រយុទ្ធនៅ​ក្នុង​ប្រទេសស៊ីរី។

​ក្រុមអាជ្ញាធរ​បាន​ព្យួរ​ក Sajida al-Rishawi ​ស្រ្តី​ជនជាតិ​អ៊ីរ៉ាក់​ម្នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការបំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ឆ្នាំ​២០០៥នៅ​ក្នុង​រាជ​ធានី Amman ​ហើយ​និង Ziad al-Karbouly ​ជា​ជន​ជាតិ​អ៊ីរ៉ាក់​ម្នាក់​ទៀតដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម al-Qaida។

​ក្រុមរដ្ឋ​អ៊ីស្លាម​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង al-Rashawi ​ដែល​ជា​ផ្នែក​មួយ​នៃ​ការដោះដូរ​អ្នក​ទោស ក៏​ប៉ុន្តែ​ប្រទេស​ហ៊្សកដានី​បាន​បដិសេធពុំ​ព្រម​បន្ត​ការដោះលែង​ទៅ​មុខ​ បើ​សិនគ្មាន​ភស្តុតាង​បង្ហាញ​ថា ​លោក Muath al-Kaseasbeh អ្នក​បើក​បរ​យន្តហោះ​នោះនៅរស់​រាន​មាន​ជីវិត។

រូបភាព​វីដេអូ​ដែល​លេច​ចេញតាម​ប្រព័ន្ធ​អ៊ីនធើណិត​កាល​ពី​ថ្ងៃ​អង្គារ​ បាន​បង្ហាញ​ពី​អ្នក​បើក​បរយន្តហោះ​នោះ​នៅ​ក្នុង​ទ្រុង​មួយ បន្ទាប់​មក​សកម្មជន​ប្រយុទ្ធ​ម្នាក់​ បាន​ចាក់​សាំងដុត​ពី​ចម្ងាយ​ តាម​លំហូរ​នៃ​ស៊ាំង​រហូត​ដល់​ទ្រុង​នោះ​ ហើយ​បាន​ឆេះ​គាត់​រហូត​ដល់​ស្លាប់។

​លោក Brian P. Hale ​នាយក​ទំនាក់​ទំនង​សាធារណៈ​សម្រាប់​ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក​និយាយ​ថា​ សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​គ្មាន​ហេតុផល​ងឿង​ឆ្ងល់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​វីដេអូ​នោះ​ទេ។

​ប្រទេស​ហ៊្សកដានី​និយាយ​ថា​ អ្នក​បើកបរ​យន្តហោះ​នោះ​ទំនង​ជា​ត្រូវបាន​សម្លាប់​កាល​ពីមួយ​ខែ​មុន។​ លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី ​បន្ទាប់​ពី​យន្តហោះ​របស់​លោក​បាន​ធ្លាក់​ ខណៈ​ពេល​ដែល​ហោះ​ហើរ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាសរបស់​ក្រុម​ចម្រុះ​ដែលដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម។

​ព្រះ​មហាក្សត្រ Abdullah ដែល​មាន​ព្រះ​ភ័ក្រ្ត​ក្រៀម​ក្រំ​បាន​ប្រាប់​ប្រជារាស្រ្ត​ហ៊្សកដានី​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃ​អង្គារ​ថា ​នេះ​ជា​អំពើ​ព្រៃ​ផ្សៃ​ដ៏​កំសាកដោយ​ក្រុម​ឧក្រិដ្ឋ​ជន​មិន​ជាប់​ទាក់​ទង​នឹង​សាសនា​អ៊ីស្លាម​ទេ។ ​អ្នក​បើក​បរ​យន្តហោះ​ដ៏​អង់​អាច​ក្លាហាន​បាន​លះ​បង់​ជី​វិត​របស់​លោក ​ដើម្បី​ការពារ​ជំនឿ ​ប្រទេសនិង​ជាតិ​របស់​លោក ​ហើយ​បាន​ចូលរួម​ជាមួយ​ទុក្ករបុគ្គល​ហ៊្សក​ដានី​ផ្សេង​ទៀត។

​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​ដែល​បាន​ជួប​រយៈ​ពេល​ខ្លី​ជាមួយ​ព្រះ​មហាក្សត្រ Abdullah ​បាន​មាន​ប្រសាសន៍​ថា ​វីដេអូ​នេះ​ជា​ការចង្អុល​បង្ហាញ​មួយ​ទៀតពី​ភាព​កំណាច​និង​ព្រៃផ្សៃ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម៕

XS
SM
MD
LG