ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ ចង់​ដោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ ពេល​លោក ​ហ៊ុន ម៉ាណែត​ បំពេញ​ទស្សនកិច្ច


លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ និង​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ គឺ​លោក​ ហ៊ុន ម៉ាណែត​ បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​ទីក្រុង​តូក្យូ ​ហើយ​បាន​ព្រម​ព្រៀង​ធ្វើ​សហ​ប្រតិបត្តិការ​ដោះស្រាយ​ស្ថាន​ការណ៍​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ខណៈ​កម្ពុជា​កំពុង​ធ្វើ​ជា​ប្រធាន​ប្តូរវេន​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា ​អាស៊ាន។​

អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​ថា​ ជប៉ុន​ទំនង​ជា​មាន​ទំនុក​ចិត្ត​លើ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ភូមា​ដោយ​វិធី​សាស្ត្រ​ទន់​ស្រប​ទៅ​តាម​គោល​នយោបាយ​ការ​ទូត​ដោះ​ស្រាយ​បញ្ហា​ដោយ​ទន់​ភ្លន់​របស់​ជប៉ុន​ ទើប​មាន​ការ​បំពេញ​ទស្សន​កិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត​ ទៅ​កាន់​ទីក្រុង​តូក្យូ​នា​ពេលថ្មី​ៗ​នេះ។​

យោង​ទៅ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិកាំង​ The Associated Press (AP) ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពីដើម​សប្តាហ៍​នេះ លោក​ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ម៉ាណែត​ ដែល​បច្ចុប្បន្ន​ជា​មេបញ្ជា​ការ​កងទ័ព​ជើង​គោក​កម្ពុជា​ និង​ជា​អ្នក​ដែល​ត្រូវ​តែង​តាំង​ជាបេក្ខេជន​នាយក​រដ្ឋមន្ត្រី​ឲ្យ​បន្ត​ពី​ឪពុក​របស់​លោក​ បាន​ជួប​ពិភាក្សា​ទេ្វភាគី​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ​លោក ​Yoshimasa Hayashi​ ក្នុង​ទីក្រុង​តូក្យូ​ កាល​ពីថ្ងៃចន្ទ។ ​

ក្នុង​ជំនួប​នោះ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​ទទួល​ស្វាគមន៍​នូវ​អ្វី​ដែល​លោក​ពណ៌នា​ថា​ ជា​ចំណង​ទាក់​ទង​រឹងមាំ​រវាង​ជប៉ុន​ និង​កម្ពុជា​ ហើយ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ជិត​ស្និទ្ធ​លើ​បញ្ហា​របស់​ប្រទេស​មីយ៉ាន់ម៉ា ​និង​បញ្ហា​តំបន់​ផ្សេង​ទៀត។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ​New York។ ​

អ្នក​វិភាគ​នយោបាយ​លោក ​សេង សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ជប៉ុន​ជា​ប្រទេស​ស្ថិត​ក្នុង​សម្ព័ន្ធ​មិត្ត​សន្តិសុខ​មិន​ផ្លូវការ​មួយ​ ដែល​គេ​ស្គាល់​ថា​ដៃគូ​សន្ទនា​សន្តិសុខ​បួន​ភាគី ​(Quadrilateral Security Dialogue)​ ហៅកាត់​ថា​ Quad ​ដែល​មាន​សមាជិក​បី​ផ្សេង​ទៀត​គឺ​សហ​រដ្ឋ​អាមេរិក​ អូស្រា្តលី​ និង​ឥណ្ឌា។​

បើ​តាម​លោក ​សេង សារី​ ​ប្រទេស​ជប៉ុន​មាន​តួនាទី​សំខាន់​ក្នុង​សម្ព័ន្ធ​មិត្ត​នេះ​ ហើយ​ក៏​មាន​គោល​នយោបាយ​ការទូត​ ទន់​ភ្លន់​ស្រដៀង​នឹង​កម្ពុជា​ ដែល​នាំ​ឲ្យ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​ ងាក​មក​រឹត​ចំណង​ជាមួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបតិ្ត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​កិច្ច​ការ​តំបន់​ផ្សេង​ទៀត។​

«ទាក់​ទង​ទៅ​នឹង​តួនាទី​ជប៉ុន​នៅ​ក្នុង​អាស៊ាន​ គឺ​ដូច​ខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង​ថា​ជប៉ុន​មាន​គោល​នយោបាយ​ទន់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា។​ អ៊ីចឹង​ជប៉ុន​អាច​នឹង​ធ្វើ​ការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ស្ទើរតែ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ ទីមួយ។ ​ទីពីរ​ បើ​យើង​មើល​តួនាទី​ជប៉ុន​នៅ​ក្នុង​ Quad ​ជប៉ុន​ជា​សមាជិក​មួយ​នៅ​ក្នុង​ Quad​ដែល​ Quad​ ត្រូវបាន​គេ​មើល​ឃើញ​ថា វា​ជា​សេនាធិការ​ដ៏​ធំ​មួយ​របស់​អាមេរិក​នៅ​ក្នុង​ការ​ទប់​ឥទ្ធិពល​ចិន»។​

លោក​បន្ថែម​ថា៖ «ដូច្នេះ​ សម្រាប់​ខ្ញុំ​ ខ្ញុំ​មើល​ឃើញ​ថា​នៅ​ក្នុង​ចំណោម​សមាជិក​របស់​Quad​ ជប៉ុន​មាន​ភាព​ទន់​ភ្លន់​ជាង​ នៅ​ក្នុង​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក។ ហើយ​ជប៉ុន​ នៅ​ក្នុង​អាស៊ាន​បូក​ ក៏​ជប៉ុន​មាន​ភាព​ទន់​ភ្លន់​ដែរ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អាស៊ាន។ អ៊ីចឹង​យើង​ឃើញ​ថា​ជប៉ុន​ហាក់​ដូច​ជា​មាន​និន្នាការ​គាំទ្រ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ដោះស្រាយ។​ ហើយ​ជា​បទ​ពិសោធន៍​កន្លង​មក​ផង​ដែរ​ ជប៉ុន​ធ្លាប់​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិបត្តិ​នៅ​កម្ពុជា​ ហើយ​ជប៉ុន​ក៏​អាច​រៀន​សូត្រ​ខ្លះ​ដែរ​ពី​របៀប​របប​ដោះ​ស្រាយ​បញ្ហា​ស្វែង​រក​សន្តិភាព​សម្រាប់​ប្រទេស​មួយ»។

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP ​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក​ Yoshimasa Hayashi ​បាន​កោត​សរសើរ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ថា​ ជា​កិច្ច​ប្រឹងប្រែង​វិជ្ជមាន​មួយ​ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ការណ៍​នៅ​ទីនោះ​ និង​បាន​បង្ហាញ​ក្តី​សង្ឃឹម​សហការ​ជាមួយ​កម្ពុជា​ ក្នុង​ការ​សម្រេច​បាន​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី​ និង​បើក​ចំហ​ ដែល​ប្រទេស​ជប៉ុន​ជំរុញ​ការ​តទល់​ទៅ​នឹង​ការ​កើន​ឡើង​នូវ​ឥទ្ធិពល​របស់​ចិន។​

ក្នុង​ការ​បញ្ចៀស​អំពើ​ហិង្សា​នៅ​ប្រទេស​ភូមា​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ​ហ៊ុន​ សែន ​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ណៃពិដោ​ ប្រទេស​មីយ៉ាន់ម៉ា ​កាល​ពី​ថ្ងៃ​ទី៧​ ខែ​មករា​ ឆ្នាំ​២០២២។ ​លោក ​ហ៊ុន សែន​ អះអាង​កន្លង​មក​ថា​ដំណើរ​ទស្សន​កិច្ច​នោះ​ធ្វើ​ឡើង​មិន​មែន​មាន​ន័យ​ថា​ ទទួល​ស្គាល់​របប​យោធា​ឡើយ​ តែ​លោក​ថា​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​អ្នក​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស។

នៅ​ឯ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ប្រាំពីរ​កន្លែង​ដែល​ជា​ជំនួយ​របស់​ជប៉ុន​នៅ​ខេត្ត​ក្រចេះ​ និង​ព្រៃវែង​កាលពី​ថ្ងៃ​ពុធ​ លោក​ហ៊ុន សែន​ បាន​ថ្លែង​អំណរ​គុណ​រដ្ឋាភិបាល​ជប៉ុន​នៅ​ចំពោះ​មុខ​លោក​ឯក​អគ្គ​រាជទូត​ជប៉ុន​លោក​ Mikami Masahiro​សម្រាប់​ការ​គាំទ្រ​របស់​ជប៉ុន​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។​

«ខ្ញុំសុំ​អរគុណ​ចំពោះ​មិត្ត​ជប៉ុន​ ដែល​បាន​បន្ត​ផ្តល់​ការ​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​នេះ ​គឺ​ជា​សារ​នយោបាយ​មួយ​ដ៏​ជាក់​លាក់​អំពី​វិធីសាស្ត្រ​ដោះ​ស្រាយ​ដើម្បី​បញ្ចៀស​មនុស្ស​ស្លាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។​

លោក ​ហ៊ុន សែន​ បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ដាច់​ដោយ​ឡែក​អំពី​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ថា​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក​ហ៊ុន ម៉ាណែត​ ដែល​ទទួល​បាន​ការ​សិក្សា​ជំនាញ​យោធា​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​ជួប​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បីរូប​រួចមក​ហើយ។​លោក​បន្ថែម​ថា​ក្រៅពី​ការ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ការទូត​នៅ​ក្នុង​តំបន់​អាស៊ាន​កម្ពុជា​ត្រៀម​ទទួល​ស្វាគមន៍​ការ​ធ្វើ​សម​យុទ្ធយោធា​ជាមួយ​ជប៉ុន​ផង​ដែរ។​

បើ​តាម​លោក​ហ៊ុន សែន ​សមយុទ្ធ​កងទ័ព​បែប​សង្គ្រោះ​បន្ទាន់​ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ និង​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម​គួរតែ​ជា​កិច្ចការ​អាទិភាព​ ក្នុង​ទំនាក់​ទំនង​យោធា​កម្ពុជា​ និង​ជប៉ុន។ ​ លោក​ ហ៊ុន សែន​លើក​ឡើង​នៅ​ចំពោះ​មុខ​ប្រមុខ​ការទូត​ជប៉ុន​ និង​ក្រុមមន្ត្រី​កម្ពុជា​យ៉ាង​ដូច្នេះ៖​

«ហើយ​ខ្ញុំ​យល់​ស្រប​ទៅ​លើ​អ្វី​ដែល​ប្រទេស​ទាំង​ពីរ​ ត្រៀម​រៀបចំ​នូវកិច្ច​សហ​ប្រតិបត្តិការ​នៅ​ពេល​ខាង​មុខ​ នៅ​ក្នុង​វិស័យ​យោធា​ រាប់​ទាំង​ការ​ធ្វើ​សមយុទ្ធ​រួម។ ​ ប្រសិន​បើ​មាន​ការ​ចាំបាច់​ធ្វើ​សមយុទ្ធ​លើ​ទឹកដី​កម្ពុជា​ អត់​មាន​បញ្ហា។​ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​សមយុទ្ធ​ណា​ក៏​ដោយ​ គួរតែ​ផ្តោត​ ទីមួយ​គឺ​គេ​ហៅថា ទប់ស្កាត់​ ឬ​ក៏​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ទី​ពីរ​ប្រឆាំង​ភេរវកម្ម។​អាហ្នឹង​ជា​សមយុទ្ធ​ដែល​ខ្ញុំចង់​បាន។ ​ អាសម​យុទ្ធ​វាយ​គ្នា​ អាហ្នឹង​ខ្ញុំ​អត់​ចង់​បាន​ទេ»។​

ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ភ្នំពេញ​ មិន​ទាន់​ឆ្លើយតប​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមរិក​ដែល​ផ្ញើតាម​សារ​អេឡិចត្រូនិក​អ៊ីមែល​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។ ​ចំណែក​លោក ​ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ក៏មិន​មាន​ការ​ឆ្លើយ​តប​សំណួរ​ដែល​វីអូអេ​ បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម។​

ដោយ​ឡែក​លោក ​ហ៊ុន ម៉ាណែត​ បាន​បង្ហោះ​រូបថត​មួយ​ចំនួន​របស់​លោក​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ នៅ​ពេល​លោក​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ Fumio Kishida ​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​លោក​ Nobuo Kishi​ ក្រៅពី​ជំនួប​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក​ Yoshimasa Hayashi។ ​ លោក​ ហ៊ុន ម៉ាណែត​ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជប៉ុន​មួយ​ចំនួន​ផង​ដែរ។​

ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​សហ​រដ្ឋ​អាមេរិក​ អង្កេត​អំពី​ដំណើរ​ការ​អភិវឌ្ឍ​នានា​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ ដែល​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ បន្ត​បង្ហាញ​ក្តី​បារម្ភ​ថា​ វា​ក្លាយ​ជា​ការ​តាំងទី​របស់​កងទ័ព​ចិន។​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត​ក៏​បាន​ធ្វើ​ឡើង​ក្រោយ​ការ​ចេញ​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​[Center for Strategic and International​ Studies​ (CSIS)] ដែល​បាន​ឲ្យដឹង​ពី​សកម្ម​ភាព​នាវា​ជីក​កកាយ​ធំៗ​ចំនួន​២​ដែល​អាច​ធ្វើ​ឲ្យ​ទឹក​មាន​ជម្រៅ​ជ្រៅ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​រាម។​

មជ្ឈមណ្ឌល​ខាង​លើ​បាន​វាយ​តម្លៃ​ដោយ​យោង​តាម​រូបភាព​ប្រមូល​បាន​ពី​ប្រព័ន្ធ​ផ្កាយ​រណប​ថា​ ការ​ធ្វើ​ឱ្យ​ទីតាំង​កំពង់​ផែ​កាន់​តែ​មាន​ជម្រៅ​ទឹក​ជ្រៅ​នោះ​ អាច​មាន​សារៈ​សំខាន់​សម្រាប់​ការ​ចូល​សំចត​របស់​នាវា​យោធា​ធំៗ ​ហើយ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ ដែល​មន្ត្រី​អាមេរិក​រាយ​ការណ៍​ថា​បាន​ឃើញ​កាលពី​ឆ្នាំ​២០១៩។​ ​ក៏​ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លោក​ ទៀ បាញ់​ ផ្តល់​ការ​ពន្យល់​ថា​ ការ​ធ្វើ​ទំនើប​កម្ម​នៅ​តំបន់​មូលដ្ឋាន​សមុទ្រ​រាម​គឺ​ជា​ការ​រួម​ចំណែក​ដល់​ការ​បណ្តុះ​បណ្តាល​ ហ្វឹកហ្វឺន​ និង​ការងារ​ជំនាញ​ផ្សេងៗ​ទៀត ​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹកដី​កម្ពុជា៕ ​

XS
SM
MD
LG