ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ជប៉ុន ដាក់​ចេញ​នូវ​ផែនការ​ទូលំទូលាយ ក្រោយ​ការឈ្នះ​ឆ្នោត​របស់​បក្ស​លោក


នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់​អំណាច លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់​អំណាច លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ដែល​បាន​ឈ្នះ​ឆ្នោត​ដ៏​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ បាន​បង្ហាញ​សញ្ញា​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​បន្ត​អនុវត្ត​នូវ​គោលនយោបាយ​ការពារ​ជាតិ ដោយ​មិន​ញញើត​ប្រទេស​ចិន ដោះស្រាយ​កា​រប្រែប្រួល​អាកាស​ធាតុ​ និងបង្កើន​ល្បឿន​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ​១៩។ នេះ​ បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​ជា​គណបក្ស​អភិរក្ស​របស់លោក Kishida បាន​ជម្នះ​ការ​ទស្សន៍ទាយ​ទុក​ជា​មុន​ ដោយឈ្នះ​ការបោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ​និងបន្ត​ក្នុង​នាមជា​គណបក្ស​តែ​មួយ​ដែល​មាន​សំឡេង​ភាគ​ច្រើននៅ​ក្នុង​សភា​ជប៉ុន ដោយ​បាន​ពង្រឹង​នូវអំណាច​របស់​ខ្លួនជា​មេដឹកនាំក្នុង​គណបក្ស​ដែលមិន​មាន​ការ​ចុះ​សម្រុង​គ្នា និង​បាន​ផ្តល់​ឲ្យ​លោក​នូវសំឡេង​គាំទ្រ​ខ្លាំងជាង​មុន​នៅ​ក្នុង​សភា​ជប៉ុន​ ជា​មួយ​នឹង​ការងើប​ឡើង​វិញ​ពី​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ ដែលរួម​មាន​ថវិកា​បន្ថែម​ និង​ការ​ទទួល​បាន​នូវ​អទិភាព​នោះ។

មនុស្ស​ខ្លះ មាន​ក្តី​បារម្ភ​ថា លោក Kishida ដែល​ទើប​បាន​ចូល​កាន់​អំណាច​ក្នុង​រយៈ​ពេល​មួយ​ខែ​នោះ​ អាច​មាន​វាសនា​មិនខុសពី​នាយក​រដ្ឋមន្ត្រីជប៉ុន​មួយ​ចំនួន​មុនៗ​នោះ​ឡើយ ដែល​ឡើង​កាន់​អំណាច​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ នឹង​អនុញ្ញាត​ឲ្យ​រូប​លោក​ អាច​សម្រេច​នូវ​គោលនយោបាយ​មួយ​ចំនួន​ នៅ​មុនការ​បោះ​ឆ្នោត​សភាជាន់​ខ្ពស់នៅ​រដូវក្តៅឆ្នាំ​ក្រោយ។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ «យើង​នឹង​អនុវត្ត​គោលនយោបាយនានា​ក្នុង​ល្បឿន​លឿន​ដើម្បី​ឆ្លើយតប​ទៅ​នឹងសំឡេង​គាំទ្ររបស់ពលរដ្ឋ​ជប៉ុន​ដែលយើង​ទទួល​បាន​នៅ​ទូទាំង​ប្រទេស​ ដែល​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ការអនុវត្ត​គោល​នយោបាយ​ និងស្ថិរភាព​នយោបាយ​នោះ»។

គណបក្ស​ប្រជាធិបតេយ្យ បាន​បញ្ចូល​ទាំង​ការប្តេជ្ញាចិត្ត​របស់​ខ្លួនដែល​មិន​ធ្លាប់​មាន​ពី​មុនមក​នូវ​ការ​បង្កើន​ទឹក​ប្រាក់​ចំណាយ​សម្រាប់​វិស័យ​ការពារ​ជាតិចំនួន​ទ្វេរដង​ រហូត​ដល់​២% នៃ​ផលិតផល​សរុប ក្នុង​ស្រុក GDP នៅ​ក្នុង​គោលនយោបាយ​របស់​គណបក្ស​ដែល​ជាសញ្ញា​បន្ទាន់​មួយ​ ក្នុង​ការ​ទិញ​អាវុធ​ទំនើប​ៗ​ ​ដើម្បីប្រឆាំងនឹង​យោធា​ចិន​នៅ​ក្នុងតំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​កើត​ផង៕

XS
SM
MD
LG