ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រាប់​ឲ្យ​កម្ពុជា​កាន់​ទុក្ខ​មរណភាព​លោក Shinzo Abe នៅ​ថ្ងៃ​អាទិត្យ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍​នេះ បាន​ប្រកាស​ឲ្យ ប្រជាពលរដ្ឋ​កម្ពុជា កាន់​មរណទុក្ខ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា សម្រាប់​អតីត​នាយក​រដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែល​ត្រូវបាន​បាញ់​សម្លាប់​កាលពី​ថ្ងៃសុក្រ។ នេះ​បើ​តាម​សារសំឡេង​របស់​លោក ហ៊ុន សែន ដែល​ត្រូវបាន​ចេញ​ផ្សាយ​នៅព្រឹក​ថ្ងៃសៅរ៍នេះ។

នៅក្នុង​សារសំឡេង​នោះ លោក ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ឯកជន​ទាំងអស់​ទម្លាក់​ទង់ជាតិ​ពាក់កណ្តាល​ដង ដើម្បី​បង្ហាញ​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​ប្រជាជន ជប៉ុន។

លោក​ថ្លែង​ថា៖ «…ខ្ញុំ​ព្រះករុណា​ខ្ញុំ​សម្រេច​ឲ្យ​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ទាំង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន ធ្វើការ​កាន់​ទុក្ខ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃអាទិត្យ ទី១០ ខែកក្កដា តែ​ម្តង»។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​ ការ​យក​មួយ​ថ្ងៃកាន់​ទុក្ខនេះ គឺ​ដើម្បី​បង្ហាញ​«សាមគ្គីភាព និង​ការ​សោកស្តាយ»។

លោក ហ៊ុន សែន ចាត់ទុក​លោក Abe ជា​មិត្ត​ដ៏ល្អ​របស់​រដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា ហើយថា​អតីត​នាយករដ្ឋមន្រ្តីរូប​នោះ​បាន​ដាក់​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​ ដើម្បី​កសាង​ទំនាក់​ទំនង​រវាង​កម្ពុជា​និងជប៉ុន។

គួរបញ្ជាក់​ថា ​លោក​ Shinzo Abe​ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃសុក្រ​ បន្ទាប់ពី​ត្រូវ​បាន​គេ​បាញ់ ២ គ្រាប់​ ក្នុងអំឡុង​យុទ្ធនាការ​ឃោសនា​មួយ នៅ​ទីក្រុង​ Nara ប្រទេស​ជប៉ុន៕

ពាក្យក្នុងសារព័ត៌មាន៖ Emulate
សូម​រង់ចាំ

No media source currently available

0:00 0:01:29 0:00
XS
SM
MD
LG