នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅយប់ថ្ងៃអង្គារនេះ ខណៈពេលដែលជប៉ុនមានក្តីបារម្ភដ៏ខ្លាំងទៅលើហានិភ័យនៃការចូលលុកលុយរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះ បើតាមប្រភពមួយរបស់រដ្ឋាភិបាលជប៉ុន ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលក្រុងតូក្យូ កំពុងរៀបចំការហៅទូរស័ព្ទមួយនៅយប់ថ្ងៃអង្គារម៉ោងនៅក្នុងស្រុកប្រទេសជប៉ុន ស្របពេលដែលកិច្ចប្រឹងប្រែងការទូតសម្រាប់ដំណោះស្រាយដោយសន្តិវិធីមួយកំពុងត្រូវបានបង្កើនឡើង បន្ទាប់ពីដូចជាមានភ្លើងខៀវពីខាងរុស្ស៊ីរួចមក ហើយអធិការបរតីអាល្លឺម៉ង់លោក Olaf Scholz នឹងត្រូវមកដល់ទីក្រុងមូស្គូនៅល្ងាចថ្ងៃអង្គារនេះផងដែរ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បាននិយាយនៅឯជំនួបមួយរវាងរដ្ឋមន្ត្រី និងគណបក្សប្រជាធិបតេយ្យសេរីនិយមដែលជាគណបក្សកាន់អំណាចថា «យើងនឹងបន្តតាមដានស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែនដោយការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលខ្លួនកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដើម្បីដោះស្រាយស្ថានភាពវិវត្តឲ្យបានត្រឹមត្រូវ»។
កាលពីថ្ងៃចន្ទម្សិលមិញ សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 បានព្រមានថា រុស្ស៊ី នឹងប្រឈមការទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ប្រសិនបើខ្លួនធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៊ុយក្រែន។
សម្ព័ន្ធមិត្ត បានត្រៀមខ្លួនជាស្រេចហើយ«ដើម្បីដាក់ទណ្ឌកម្មហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរួមគ្នាដែលនឹងមានផលប៉ះពាល់យ៉ាងខ្លាំង និងបន្ទាន់លើសេដ្ឋកិច្ចរុស្ស៊ី»។ នេះ បើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi នៅថ្ងៃអង្គារនេះ បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងតូក្យូចំពោះ«បូរណភាពទឹកដីរបស់អ៊ុយក្រែន» ក៏ប៉ុន្តែបដិសេធមិននិយាយលម្អិតពីទម្រង់នៃការដាក់ទណ្ឌកម្មដែលខ្លួននឹងប្រកាន់យកនោះឡើយ។
លោករដ្ឋមន្ត្រីការបរទេស បានប្រាប់ពួកអ្នកយកព័ត៌មានថា «ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីកើតមានឡើងមែននោះ ជប៉ុន នឹងចាត់ការរឿងនេះឲ្យបានសមរម្យ តាមរយៈការដាក់ទណ្ឌកម្មរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងអ្វីដែលបានកើតឡើងនឹងដោយសហការជាមួយសហគន៍អន្តរជាតិដែលរួមមានក្រុមប្រទេស G7 ជាដើម។
ស្របពេលជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានព្រមានពីវត្តមាននៃកងនាវាជើងទឹករុស្ស៊ីដែលកំពុងកើនឡើងនៅក្នុងដែនសមុទ្ររបស់ជប៉ុន និងភាគខាងត្បូងនៃសមុទ្រ Okhotsk៕
នាយករដ្ឋមន្ត្រីជប៉ុន នឹងទូរសព្ទទៅកាន់មេដឹកនាំអ៊ុយក្រែនជុំវិញការបារម្ភនៃការចូលឈ្លានពានរបស់រុស្ស៊ី
ទីក្រុងតូក្យូ —