គណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានចាប់ផ្ដើមការប្រកួតប្រជែងជ្រើសរើសអ្នកស្នងតំណែងលោកនាយករដ្ឋមន្ត្រី Shinzo Abe ដោយអ្នកជំនិតដ៏មានឥទ្ធិពលរបស់លោក គឺលោក Yoshihide Suga កំពុងនាំមុខគេដាច់តែម្ដង។
លោក Suga រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី អាយុ ៧១ ឆ្នាំ ជាកូនប្រុសរបស់កសិករចំការផ្លែស្ត្រប៊ែរី បានទទួលការគាំទ្រភាគច្រើនរួចទៅហើយនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់ជប៉ុន ដែលហៅកាត់ថា LDP មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សចូលមកដល់នៅថ្ងៃទី ១៤ ខែកញ្ញាខាងមុខ។
ប៉ុន្តែ លោក Suga មិនមែនគ្មានគូប្រជែងនោះទេ។ លោកមានគូប្រជែងពីររូបគឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Shigeru Ishiba និងអតីតរដ្ឋមន្ត្រីការបរទេសលោក Fumio Kishida។
ដោយសារតែគណបក្ស LDP មានសំឡេងភាគច្រើននៅក្នុងសភា អ្នកដែលឈ្នះការប្រកួតប្រជែងនេះ គឺបា្រកដថានឹងឈ្នះការបោះឆ្នោតសភានៅថ្ងៃទី ១៦ ខែកញ្ញាខាងមុខ និងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុនតែម្ដង។
ការប្រកួតប្រជែជ្រើសរើសអ្នកដឹកនាំថ្មីរបស់គណបក្ស LDP នេះបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Abe ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេបំផុតនៅក្នុងប្រទេស បានប្រកាសភ្លាមៗកាលពីចុងខែសីហាថា លោកលាលែងពីតំណែងព្រោះបញ្ហាសុខភាព៕