ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្ត្រី​ថ្មី​ជប៉ុន​ថ្លែងថា​លោក​ជា​កូន​របស់​កសិករ​ម្នាក់ ដែល​បាន​ទទួល​ជោគជ័យ​ដោយ​ខ្លួនឯង


បុរស​ម្នាក់​ដើរ​កាត់​ផ្ទាំង​ដ៏​ធំ​មយយ​ដែល​បង្ហាញ​រូប​របស់​លោក Yoshihide Suga នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

លោក Yoshihide Suga រដ្ឋមន្ត្រី​ទីស្តីការ​គណរដ្ឋមន្ត្រី​ជប៉ុន បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ ឬ (LDP) នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំដោយ​សមា​ជិក​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​ជា​គណបក្ស​កាន់​អំណាច ​(LDP) ដើម្បីស្នង​តំណែងលោក Shinzo Abe នាយករដ្ឋ​មន្ត្រី​ចុះ​ចេញពី​តំណែង។

បុរសដែល​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រីថ្មី​របស់​ជប៉ុន​ជា​កូន​របស់​កសិករ​ដាំផ្លែ Strawberry ម្នាក់​ដោយ​មាន​បុគ្គលិក​លក្ខណៈ​ដាក់ខ្លួន​និង​ចូលចិត្ត​ធ្វើ​អ្វី​ដែល​លើស​ពី​ការរំពឹង​ទុក​របស់​អ្នក​ដៃទៃ ។

លោក Yoshihide Suga រដ្ឋមន្ត្រី​ទីស្តីការ​គណរដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ច័ន្ទ​បាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​ងាយស្រួលនៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំដោយ​សមា​ជិក​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​ជាគណបក្ស​កាន់​អំណាច ​(LDP) ​ដែល​នឹង​ធានា​ថា លោក នឹង​ស្នង​តំណែង​លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ដែល​ចុះ​ចេញពី​តំណែង។

លោក Abe ដែល​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​យូរ​ជាងគេ​បង្អស់​របស់​ជប៉ុន​ បាន​ប្រកាស​កាលពី​ខែ​មុន​ដោយ​មិនរំពឹង​ទុក​មួយ​ថា លោក​នឹង​ចុះចេញ​ពី​តំណែង​ពីព្រោះ​តែ​បញ្ហា​សុខភាព។​

អ្នក​នយោបាយ​បាន​ទទួល​ជោគជ័យ​ដោយ​ខ្លួនឯង​

លោក Suga មិន​មែន​ចេញ​មក​ពីក្រុម​គ្រួសារ​សន្តតិវង្ស​នយោបាយហើយ​មិន​មែនស្ថិត​នៅ​ក្នុង​ភាគី​ណាមួយ​នៅ​ក្នុង​គណបក្សដែល​ប្រធាន​គណបក្ស​ដើរ​តួនាទី​ដ៏សំខាន់​នៅ​ក្នុង​ការ​កំណត់​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ (LDP) នោះ​ទេ។

ក្នុង​អត្ថាធិប្បាយ​របស់​លោក​ បន្ទាប់ពី​ជ័យ​ជម្នះ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ លោក Suga បាន​បញ្ជាក់​កិត្តិនាម​របស់​លោក​ថា​ជា​អ្នក​នយោបាយកើត​ចេញ​ដោយ​ការខំ​ប្រឹងប្រែង​ខ្លួនឯង។

លោក Suga បាន​និយាយ​ថា «ខ្ញុំ​កើត​មកជា​កូនប្រុស​ច្បង​របស់​កសិករ​ម្នាក់​នៅ​ក្នុង​ខេត្ត Akita។ ដោយ​មិន​មាន​ចំណេះ​ដឹង ​ឬ​ឈាមជ័រ​ខាង​នយោបាយ​ ខ្ញុំ​បាន​ចាប់​ផ្តើម​ចូល​ក្នុង​ពិភព​នយោបាយ​ ដោយ​ចាប់ផ្តើម​ពីបាត​ដៃ​ទទេ រហូត​ដល់​អាច​ក្លាយ​ជាមេដឹកនាំរបស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) តាម​ប្រពៃណី​ និង​ប្រវត្តិ​របស់​គណបក្ស​នោះ។

អ្នក​ស្ថាបនា​រដ្ឋាភិបាល​ចម្រុះ

ថ្វីបើ​ លោក​ត្រូវ​បាន​គេ​មើលឃើញ​ថាជាមនុស្ស​ម្នាក់​មិន​សូវ​និយាយ​ស្តី​ដែល​តែងតែ​អាន​តាម​សុន្ទរកថា​ព្រាង​ទុក​ក៏ដោយ ក៏លោក Suga មាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្អចំពោះ​ការ ស្ថាបនា​សម្ព័ន្ធភាព​ដែល​ជួយ​ពន្យល់​ថាតើ​ហេតុអ្វី​ភាគី​នានា​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ (LDP) បានរួបរួម​គ្នា​យ៉ាង​ឆាប់​រហ័ស​នៅជុំ​វិញ​លោក​បន្ទាប់ពី​ការ​ប្រកាស​ចុះ​ចេញ​ពី​តំណែង​របស់​លោក ​Abe។

​លោកស្រី Sheila Smith ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​សម្រាប់​ការសិក្សា​ពី​ប្រទេស​ជប៉ុន​នៅឯ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការបរទេស​បាន​និយាយ​ថា លោក Suga ត្រូវ​បានគេ​គោរព​យ៉ាងខ្លាំង​ចំពោះ​ការ​រៀបចំ​ចាត់ចែង​យ៉ាង​ខ្លាំង​ពូកែ​របស់​លោក​នៅ​ក្នុង​ការិយាធិបតេយ្យ​ដ៏ស្មុគ្រ​ស្មាញ​របស់​ជប៉ុន។

នៅទី​បញ្ចប់ លោក Suga បាន​ទទួល​សន្លឹក​ឆ្នោត​ប្រហែល​៧០ភាគរយ​ពី​សមាជិក​សភា​ និង​អ្នក​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP)​ កាលពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​យក​ឈ្នះ​យ៉ាង​ងាយស្រួលលើ​លោក Shigeru Ishiba អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ និង​លោក Fukio Khisida ប្រធាន​គោល​នយោបាយ​របស់​គណបក្ស LDP។​

ការ​បន្ត​សេដ្ឋកិច្ច

ដូច​ដែល​រំពឹង​ទុក លោក Suga បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មានកាលពី​ថ្ងៃ​ចន្ទ​ថា លោក «នឹង​ទទួល​បាន​មរតក​ និង​ការ​សម្រប​សម្រួល​ជាច្រើននៃ​គោល​នយោបាយ» របស់​លោក​ Abe។

លោក Suga បាន​និយាយ​រួច​ហើយ​ថា លោក​នឹង​បន្តអ្វី​ដែល​ហៅ​ថា យុទ្ធសាស្ត្រ «គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​ Abe ឬ (Abenomics) ដែល​ធ្វើ​គោលនយោបាយ​ឱ្យ​ប្រាក់​មាន​តម្លៃ​ថោក និងមាន​ប្រាក់​ជំនួយ​សេដ្ឋកិច្ចគ្រប់​គ្រាន់តាមរយៈ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ និង​ការ​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត។​

គោលនយោបាយ​ទាំង​នោះ​មាន​ន័យ​ថា ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ច​អសកម្ម​របស់​ជប៉ុន​ដែល​ប្រឈម​ការ​ចុះ​ថ្លៃ​ទំនិញ ការ​កើន​ឡើង​នូវ​ចំនួន​ពលរដ្ឋ​ចាស់ជរា​ និង​អត្រា​កំណើត​ទាប។ បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​របស់​ជប៉ុន បាន​រីកកាន់​តែធំឡើង​ពីព្រោះ​តែសង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។

គោលនយោបាយ​ការបរទេស​

ចំពោះ​គោលនយោបាយ​ការបរទេស​វិញ លោក Suga ប្រហែល​ជា​នឹង​គ្មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ។ លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​រដ្ឋធម្មនុញ្ញដែល​ផ្តោត​លើ​សន្តិភាព​របស់​ជប៉ុន​ដោយ​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​មាន​តួនាទី​កាន់តែ​ធំឡើង​នៅ​ក្នុង​កិច្ចការ​ពិភពលោក។

​លោក Sugaក៏​បាន​សន្យា​ដែរ​ថា លោក​នឹង​មិន​សុខ​ចិត្ត​ចុះ​ចាញ់​ចិន​ ដែល​អាច​បន្ត​គោលនយោបាយ​របស់​លោក​ Abe ដើម្បីពង្រីក​ការខំប្រឹង​ប្រែង​ក្នុង​តំបន់​ដើម្បី​តទល់​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង។

ក្នុងអត្ថាធិប្បាយ​នៅ​ដើម​ខែ​នេះ លោក Suga បាន​និយាយ​ថា លោក​នឹង​ជួប​ជាមួយមេដឹកនាំ​កូរ៉េ​ខាង​ជើង​គីម ជុង​អ៊ុន​ ដោយ​មិនមាន​លក្ខខណ្ឌ​ជាមុន​ដើម្បី​ «បំបែក​ភាព​ទាល់​ច្រក» ស្តីពី​បញ្ហា​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ​កូរ៉េខាងជើង​ក្នុង​ទសវត្សរ៍​១៩៧០ និង៨០។

តើ​មាន​អ្វីបន្ទាប់​ទៀត​

លោក Suga នឹង​ស្ទើរ​តែប្រាកដ​ថា នឹង​ក្លាយជា​នាយករដ្ឋ​មន្ត្រីនៅពេល​ដែល​សភា​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​ ពីព្រោះ​តែ​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​និយម​ (LDP) មាន​អសនៈ​ភាគច្រើន​នៅ​ក្នុង​សភា​ជប៉ុន​ជាន់​ទាប។

នៅ​ពេល​បច្ចុប្បន្ន​នេះ លោក Suga បាន​បម្រុង​បន្តកាន់​អំណាចដែល​នៅ​សល់​ក្នុង​អាណត្តិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ Abe រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២១។ ក៏​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ទស្សន៍ទាយ​ថា នៅ​ពេល​ឆាប់ៗ​នេះ លោក​នឹង​អំពាវនាវ​ឱ្យ​មានការ​បោះឆ្នោត​មុន​ពេល​កំណត់​ដើម្បី​ក្តោប​ការ​កាន់​អំណាច​របស់​លោក​ និង​បន្ត​អាណត្តិ​របស់​លោក៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG