ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ UN៖ ការចាក់​វ៉ាក់សំាង​កូវីដ១៩ ត្រូវ​ធ្វើ​ឲ្យ​បាន​លឿន ទំាង​ក្នុង​ប្រទេស​អ្នកមាន​និង​ប្រទេស​អ្នកក្រ


រូបឯកសារ៖ លោកវេជ្ជបណ្ឌិត John Corman នៃ​មណ្ឌល​សុខភាព Virginia Mason Franciscan Health កាន់​ក្រដាស​មួយ​ដែល​មាន​សំណេរ​ថា «ត្រូវការវ៉ាក់សាំង» ដើម្បី​ផ្តល់​សញ្ញា​ដល់​បុគ្គលិក ឲ្យ​យក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ បន្ថែម​ទៀត​មក​ឲ្យ​លោក កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ លោកវេជ្ជបណ្ឌិត John Corman នៃ​មណ្ឌល​សុខភាព Virginia Mason Franciscan Health កាន់​ក្រដាស​មួយ​ដែល​មាន​សំណេរ​ថា «ត្រូវការវ៉ាក់សាំង» ដើម្បី​ផ្តល់​សញ្ញា​ដល់​បុគ្គលិក ឲ្យ​យក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ បន្ថែម​ទៀត​មក​ឲ្យ​លោក កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

អគ្គលេខាធិការ​អ.ស.ប លោក Antonio Guterres បាន​អំពាវនាវ​កាលពី​ថ្ងៃចន្ទ ឲ្យ​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ទ្រង់ទ្រាយ​ធំ និងឲ្យ​បាន​ឆាប់រហ័ស ទំាងនៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​ជំរុញឲ្យ​ប្រទេស​អ្នកមាន យក​វ៉ាក់សាំងលើសពី​ចំនួន​ដែល​ត្រូវការ​ទៅឲ្យ​ប្រទេស​ក្រីក្រ​ខ្វះខាត។

លោក​ Guterres បាន​ព្រមាននៅ​ក្នុង​ការ​ធ្វើ​បទបង្ហាញ​តាម​អ៊ីនធឺណិត​មួយ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ថា៖​ «បើ​សិន​ជា​យើង​ជឿ​ថា វា​អាច​ទៅ​រួច​ដែលចាក់​វ៉ាក់សាំង​បង្ការ​នៅប្រទេស​អភិវឌ្ឍន៍ និង​បំភ្លេចប្រទេស​កំពុង​អភិវឌ្ឍចោល ប្រសិន​បើ​អ្នកទុក​ឲ្យ​ជំងឺ​កូវីដ១៩​ឆ្លង​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃនៅបណ្តា​ប្រទេស​ក្រីក្រ នោះ​ជំងឺ​នេះ​នឹងបន្ត​បម្លែង​ខ្លួន [កាន់​តែ​សាហាវ​ទៅ]»។

អ្នក​ដឹកនាំអង្គការ​សហប្រជាជាតិ​រូប​នេះព្រមាន​ថា បើ​សិន​ជា​ជំងឺ​នេះ​ កាន់​តែ​សាហាវ​ទៅ វា​អាចស៊ាំ​នឹង​វ៉ាក់សំាង​ដែល​ទើប​តែ​បង្កើត​ថ្មី។

លោក Guterres ​បាន​និយាយបន្ត​ថា៖ «គ្រោះ​ថ្នាក់ ​គឺ​នៅ​ត្រង់​នោះ​ឯង។ មើល​តែ​ជំងឺ​គ្រុន​ផ្ដាសាយ ​ទៅ​ដឹង​ហើយ? ជា​រៀង​រាល់​ឆ្នាំ យើង​ត្រូវ​តែ​មាន​វ៉ាក់​សាំង​ថ្មី​មួយ​សម្រាប់​ជំងឺ​គ្រុន​ផ្ដាសាយ (flu) ដោយ​សារ​តែ​ក្នុង​អំឡុង​ពេល​នោះ វីរុស​បាន​ផ្លាស់ប្ដូរ។ តែ​យើង​ចង់​ឲ្យ​ជំងឺ​កូវីដ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដូចគ្នា​នេះ​ដែរ​ឬ​ទេ?»​

លោក​ Guterres បាន​និយាយ​ថា គេ​ចាំ​បាច់ត្រូវ​តែ​បង្កើន​ការ​ផលិត​វ៉ាក់សំាង។

​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្លែង​សារ​ដូច្នេះ ស្រប​ពេល​ដែល​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក​កើន​ឡើងដល់​ជាង ២លាន​នាក់ និង​ការ​ឆ្លង​ចំនួន ១០០ លាន​ករណី នេះ​ បើ​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins។ យុទ្ធនាការ​ចាក់​វ៉ាក់សំាង​មាន​ភាព​យឺតយាវ និង​រដាក់រដុប នៅ​ក្នុង​ប្រទេស​អ្នក​មាន​មួយ​ចំនួន ស្រប​ពេល​ដែល​ប្រទេស​ក្រីក្រ​មួយ​ចំនួនមិន​ទាន់​មាន​ការ​ចាក់​វ៉ាក់សំាង​នៅ​ឡើយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG