លោក Doug Jones ដែលជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោតមិនទាន់ស្បថចូលកាន់តំណែង បាននិយាយថា៖ «យុទ្ធនាការឃោសនាបោះឆ្នោតនេះគឺផ្ដោតលើសេចក្ដីគួរសម និងសុភាវធម៌ជារួម និងផ្ដោតលើការធ្វើយ៉ាងណាឲ្យច្បាស់ថា ពលរដ្ឋគ្រប់រូបនៅក្នុងរដ្ឋ Alabama មិនថារស់នៅតំបន់ណានោះទេ គឺទទួលបានឱកាសស្មើៗគ្នានៅក្នុងជីវិត»។
លោក Roy Moore មិនអាចយកឈ្នះលើការចោទប្រកាន់អំពីការបៀតបៀនផ្លូវភេទដែលបានកើតឡើងកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនោះទេ។ ការចោទប្រកាន់ការបៀតបៀនផ្លូវភេទនេះពាក់ព័ន្ធនឹងស្ត្រីជាច្រើនដែលនៅពេលនោះនៅជាក្មេងជំទង់នៅឡើយ រីឯលោកវិញ នៅពេលនោះ មានវ័យជាង ៣០ ឆ្នាំ។
ប៉ុន្តែ លោក Roy Moore មិនព្រមចុះចាញ់ការប្រកួតនេះទេ ដោយលោកនៅតែចូលរួមប្រកួតនៅក្នុងការបោះឆ្នោតនេះដដែល ទោះបីជាមានរឿងអាស្រូវនេះកើតឡើងក៏ដោយ។
លោក Roy Moore បាននិយាយថា៖ «យើងត្រូវបានគេលាបពណ៌នៅក្នុងទម្រង់មិនស្មោះត្រង់មួយ។គេទម្លាក់យើងទៅក្នុងរណ្ដៅមួយ ប្រសិនបើគេចង់ធ្វើ។ ចំណុចនេះបានធ្វើឲ្យខ្ញុំនឹកឃើញដល់ឃ្លាមួយនៅក្នុងចម្រៀងថ្វាយព្រះនៃព្រះគម្ពីរគ្រិស្តសាសនា ដែលសរសេរថា «ខ្ញុំរង់ចាំព្រះជាម្ចាស់យ៉ាងអត់ធ្មត់»។ នេះជាអ្វីដែលយើងត្រូវធ្វើ»។
លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធ ទី ១៣ ខែធ្នូ កន្លងទៅនេះ នៅឯសេតវិមានថា លោកធ្លាប់បានសង្ឃឹមថានឹងទទួលបានលទ្ធផលផ្ទុយពីនេះ។
លោក Trump និយាយយ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់បានសង្ឃឹមថា យើងនឹងទទួលបានអាសនៈព្រឹទ្ធសភានេះ។ សមាជិកគណបក្សសាធារណរដ្ឋភាគច្រើនមានអារម្មណ៍ផ្សេងពីនេះ។ ពួកគេសប្បាយចិត្តណាស់ដែលលទ្ធផលទៅជាដូច្នេះ។ ប៉ុន្តែ ក្នុងនាមជាប្រធានគណបក្ស ខ្ញុំចង់បានអាសនៈនេះ។ ខ្ញុំចង់គាំទ្រដល់អ្នកដែលឈរឈ្មោះប្រកួតនៅក្នុងការបោះឆ្នោតនេះ»។
ជ័យជម្នះរបស់លោក Doug Jones នៅក្នុងការបោះឆ្នោតនេះ គឺមួយផ្នែកបណ្ដាលមកពីអ្នកគាំទ្រខាងគណបក្សប្រជាធិបតេយ្យភាគច្រើនបានចេញមកបោះឆ្នោត ជាពិសេសគឺពលរដ្ឋអាមេរិកាំងស្បែកខ្មៅ។ លោក Roy Moore ទទួលរងការឈឺចាប់ដោយសារអ្នកគាំទ្រខាងគណបក្សសាធារណរដ្ឋមិនសូវចេញមកបោះឆ្នោត និងដោយសារយុទ្ធនាការអំពាវនាវឲ្យមានការបោះឆ្នោតដោយសរសេរឈ្មោះបេក្ខជនផ្សេងនៅលើសន្លឹកឆ្នោត ដែលចំណុចនេះបានកាត់បន្ថយសំឡេងគាំទ្រគណបក្សសាធារណរដ្ឋ។
សមាជិកគណបក្សប្រជាធិបតេយ្យនានា ដែលក្នុងនោះមានទាំងមេដឹកនាំគណបក្សប្រជាធិបតេយ្យប្រចាំព្រឹទ្ធសភាលោក Chuck Schumer ផងដែរ មានការសប្បាយរីករាយ ដោយសារតែបានឈ្នះអាសនៈព្រឹទ្ធសភានៅក្នុងរដ្ឋ Alabama ដែលជារដ្ឋមួយដែលប្រជាពលរដ្ឋភាគច្រើនលើសលុបគាំទ្រគណបក្សសាធារណរដ្ឋ។
លោក Chuck Schumer បាននិយាយថា៖ «មានកត្តាជាច្រើនដែលធ្វើឲ្យគណបក្សប្រជាធិបតេយ្យឈ្នះអាសនៈព្រឹទ្ធសភានៅក្នុងរដ្ឋ Alabama នេះ ដូចជាមូលដ្ឋានខាងក្រោមត្រូវបានពង្រឹងឡើង មនុស្សពេលវ័យក្នុងសតវត្សទី ២១ នេះ ភាគច្រើនជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ និងអ្នករស់នៅតាមតំបន់ជាយក្រុងបានងាកមកគាំទ្រគណបក្សប្រជាធិបតេយ្យវិញជាដើម។ ចំណុចទាំងអស់នេះមានន័យថា រឿងរ៉ាវកំពុងដំណើរការល្អសម្រាប់គណបក្សប្រជាធិបតេយ្យរបស់យើង»។
ជ័យជម្នះរបស់លោក Doug Jones គឺប្រាកដណាស់បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងវិស័យនយោបាយ ស្របពេលដែលគណបក្សទាំងពីរបានសម្លឹងឆ្ពោះទៅកាន់ការបោះឆ្នោតសភានាឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក Larry Sabato ដែលជាអ្នកវិភាគមួយរូបមកពីសាកលវិទ្យាល័យ Virginia។
លោក Larry Sabato បាននិយាយថា៖ «ប្រសិនបើខ្ញុំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា អភិបាលរដ្ឋ ឬក៏អង្គនីតិបញ្ញត្តិប្រចាំរដ្ឋ ខ្ញុំនឹងប្រាកដជាបារម្ភយ៉ាងខ្លាំង ដោយសារតែអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យកាន់តែមានច្រើនឡើង»។
ស្របពេលនេះដែរ អត្រាគាំទ្រលោក Donald Trump នៅក្នុងការស្ទង់មតិកន្លងមក នៅតែមានកម្រិតទាបដដែល។
ការបាត់បង់អាសនៈមួយនៅក្នុងព្រឹទ្ធសភា អាចធ្វើឲ្យគណបក្សសាធារណរដ្ឋមានការលំបាកជាងមុននៅក្នុងការគ្រប់គ្រង។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញលោកស្រី Molly Reynolds នៃវិទ្យាស្ថាន Brookings ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោកស្រី Molly Reynolds បាននិយាយថា៖ «នៅពេលលោក Doug Jones ចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភា យើងឃើញថា គណបក្សសាធារណរដ្ឋនឹងមានអាសនៈតែចំនួន ៥១ ប៉ុណ្ណោះ ជាជាងអាសនៈចំនួន ៥២ ដែលជាសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។ ហើយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានឃើញម្ដងហើយម្ដងទៀតថា ទោះបីជាមានអាសនៈចំនួន ៥២ ក៏ដោយ ក៏គណបក្សសាធារណរដ្ឋនៅតែពិបាកគ្រប់គ្រងលើព្រឹទ្ធសភា។ ជាងនេះទៅទៀត បញ្ហាប្រឈមទាំងនោះនឹងមិនងាយស្រួលជាងមុននោះទេ នៅពេលដែលគណបក្សនេះបាត់បង់អាសនៈមួយបន្ថែមទៀតនោះ»។
មេដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បាននិយាយកាលពីថ្ងៃពុធទី ១៣ ខែធ្នូ កន្លងទៅនេះថា ពួកគេបានឯកភាពចំពោះទម្រង់ច្បាប់ចុងក្រោយមួយនៃច្បាប់កែទម្រង់ពន្ធដារ ដែលនេះជាការសន្យាដ៏សំខាន់មួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump កាលពីឆ្នាំមុន។
គណបក្សសាធារណរដ្ឋសង្ឃឹមថានឹងបញ្ចប់កិច្ចការពាក់ព័ន្ធនឹងគម្រោងកាត់បន្ថយពន្ធដារ មុនពេលលោក Doug Jones ស្បថចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភានៅខែក្រោយ៕
ប្រែសម្រួលដោយ ភី សុភាដា