ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ នឹង​ពន្យារពេល​ទស្សនកិច្ច​នៅ​ហ្វីលីពីន ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា


លោក​ប្រធានាធិបតី​ត្រាំ បក់ដៃ​មុន​នឹង​ឡើង​យន្ត​ហោះ​ Air Force One។
លោក​ប្រធានាធិបតី​ត្រាំ បក់ដៃ​មុន​នឹង​ឡើង​យន្ត​ហោះ​ Air Force One។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ​របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី​កាល​ពី​ថ្ងៃ​សុក្រ បាន​ថ្លែង​ថា លោក​នឹង​ពន្យារពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ហ្វីលីពីន​មួយ​ថ្ងៃ​ទៀត ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា។

​លោក​មាន​ប្រសាសន៍​ថា «‍ពិតណាស់ យើង​នឹង​ស្នាក់​នៅ​ហ្វីលីពីន​មួយ​ថ្ងៃ​ទៀត។ យើង​មាន​សន្និសីទ​ដ៏​ធំ​មួយ​និង​សន្និសីទ​ទី​២​ទៀត ហើយ​ខ្ញុំ​គិត​ថា យើង​នឹង​ជជែក​គ្នា​ពី​បញ្ហា​ពាណិជ្ជកម្ម ហើយ​ប្រាកដ​ណាស់ យើង​ក៏​នឹង​និយាយ​ពី​បញ្ហា​កូរ៉េខាង​ជើង​ដែរ»។

លោក​ ត្រាំ ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា​អាស៊ាន​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​ផង​ដែរ។

ក្នុង​ដំណើរ​ថ្មីៗ​នេះ​ទៅ​កាន់​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី ​អនុ​ប្រធានាធិបតីអាមេរិក លោក Mike Penceបាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​អាមេរិក​និង​អាស៊ាន​គឺ​ជា​«‍ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ»។ លោក​ថ្លែង​ថា អាស៊ាន បាន​«‍លើកកម្ពស់​វិបុលភាព​និង​សន្តិសុខ» មិន​តែ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល​ផងដែរ។

ពេល​ប្រកាស​ឲ្យ​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​កាល​ពី​ចុង​ខែ​កញ្ញា​ សេតវិមាន បាន​ថ្លែង​ថា គោលដៅ​ចម្បង​មួយ​នៃ​រដ្ឋការ​របស់​លោក​ត្រាំ គឺកៀរគរ​ការ​គាំទ្រ​ជា​សកល​ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ខណៈ​ពេល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់​នោះ។

សេចក្តីថ្លែងការណ៍​របស់​សេតវិមាន បាន​ឲ្យ​ដឹង​ថា «‍ការ​ចូល​រួម​របស់​លោក​ប្រធានាធិបតី​អាមេរិក​នេះ នឹង​ពង្រឹង​ការ​តាំង​ចិត្ត​ជា​អន្តរជាតិ​ ដើម្បី​តទល់​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង និង​ដើម្បី​ធានា​ឲ្យ​មានការ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ហើយ​មិន​អាច​ដូរ​ចិត្ត​វិញ​បាន»។

ការ​ធ្វើ​ដំណើរ​របស់​លោក​ត្រាំ​ទៅ​ទ្វីប​អាស៊ី នឹង​រួម​បញ្ចូល​ទាំង​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ប្រធានាធិបតី​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​លេខ​១​របស់​កូរ៉េ​ខាងជើង។

​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី​អាមេរិក​នេះ ក៏​នឹង​នាំ​លោក​ត្រាំ ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ឬ APEC និង​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ផង​ដែរ។​

ការ​ដោះដូរ​ទំនិញ​និង​សេវាកម្ម​រវាង​ប្រទេស​និង​ប្រទេស នឹង​ក្លាយ​ជា​អាទិភាព​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក​ត្រាំ។ សេតវិមាន​ បាន​ថ្លែង​ថា លោក​ប្រធានាធិបតី នឹង​សង្កត់ធ្ងន់​លើ​«‍សារៈសំខាន់​នៃ​ចំណង​ទាក់ទង​សេដ្ឋកិច្ច​ទៅ​វិញ​ទៅមក​ប្រកប​ដោយ​លក្ខណៈ​យុត្តិធម៌រវាង​រាល់​ដៃគូ​ពាណិជ្ជ​ទាំង​អស់​ជាមួយ​អាមេរិក»៕

XS
SM
MD
LG