នៅពេលដែលរបបប្រល័យពូជសាសន៍ខ្មែរក្រហមរបស់ ប៉ុល ពត បានដួលរលំនៅឆ្នាំ ១៩៧៩ ហើយការសម្លាប់មនុស្សយ៉ាងរង្គាលបានបញ្ចប់ ពលរដ្ឋកម្ពុជារាប់សែននាក់ដែលអត់ឃ្លាននិងគ្មានផ្ទះសម្បែង ដែលនាំគ្នាស្វែងរកទីជម្រកនិងស្បៀងអាហារបាននាំគ្នាធ្វើដំណើរឆ្លងកាត់ដីដែលពោរពេញដោយគ្រាប់មីនឆ្ពោះទៅកាន់ប្រទេសថៃ។ នៅពេលនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Jimmy Carter បានស្នើភរិយារបស់លោកគឺលោកស្រី Rosalynn Carter ឱ្យធ្វើដំណើរទៅប្រទេសថៃ ដើម្បីពិនិត្យមើលស្ថានការនៅទីនោះ។
លោកស្រីបានរៀបរាប់អំពីទស្សនកិច្ចរបស់លោកស្រីទៅកាន់ជំរំជនភៀសខ្លួនមួយក្នុងប្រទេសថៃនៅក្នុងសៀវភៅអំពីជីវប្រវត្តិរបស់លោកស្រី កាលពីឆ្នាំ១៩៨៤ ដែលមានចំណងជើងថា First Lady from Plains ។ លោកស្រីនិយាយថាគ្មានអ្វីដែល«បានជួយខ្ញុំឱ្យត្រៀមខ្លួនជាមុន ពេលមើលឃើញទុក្ខលំបាករបស់មនុស្សទេ»។ លោកស្រី Carter ដែលបានស្លាប់កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុងអាយុ ៩៦ ឆ្នាំ បានពិពណ៌នាជនភៀសខ្លួនថា «ដេកលើដី លើកន្ទេល ឬភួយកខ្វក់ ឬក្រណាត់កខ្វក់។ ពួកគេទាំងអស់សុទ្ធតែឈឺនិងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានៃភាពអត់ឃ្លាន អ្នកខ្លះនៅសល់តែស្បែកដណ្ដប់ឆ្អឹង អ្នកខ្លះហើមពោះ ដូចជារៀបនឹងផ្ទុះ និងប្រេះជើង។ ពួកគេទាំងអស់សុទ្ធតែមានជំងឺគ្រុនចាញ់ ជំងឺរាគរូស ឬជំងឺរបេង ហើយកំពុងក្អួត មានជំងឺគ្រុនក្ដៅ និងមិននិយាយស្តី»។
លោកស្រី Carter ដែលបានបីទារកម្នាក់ដែលមិនយូរប៉ុន្មានក្រោយមកបានស្លាប់នោះ បានត្រឡប់មកសហរដ្ឋអាមេរិកវិញ ពោរពេញទៅដោយការរំជួលចិត្តអំពីសេចក្តីត្រូវការរបស់ជនភៀសខ្លួន។ លោកស្រីក៏បានជម្រុញឱ្យរដ្ឋបាលរបស់ស្វាមីលោកស្រីបង្កើនការគាំទ្រចំពោះជនភៀសខ្លួនកម្ពុជា។
លោកស្រីបានបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិនិងបានជួយបង្កើតគណៈកម្មាធិការជាតិសម្រាប់ដោះស្រាយវិបត្តិកម្ពុជា ដែលបានផ្តោតលើកិច្ចប្រឹងប្រែងរបស់មនុស្សនិងអង្គការជាច្រើន ឱ្យយកចិត្តទុកដាក់និងជួយទទួលយកជនភៀសខ្លួន ដោយរួមមានទាំងពលរដ្ឋកម្ពុជាចំនួនប្រមាណ ១សែន ៥ ម៉ឺននាក់ដែលបានភៀសខ្លួនមកកាន់សហរដ្ឋអាមេរិកផងដែរ។
លោក អួន លើត ដែលក្រោយមកបានក្លាយជាមន្ត្រីការពារសន្តិសុខរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងបានការពារប្រធានាធិបតី ភរិយាប្រធានាធិបតី និងអនុប្រធានាធិបតីក្នុងរដ្ឋបាលចំនួន ៤ ជាជនភៀសខ្លួនកម្ពុជាម្នាក់ ដែលទើបមានអាយុ ១៣ ឆ្នាំ នៅពេលដែលលោកស្រី Carter ធ្វើទស្សនកិច្ច។ លោកនិងម្ដាយរបស់លោកនិងបងស្រីរបស់លោកឈ្មោះ ឌី ពេលនោះកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនបណ្ដោះអាសន្នមួយក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅជិតព្រំដែនថៃ។
ឪពុករបស់លោក លើត ដែលជាអនុសេនីយ៍ទោមួយរូបក្នុងកងទ័ពសាធារណរដ្ឋខ្មែរ ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ចោលមិនយូរប៉ុន្មាន ក្រោយពួកគេបានឡើងកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥។ លោក លើត ម្ដាយរបស់លោក និងបងស្រីរបស់លោក នៅរស់រានមានជីវិតពីការធ្វើពលកម្មធ្ងន់ៗ និងភាពសាហាវយង់ឃ្នងរបស់របបវាលពិឃាត ដែលបានធ្វើឱ្យមនុស្សជាង១លាន៧សែននាក់ ស្លាប់ដោយសារការយកទៅសម្លាប់ចោល ការអត់ឃ្លាន និងជំងឺដម្កាត់។
ប្រហែល៤ ខែ ក្រោយទស្សនកិច្ចរបស់លោកស្រី Carter ក្រុមគ្រួសាររបស់លោក លើត ត្រូវបានជួយសង្គ្រោះដោយបុគ្គលិកជួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ ហើយក៏បានទៅរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ។ ប្រហែលជិត ៤ ឆ្នាំក្រោយពីផ្លាស់ប្ដូរទីលំនៅពីជំរំមួយទៅជំរំមួយ ពួកគេត្រូវបានជាប់ឈ្មោះទៅរស់នៅសហរដ្ឋអាមេរិក។ លោក លើត បានទៅដល់សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៨៣។ លោកបានរស់នៅអស់ពេល ១៧ ឆ្នាំ នៅក្នុងរដ្ឋ Maryland និងក្រោយមកនៅរដ្ឋ Philadelphia ។ លោកបានខំរៀនភាសាអង់គ្លេស រៀបការ និងធ្វើការងារពីរបីកន្លែងដែលមានប្រាក់ខែតិច ស្របពេលដែលលោកខំរៀន។ នៅទីបញ្ចប់លោកបានទទួលសញ្ញាបត្រពីមហាវិទ្យាល័យសហគមន៍នៅក្នុងរដ្ឋ Philadelphia និងពីសាកលវិទ្យាល័យ Widener។
លោក លើត បានចូលធ្វើការជាមន្ត្រីការពារសន្តិសុខក្នុងពន្ធនាគារ របស់ក្រសួងយុត្តិធម៌នៅឆ្នាំ ២០០០ ហើយ ២ ឆ្នាំក្រោយមក លោកបានក្លាយជាមន្ត្រីម្នាក់នៅក្នុងកងការពារសន្តិសុខប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដែលហៅថា Secret Service ។ កាលពីខែតុលា ឆ្នាំ ២០២៣ លោកបានចូលនិវត្តន៍ បន្ទាប់ពីបម្រើការងារអស់ពេលជាង២០ឆ្នាំ ដើម្បីការពារប្រធានាធិបតីនៃប្រទេសមួយដែលបានផ្ដល់ទីលំនៅឱ្យលោក។
ខ្ញុំបានដឹងអំពីកិច្ចប្រឹងប្រែងរបស់លោកស្រី Rosalynn Carter តាំងនាមឱ្យជនភៀសខ្លួនកម្ពុជា នៅពេលខ្ញុំពីរនាក់លោក លើត សរសេរសៀវភៅអំពីជីវិតរបស់លោកជិតចប់ ដែលមានចំណងជើងថា «A Refugee’s American Dream: From the Killing Fields of Cambodia to the U.S. Secret Service» ដែលរោងពុម្ពសៀវភៅ នៃសាកលវិទ្យាល័យ Temple បានបោះពុម្ពផ្សាយកាលពីខែកុម្ភៈឆ្នាំ២០២៣ ហើយក្រុមហ៊ុន Tantor Media បានចេញផ្សាយជាសៀវភៅថតជាសំឡេង audiobook កាលពីខែតុលា។
លោក លើត កាលពីមុនក៏មិនបានដឹងអំពីកិច្ចប្រឹងប្រែងរបស់លោកស្រី Carter តាំងនាមឱ្យប្រជាជនខ្មែរដូចខ្ញុំអ៊ីចឹងដែរ។ ប៉ុន្តែមិនមែនតែយើង២នាក់អត់ដឹងនោះទេ។ ទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកស្រី Carter ទៅកាន់ជំរំជនភៀសខ្លួន និងការគាំទ្ររបស់លោកស្រីចំពោះពលរដ្ឋកម្ពុជា ជាព័ត៌មានដែលគេផ្សាយនៅទូទាំងសហរដ្ឋអាមេរិក នៅពេលនោះ ក៏ប៉ុន្តែមនុស្សជាច្រើនបានភ្លេច។ នៅពេលនោះ និស្សិតអ៊ីរ៉ង់មួយក្រុមបានលុកលុយចូលស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ង់ ហើយបានចាប់បុគ្គលិកស្ថានទូត និងមនុស្សជាង៥០នាក់ ធ្វើជាចំណាប់ខ្មាំង។ វិបត្តិនេះ បានចាប់ផ្ដើមនៅចំថ្ងៃលោកស្រី Carter បានសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសថៃ។
លោកស្រី Carter បានសរសេរថា នៅពេលដែលលោកស្រីលើកពរទារក ដែលបានស្លាប់មិនយូរប៉ុន្មានក្រោយមកនោះ លោកស្រីនឹកឃើញការពរកូនស្រីរបស់លោកស្រីខ្លួនឯងឈ្មោះ Amy ហើយលោកស្រីខំទប់ទឹកភ្នែក។ លោកស្រីថ្លែងថា៖ «ខ្ញុំបានគិតអំពីប្រទេសរបស់យើងនិងអំពីអ្វីដែលយើងបានដឹងតិចតួចអំពីការរងគ្រោះ ទុក្ខលំបាក និងភាពសោកសៅនៅក្នុងពិភពលោក»។
ខ្ញុំមានអារម្មណ៍ដូចលោកស្រី Carter ដែរនៅពេលដែលខ្ញុំដឹងអំពីរឿងរ៉ាវរបស់លោក លើត ក្នុងរយៈពេល ៦ ឆ្នាំដែលខ្ញុំបានចំណាយ ក្នុងការសរសេរសៀវភៅជាមួយលោកអំពីប្រវត្តិរបស់លោក។ លើតនិងខ្ញុំមានអាយុខុសគ្នា តែ៤ខែ ប៉ុន្តែកុមារភាពរបស់យើងខុសគ្នាដូចមេឃនិងដី។ នៅរដូវក្ដៅនៃឆ្នាំ ១៩៧៦ នៅពេលដែលលោក លើត និងខ្ញុំមានអាយុ ៩ ឆ្នាំដូចគ្នា ខ្ញុំពាក់អាវយឺតមួយដើម្បីប្រារព្ធខួបទី ២០០ ឆ្នាំរបស់សហរដ្ឋអាមេរិក ហើយលេងកីឡាវាយសី និងទៅហែលទឹក ក្នុងអាងហែលទឹកនៅស្រុកកំណើតរបស់ខ្ញុំក្នុងក្រុង Cedartown រដ្ឋ Georgia។
ខ្ញុំបានញ៉ាំ hot dogs និងការ៉េមយ៉ាងច្រើន។ ប៉ុន្តែ លើត នៅពេលនោះ ធ្វើការ ៧ ថ្ងៃក្នុងមួយសប្ដាហ៍នៅក្នុងវាលស្រែ។ លោកញាំតែបបររាវដូចទឹករាល់ថ្ងៃ ដូច្នេះដើម្បីបានអាហារបន្ថែម លោក លើត ត្រូវរកចាប់សត្វល្អិត កណ្តុរស្រែ និងផ្សិតព្រៃ មកញាំបន្ថែម។ កុមារភាពរបស់លោក ដូចដែលលោកបានប្រាប់ខ្ញុំ កាលពីពេលថ្មីៗនេះ គឺគ្មានទេ។ ចំណែកឯកុមារភាពរបស់ខ្ញុំវិញ ខ្ញុំទើបបានឃើញយ៉ាងជាក់ច្បាស់នៅពេលនេះ ថាជាកុមារភាពដ៏ល្អមួយ។
រឿងរ៉ាវរបស់លោក លើត បានកែប្រែទស្សនៈរបស់ខ្ញុំអំពីពិភពលោក។ ខ្ញុំបានចូលរួមជាមួយលោក លើត នៅក្នុងការតាំងចិត្តថា នឹងបរិច្ចាគរាល់ប្រាក់កាសដែលយើងរកបានពីការលក់សៀវភៅរបស់លោក ទៅជួយដល់កិច្ចប្រឹងប្រែងសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាជំនួយតិចតួចបើធៀបទៅនឹងសេចក្តីត្រូវការ ប៉ុន្តែខ្ញុំមានការលើកទឹកចិត្តដោយការអត់ធ្មត់របស់លោកនិងការយកចិត្តទុកដាក់របស់លោកស្រី Rosalynn Carter។
សាររបស់លោកស្រីគឺ អ្នកដែលមានទ្រព្យសម្បត្តិច្រើនដូចយើង គួរតែធ្វើអ្វីតាមដែលយើងអាចធ្វើបាន ដើម្បីជួយអ្នកដែលមានតិចតួច។ លោក លើត ដែលបានរស់នៅក្នុងប្រទេសនេះអស់ពេលជាង៤០ឆ្នាំ មកទល់នឹងខែតុលាកន្លង ទៅនេះ ប្រហែលជាគ្មានអ្វីដូចលោកមានសព្វថ្ងៃនេះទេ ប្រសិនបើគ្មានការប្រឹងប្រែងរបស់លោកស្រី Rosalynn Carter កាលពី ៤៤ ឆ្នាំមុននោះ៕
លោក Joe Samuel “Sam” Starnes ជាអ្នកនិពន្ធរស់នៅក្នុងក្រុង Haddon Township រដ្ឋ New Jersey។ សម្រាប់រឿងរ៉ាវលម្អិតអំពីលោក អួន លើត សូមចូលទៅកាន់វេបសាយ lethounbook.com។
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា