កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ប្រទេសប៉ាគីស្ថានបានប្រកាសថា ខ្លួននឹងទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ចំនួន៥សែនដូស មិនហួសពីថ្ងៃទី៣១ ខែមករាទេ។
លោករដ្ឋមន្ត្រីការបរទេស Shah Mehmood Qureshi បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទកាសែតមួយ ដោយលោកបាននិយាយថា សមភាគីចិនរបស់លោកគឺលោក Wang Yi បានប្រាប់ «ដំណឹងល្អ» នេះនៅក្នុងការនិយាយតាមទូរស័ព្ទរវាងមន្ត្រីទាំងពីរនាក់នេះ។
លោក Qureshi បាននិយាយថា៖ «លោក Wang Yi បាននិយាយប្រាប់ខ្ញុំថា បញ្ជូនយន្តហោះលោកមកហើយដឹកថ្នាំនេះទៅ ដូច្នេះនេះជាព័ត៌មានល្អមួយសម្រាប់យើង។ ហើយតាមបំណងព្រះអាទិទេព យើងនឹងមានជោគជ័យក្នុងការជួយសង្គ្រោះជីវិតមនុស្សច្រើននាក់»។
លោកបានគូសបញ្ជាក់ថាវ៉ាក់សាំងចិននេះជាអំណោយដល់រដ្ឋាភិបាលក្រុង អ៊ីស្លាម៉ាបាដ ជា«កាយវិការសុឆន្ទៈ» ពីរដ្ឋាភិបាលក្រុងប៉េកាំង «ដោយផ្អែកលើទំនាក់ទំនងគ្រប់ពេលវេលា» រវាងប្រទេសទាំងពីរ។
កាលពីថ្ងៃទី១៨ ខែមករា និយ័តករឱសថប៉ាគីស្ថានបានយល់ព្រមឱ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm សម្រាប់គ្រាមានអាសន្ន។ ប្រទេសចិនក៏បានយល់ព្រមឱ្យប្រើវ៉ាក់សាំងនេះដែរកាលពីដើមខែមករាដែលកំពុងមានចាក់ក្នុងប្រទេសមួយចំនួនមានរួមបញ្ចូលប្រទេស Bahrain និងប្រទេសអេមីរេត អារ៉ាប់រួម (United Arab Emirates) ផងដែរ។
កាលពីពាក់កណ្តាលខែមករានិយ័តករឱសថប៉ាគីស្ថាន ក៏បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford។
លោក Qureshi បាននិយាយថាលោក Wang ក៏បានសន្យាដែរថានឹងផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ១,១លានដូសទៀត សម្រាប់ប្រទេសប៉ាគីស្ថាន មិនឱ្យហួសពីចុងខែកុម្ភៈ ដើម្បីបំពេញសេចក្តីត្រូវការបន្ថែមគ្រាមានអាសន្នរបស់ប៉ាគីស្ថាន។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានកត់សម្គាល់ថា ភាពជំនាញខាងបច្ចេកទេសនិងខាងវេជ្ជសាស្ត្ររបស់ប្រទេសចិនបានបំពេញ« មុខនាទីសកម្ម»មួយ«ក្នុងការប្រយុទ្ធរបស់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ ប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ប្រទេសប៉ាគីស្ថានក៏កំពុងស្ថិតក្នុងដំណាក់ការទី៣ នៃការសាកល្បងវ៉ាក់សាំងចិនប្រឆាំងនឹងវីរុសកូរ៉ូណាមួយទៀតរបស់ក្រុមហ៊ុន Cansino Biologics។
លោកវេជ្ជបណ្ឌិត Faisal Sultan ឧបការីពិសេសខាងសុខភាពរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២០ ខែមករាថា ការសាកល្បងនេះជិតចប់ហើយហើយថាមនុស្ស ១៧.៥០០នាក់ បានចូលរួមក្នុងការសាកល្បងនេះ។
លោក Sultan បានកត់សម្គាល់ថា «ការវិភាគបណ្តោះអាសន្ន» នៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Cansino កំពុងមានធ្វើហើយលទ្ធផលដំបូងៗនឹងមាន នៅដើមខែកុម្ភៈ។
លោក Sultan បានថ្លែងថា៖«ប្រសិនបើការវិភាគវិជ្ជមានហើយវ៉ាក់សាំងនេះបង្ហាញថា មានប្រសិទ្ធភាពយើងនឹងទទួល ២០លានដូស»។
ប្រទេសប៉ាគីស្ថានដែលមានប្រជារាស្ត្រប្រមាណ ២២០លាននាក់ មានករណីជំងឺកូវីដ១៩ យ៉ាងតិចណាស់ ៥២៧.០០០ ដោយមានមនុស្សស្លាប់ជាង ១១.០០០នាក់ ចាប់តាំងពីមានជំងឺនេះ កាលពីចុងខែកុម្ភៈឆ្នាំទៅមិញ។
លោក Sultan បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដល់មនុស្សពេញវ័យយ៉ាងតិចណាស់ ៧០% ដើម្បីធ្វើឱ្យមានភាពស៊ាំក្នុងចំណោមពលរដ្ឋ។
លោកបានពន្យល់ថា កម្មវិធីពង្រីកការចាក់ថ្នាំហៅកាត់ថា EPI ដែលមានស្រេចហើយនោះនឹងត្រូវពង្រឹងដើម្បីចែកចាយនិងចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា។
រដ្ឋាភិបាលប៉ាគីស្ថានបាននិយាយថា ខ្លួននឹងចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដល់សាធារណជនដោយមិនគិតថ្លៃទេ។ ទោះយ៉ាងណាក៏ដោយ ក៏វ៉ាក់សាំងដំបូងៗនឹងត្រូវចាក់ឱ្យពួកអ្នកធ្វើការខាងសុខាភិបាលជួរមុខក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១នេះ។
កម្មវិធី EPI ចាត់ចែងការចាក់វ៉ាក់សាំងមួយចំនួនដោយមានរួមបញ្ចូលវ៉ាក់សាំងប្រឆាំងនឹងជំងឺស្វិតដៃជើង (polio) ផងដែរ។ ប្រទេសប៉ាគីស្ថាននិងប្រទេសអាហ្វហ្គានីស្ថាននៅជិតខាង ជាប្រទេសតែពីរក្នុងពិភពលោកដែលនៅមានជំងឺ polio៕
ប្រែសម្រួលដោយលោកឈឹម សុមេធ