ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​⁠ និង​វីរបុរស​សង្រ្គាមអាមេរិកាំង លោកJohn McCainទទួល​មរណភាព


សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក John McCain (AP Photo/Matt Rourke)
សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក John McCain (AP Photo/Matt Rourke)

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក John McCain បាន​ស្លាប់​ក្នុង​អាយុ​៨១​ឆ្នាំ​ បន្ទាប់​ពី​​ព្យាយាម​ជម្នះ​ជំងឺ​មហារីក​ខួរក្បាល ដែល​បាន​ឆក់​យក​ជីវិតវីរបុរស​ស្នេហា​ជាតិ​អាមេរិកាំង​ដ៏​គួរ​ឲ្យ​គោរព​​⁠ និង​ប្រកប​ដោយការ​ពលី​រូប​នេះ។

លោក⁠ John⁠ Sidney McCain ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ទោសរួចជីវិត ពីសង្រ្គាម​វៀតណាម​ខាងជើង ​ហើយ​ជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​សាធារណ​រដ្ឋ​កាល​ពី​ឆ្នាំ​២០០៨។

នៅ​មជ្ឈមណ្ឌល​ National Constitution ​កាល​ពី​ខែ​តុលា​ ជាច្រើន​ខែ ​បន្ទាប់​ពីលោក​បាន​ទទួល​ការ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​កើត​ជំងឺ​មហារីក⁠ ​លោក​ McCain បាន​ថ្លែងថា៖ «យើង​ត្រូវ​បាន​ប្រទានពរ។ យើង​កំពុង​រស់​នៅ​លើ​ទឹក​ដី​សេរី​ភាព ទឹក​ដី​ដែល​អ្វី​ៗ​ក៏​ដោយ​អាច​កើត​ឡើង។ យើង​ក៏ជា​ពរ​សម្រាប់​មនុស្ស​ជាតិវិញ​ដែរ»។​

ក្នុង​ការ​ថ្លែង​ដដែល​នេះ​ដែរ លោកMcCain ​ក៏​បាន​ព្រមាន​ពី​គ្រោះ​ដែល​នឹង​កើត​មាន​ក្នុង​យុគសម័យ​របស់​លោក​ប្រធានាធិបតី​ Donald Trump។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា៖

«ការ​បដិសេធ​កាតព្វកិច្ច​នៃ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​លើ​ឆាក​អន្តរជាតិ និង​កាតព្វកិច្ច​របស់​យើង​ ដើម្បី​រក្សា​ការ​ដើរ​តួ​ជា​ក្តីសង្ឃឹម​ដ៏​ប្រសើរ​បំផុត​ចុង​ក្រោយ​បង្អស់​មួយ​ជា​ថ្នូរ​នឹង​ភាព​ជាតិ​និយម​បំផុស​ឡើង​ដោយ​ក្រុម​មនុស្ស​ ដែល​ស្វែងរក​អ្នក​សម្រាប់​ទម្លាក់​កំហុស​ដាក់ ជាជាង​ការ​ដោះស្រាយ​បញ្ហា⁠ គឺ​ស្មើ​នឹង​កង្វះខាត​ភាព​ជាតិនិយម​⁠ ដែល​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ផ្សារភ្ជាប់​នៅ​អតីតកាល»។

លោក Allan Lichtman ប្រវត្តិវិទូ​ផ្នែក​នយោបាយ​នៃ​សាកល​វិទ្យាល័យ​⁠ American University ​បាន​និយាយ​ថា៖ «លោក John McCain តំណាង​ឲ្យការ​បម្រើ​ជូន​សាធារណជន។ លោក​ជា​វីរបុរស​អាមេរិកាំង​ពិត​ប្រាកដ​ម្នាក់ ហើយ​មិនមែន​គ្រាន់​តែ​ជា​វីរបុរស​ក្លែងក្លាយ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​នោះទេ»។

ជា​កូនប្រុស​របស់ឧត្តមនាវីសហរដ្ឋអាមេរិកម្នាក់ លោក McCain បាន​ក្លាយ​ជា​អាកាសយានិកជើង​ទឹក​ហើយ​បាន​ធ្វើ​បេសកកម្ម​ទម្លាក់​គ្រាប់​បែក​ជាច្រើន​អំឡុង​សង្រ្គាម​វៀតណាម។​ បន្ទាប់​យន្តហោះ​របស់លោក​ត្រូវ​បាន​បាញ់ទម្លាក់ ​ហើយ​លោកត្រូវ​បាន​ទាហាន​វៀតណាម​ខាងជើង​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៦៧ លោក​ស៊ូទ្រាំ​នឹង​ការ​ធ្វើ​ទារុណកម្មអស់​រយៈពេល​ជាង​៥ឆ្នាំ ក្នុង​នាម​ជា​អ្នក​ទោស​សង្រ្គាម។

អស់​រយៈពេលជាច្រើន​ទសវត្សរ៍​ក្រោយ​មក លោក​ McCain បាន​ត្រឡប់​ទៅ​វៀតណាម​ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​និង​ បាន​ផ្សះផ្សា​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ហាណូយ ដោយ​លោក​បាន​ប្រាប់ VOA ថា អតីត​កាល​ត្រូវបាន​បំភ្លេច​ចោល​ហើយ។

«មាន​បុគ្គល​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​មកលើ​ខ្ញុំ​នៅ​ក្នុង​គុក ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ខ្ញុំ​នឹង​មិន​ឃើញ​ទង្វើ​អាក្រក់​ទាំង​នោះ​ទៀត​ទេ។ ប៉ុន្តែ​វា​មិន​អាច​ផ្លាស់​ប្តូរ​គំនិត​ខ្ញុំ​បាន​ទេ​ ដែល​ថា​ ប្រជាជន​វៀត​ណាម​គឺ​ជា​មនុស្ស​អស្ចារ្យ​ និង​ជា​មិត្ត​ដ៏​ល្អ​។ ​ពួកយើង​ត្រូវ​ការ​ពួកគេ⁠ ហើយ​ពួកគេ​ត្រូវ​ការ​ពួកយើង»។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​កាលពីថ្ងៃ​ទី១១ ​ខែ កញ្ញា⁠ ឆ្នាំ២០០១ លោក​ McCain បាន​រិះគន់​យុទ្ធសាស្រ្ត​ប្រើ​ទារុណកម្មទៅ​លើជនសង្ស័យ​ភេរវកម្ម ​ស្រប​ពេល​គាំទ្រ​សង្រ្គាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់។

លោក Lichtman ប្រវត្តិវិទូ​ផ្នែក​នយោបាយ​បាន​និយាយ​ថា៖

​«ចំណុច​ខ្សោយ​របស់​លោក​ John McCain ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​គឺ​លោក​ប្រហែ​ល​ជា​មាន​ឆន្ទៈខ្លាំងពេក​ក្នុង​ការ​ប្រើប្រាស់​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា។ អ្នក​រិះគន់​លោក​មួយ​ចំនួន​ថែម​ទាំង​បាន​ហៅ​គាត់​ថា ជា​មនុស្ស​ចូលចិត្ត​សង្រ្គាម។⁠ ប៉ុន្តែ​ [ការ​យក​យោធា​ទៅ​ធ្វើ​អន្តរាគមន៍] ជា​អ្វី​ដែល​លោក McCain មាន​ការ​ជឿជាក់​យ៉ាងខ្លាំង មិនមែន​ត្រឹមតែ​សម្រាប់ហេតុផល​នយោបាយ​ប៉ុណ្ណោះ​ទេ»។

នៅ​វិមាន​រដ្ឋសភា Capitol Hill លោក McCain ត្រូវ​បាន​គេស្គាល់​ថា​ជា មនុស្ស​ឆាប់​ខឹង​និង​មាន​សម្តី​មុតស្រួច។

«ចេញពី​ទីនេះ​ទៅ​ ពួកអាថោកទាប» លោក McCain ​បាន​ស្តី​ឲ្យ​បាតុករ​ប្រឆាំង​នឹង​សង្រ្គាម​ ដែល​កំពុង​រំខាន​ដល់​សវនាការ​របស់​គណកម្មាធិការ​ព្រឹទ្ធសភា។

​សមាជិក​ព្រឹទ្ធសភា​រូបនេះ​ក៏​បាន​បង្ហាញ​ពីទឹកចិត្ត​តស៊ូ​ក្នុង​ឆាក​នយោបាយ​ផងដែរ។ លោក McCain បាន​ឈរ​ឈ្មោះ​ជា ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ចំនួនពីរ​ដង​។ នៅ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ លោក​ក៏​ធ្លាប់បាន​ការពារ​គូ​ប្រជែង​ពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Barack Obama⁠ ផងដែរ។

«គាត់​គឺ​ជាជនជាតិ​អារ៉ាប់» ស្រ្តី​ម្នាក់​បាន​ស្រែក​ពី​លោក Obama នៅ​ក្នុង​យុទ្ធនាការ​របស់លោក McCain មួយ​ខែ​មុន​នឹង​ការ​បោះឆ្នោត​ចាប់​ផ្តើម។

លោក McCain បាន​យក​មេក្រូពី​នាង​ហើយ​និយាយ​ថា៖ «មិនមែន​ទេ​អ្នក​ស្រី​។ គាត់គឺ​ជា​បុរស​ម្នាក់​ដែល​ស្រឡាញ់​គ្រួសារ គ្រាន់តែ​ជា​ពលរដ្ឋម្នាក់​ ដែល​ខ្ញុំ​ត្រូវ​ប្រកែក​គ្នាជាមួយ​ប៉ុណ្ណោះ»។

លោក McCain បាន​ចាញ់​ការ​បោះ​ឆ្នោត ប៉ុន្តែ​លោក​បាន​ត្រឡប់​មក​ព្រឹទ្ធសភា ​និង​បាន​បន្ត​ធ្វើការ​គាំទ្រ​ការ​ចូល​រួម​ដ៏​សកម្ម​របស់​សហរដ្ឋអាមេរិក​នៅ​លើ​ពិភពលោក​ ក្នុង​ឋានៈ​ជា​ប្រធានគណៈកម្មាធិការសេវាកម្មយោធាព្រឹទ្ធសភា​។

លោក McCain⁠ ​មិន​បាន​ឆ្លើយតប​នឹង​លោក ​ត្រាំ ដែល​នៅពេល​នោះ⁠ បាន​ចោទ​សួរ ​អំពី​ឋានៈ​ជា​វីរបុរស​សង្រ្គាម​របស់​លោក។

លោក ត្រាំ បាន​និយាយ​តាម​ទូរទស្សន៍ជាតិ​កាលពី​ខែ កក្កដា ឆ្នាំ ២០១៥ ថា «គាត់​⁠ [McCain] ជា​វីរបុរស​សង្រ្គាម​ដោយ​សារ​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ ខ្ញុំ​ចូល​ចិត្ត​មនុស្ស​ ដែល​មិនត្រូវ​បាន​គេ​ចាប់​ខ្លួន។ យល់ទេ? ខ្ញុំ​មិន​ចង់ប្រាប់​អ្នក​នោះទេ»។

យ៉ាងណាក្តី​ លោក McCain ⁠បាន​ក្លាយ​ជា​ អ្នក​រិះគន់​ឥត​សំចៃ​ទៅ​លើ​គោលនយោបាយ និង​អភិបាលកិច្ច​របស់​លោក​ត្រាំ⁠ និង​បាន​បោះឆ្នោត​ទម្លាក់ចោល​គម្រោង​ផ្នែក​សុខាភិបាល​រៀបរៀង​ឡើង​ដោយ​លោក​ត្រាំ។⁠ កាល​ពី​ខែ ធ្នូ លោក គឺ​ជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ ដែល​មិន​ធ្វើការ​បោះឆ្នោត​ក្នុង​ការ​អនុម័ត​ចុងក្រោយនៃ​កំណែទម្រង់​ពន្ធដារ ដោយបាន​វិល​ត្រឡប់​ទៅ​រដ្ឋ Arizona វិញ ដើម្បី​សម្រាក​ព្យាបាល​ជំងឺមហារីក។

លោក​ McCain ទទួលបាន​គោរព​ទាំង​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ។

លោក Joe Biden ​អតីត​អនុប្រធានាធិបតី​បាន​និយាយ​នៅ​ក្នុងការថ្លែង​បើក​វេទិកា​នៅ​មជ្ឈមណ្ឌល National Constitution Center ថា «​កម្លាំង​ចិត្ត​និង​ភាព​ស្មោះត្រង់។ ខ្ញុំ​គិត​មិន​ឃើញពាក្យ​អ្វី​ដែល​ល្អ​ជាង​នេះ ដើម្បី​ពណ៌នា​ពីបុរស​ម្នាក់​ ដែល​យើង​កំពុង​រំឭក​នៅ​ក្នុង​យប់នេះទេ គឺ​មិត្ត​សម្លាញ់​របស់​ខ្ញុំ លោក John McCain»។

លោក Lichtman ​ប្រវតិ្តវិទូ​ផ្នែក​នយោបាយ​ បាន​និយាយ​ថា៖ «ប្រហែល​ជាក្នុង​ចំណោម​អ្នក​នយោបាយ​ក្នុង​ពេល​ថ្មីៗ​នេះ លោក John McCain ហ៊ាន​ធ្វើ​រឿង​ដែល​ល្អ​សម្រាប់​ប្រទេស ដូចជា​កំណែទម្រង់​ផ្នែក​អន្តោប្រវេសន៍ និងកំណែទម្រង់​ហិរញ្ញវត្ថុ​ផ្នែក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត»។

មនុស្ស​ជាច្រើន​នឹង​ធ្វើការកាន់ទុក្ខ ហើយ​លោក McCain នៅ​តែ​ជាក្តី​សង្ឃឹម​មួយ​រហូត​ដល់​ទីបញ្ចប់។

លោក​⁠ McCain បាន​និយាយ​ថា៖ «ខ្ញុំ​ជា​បុរស​ដែល​សំណាងជាង​គេបំផុត​លើលោកនេះ។​ ខ្ញុំ​បាន​បម្រើ​សហរដ្ឋ​អាមេរិក»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG