ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សុំ​ឱ្យ​រៀបចំ​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​និង​ឱ្យ​ពលករ​ចំណាកស្រុក​បាន​បោះឆ្នោត


លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។
លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ឯកទេស​ខាង​ការបោះឆ្នោត​នៃ​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ឡើង​វិញ​ពីការស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុងរដ្ឋសភា​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​ដើម្បីទុក​ឱកាស​ឱ្យ​បុគ្គល​ឯករាជ្យ​ឈរ​ឈ្មោះ​ដោយ​មិន​ចាំបាច់នៅ​ក្រោមគណបក្ស​នយោបាយ​ណា​មួយ។

លោក​ សំ គន្ធាមី​ អ្នក​សម្រប​សម្រួល​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និកហ្វិក​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការប្រើ​ប្រព័ន្ធ​ឯកត្តនាម​និង​សមាមាត្រ​រួម​គ្នានឹង​ជួយ​ធានា​បាន​ការចូលរួម​ខាងផ្នែក​នយោបាយ​កាន់​តែ​ច្រើន។

លោក​បន្ត​ថា៖

«សព្វថ្ងៃនេះ​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្រ្ត​គាត់​ត្រូវ​ជា​សមាជិក​គណបក្ស​ ហើយ​បើសិន​ជា​បុគ្គល​ឯករាជ្យ​គាត់​មិន​អត់​មាន​លទ្ធភាព​ឈរ​ទេ។ យើង​ចង់​ឱ្យ​មាន​ចម្រុះ​ទៅ»។

លោកគន្ធាមីក៏​បាន​បញ្ជាក់​ដែរ​ថាដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់ផ្តល់​អត្តសញ្ញាណបណ្ណ​ជាតិ​ខ្មែរ​ដល់​ប្រជា​ពលរដ្ឋគ្រប់​រូប​ដូច្នេះ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​នឹង​បង្កើត​ក្នុង​ពេល​ឆាប់ៗ​នេះ​ត្រូវ​ចេញ​បណ្ណបោះឆ្នោត​ថ្មី​សម្រាប់​អ្នក​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​ធានា​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​ត្រឹម​ត្រូវ​និង​យុត្តិធម៌។

លោក​គន្ធាមី​បាន​បន្ថែម​ថា៖

«បើសិន​ជា​យើង​រង់ចាំ​យក​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​យក​មក​ប្រើ​ អញ្ចឹង​បញ្ជី​បោះឆ្នោត​នៅ តែ​មាន​បញ្ហា​ ​បោះឆ្នោត​រាល់​អណត្តិ​នៅ​តែ​មាន​បញ្ហា​ដែរ»។​

​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅមិន​ទាន់​យល់​ស្រប​គ្នា​លើ​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ដោយ​គណបក្ស​កាន់អំណាច​ប្រកាន់​យក​ការប្រើប្រាស់​អត្ត​សញ្ញាណ​បណ្ណ​ជាតិ​ធ្វើ​ជា​ឯកសារ​គោល​សម្រាប់​អ្នក​បោះឆ្នោត​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិស្នើ​សុំ​ឱ្យ​ប្រើ​ប្រាស់បណ្ណ​បោះឆ្នោត​ថ្មី​ដែលនឹងចេញ​ដោយ​គ.ជ.ប។​

លោក​សំ គន្ធាមីក៏​បាន​បញ្ជាក់​ដែរ​ថា​ផ្អែក​តាម​ធនធាន​និង​សមត្ថភាព​ដែល​មាន​គឺកម្ពុជា​គួរ​តែ​អាច​បង្កើតការិយាល័យ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​កូរ៉េ​ខាងត្បូង​និង​ថៃ​ជាដើម​ឱ្យ​មាន​លទ្ធភាព​ងាយស្រួល​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ដោយ​មិន​បាត់​បង់​សិទ្ធិ​របស់​ពួកគេ។​

«យើង​ត្រូវ​ការ​ពួកគាត់​ឱ្យ​ចូលរួម​ក្នុង​សិទ្ធិ​នយោបាយ​ដែរ​ អញ្ចឹង​ហើយ​យើង​ទាម​ទារ​យើង​តស៊ូ​មតិ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ឬ​ក៏​គ.ជ.ប​ហ្នឹង​រៀបចំ​ថវិកា​ដើម្បី ​អនុវត្ត​ការងារ​ចុះ​ឈ្មោះ​និង​បោះឆ្នោត​សម្រាប់​អ្នកនៅ​ក្រៅ​ប្រទេស»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​ឡើង​ដែរ​ថា​ផ្អែក​តាម​ចំនួន​ពលរដ្ឋ​ដែល​មាន​ការ​កើនឡើង​ពីការ​បោះឆ្នោត​មួយ​ទៅ ការបោះឆ្នោត​មួយ​ចំនួន​អាសនៈ​ដែល​មាន​ចំនួន​១២៣​នាពេល​បច្ចុប្បន្ន​គួរ​តែ​ត្រូវ​បង្កើន​រហូត​ដល់​ចំនួន​១៣០ ​ហើយការ​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ទៀតសោត​ក៏​គណបក្ស​ត្រូវ​រៀប​ចំ​ដោយ​បង្ក​លក្ខណៈ​ឱ្យ​ស្ត្រី​អាច​នឹង​ជាប់​ឆ្នោត​តំណាងរាស្រ្ត​បាន​ច្រើន៕

XS
SM
MD
LG