បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតមិនស្រុះស្រួលគ្នាមួយមក លោក Doug Jones ខាងគណបក្សប្រជាធិបតេយ្យបានមានប្រសាសន៍ថាលោកសង្ឃឹមថាលោក Roy Moore ខាងគណបក្សសាធារណរដ្ឋនឹង «ធ្វើត្រូវ» ដោយទទួលស្គាល់បរាជ័យរបស់លោកនៅក្នុងការបោះឆ្នោតពិសេសសម្រាប់អាសនៈមួយក្នុងព្រឹទ្ធសភាស.រ.អា.នៅក្នុងរដ្ឋ Alabama នាផ្នែកខាងត្បូងនៃប្រទេសអាមេរិក។
លោក Jones បានឈ្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារដោយលោកបានទទួលសន្លឹកឆ្នោតគាំទ្រ ៤៩,៩ភាគរយទល់នឹង៤៨,៤ភាគរយហើយកាលពីថ្ងៃពុធលោកបានសន្យាអំពីការធ្វើឱ្យមានឯកភាពដោយលោកបានមានប្រសាសន៍ថា «នេះជាពេលវេលាមួយសម្រាប់សម្រុះសម្រួលគ្នា» និងជា «ពេលវេលាមួយសម្រាប់ឈោងដៃរកគ្នា»។
លោក Moore បានចេញផ្សាយវីដេអូមួយចែងថាការរាប់សន្លឹកឆ្នោតនៃក្រុមយោធានិងសន្លឹកឆ្នោតបណ្តោះអាសន្នមិនទាន់ចប់សព្វគ្រប់នៅឡើយទេហើយថាក្រុមអ្នកឃោសនាបោះឆ្នោតឱ្យលោកកំពុងរង់ចាំរដ្ឋមន្ត្រីការបរទេសនៃរដ្ឋ Alabama បញ្ជាក់ថាលទ្ធផលនៃការបោះឆ្នោតនេះជាការទុកចិត្តបាន។គេរំពឹងថាដំណើរការនេះនឹងចប់ក្នុងរយៈពេលប្រមាណពីរសប្តាហ៍ទៀត។
លោក Terry Latham ប្រធានគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Alabama បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកមិនគាំទ្រការរាប់សន្លឹកឆ្នោតជាថ្មីទេ៕