ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​នៅ​ជប៉ុន ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្រ្តី​បន្ទាប់


អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ជប៉ុន​​លោក Fumio Kishida ឈរ​គ្រវីដៃ ខណៈដែល​លោក ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ជប៉ុន​​លោក Fumio Kishida ឈរ​គ្រវីដៃ ខណៈដែល​លោក ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

លោក Fumio Kishida ទំនងជា​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ជប៉ុន បន្ទាប់ពី​លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​នៅ​ថ្ងៃ​ពុធ​នេះ​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម (LDP) ដែល​ជា​គណបក្ស​កាន់​អំណាច​ដ៏​យូរ​មក​ហើយ​របស់​ប្រទេស​ជប៉ុន។

លោក Kishida អាយុ ៦៤ ឆ្នាំ ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស បាន​ឈ្នះ​លោក Taro Kono ប្រធាន​ផ្នែក​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្នុង​ជុំទី ២ នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​តូក្យូ។

លោក Kishida និង​លោក Kono បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​គ្មាន​បេក្ខជន​ណាម្នាក់​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​មួយ។ នៅ​ក្នុង​ការ​បោះឆ្នោត​ជំុ​ទី​មួយ​នោះ លោក Kishida បាន​ឈ្នះ​លោក Kono មួយ​សំឡេង​គឺ ២៥៦ សំឡេង​ទល់​នឹង ២៥៥ សំឡេង។

លោក Kono ដែល​ជា​អ្នក​នយោបាយ​ហ៊ាន​និយាយ​និង​មាន​ទស្សនៈ​ខុសពី​មតិ​ភាគច្រើន គឺ​ជា​បេក្ខជន​ឈាន​មុខ​គេ​នៅក្នុង​ការ​បោះឆ្នោត​ស្ទង់​មតិ​កន្លង​មក ប៉ុន្តែ​លោក Kishida មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម។

លោក Kishida ទំនងជា​នឹង​ក្លាយជា​នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​ប្រទេស​ជប៉ុន​នៅ​ពេល​សភា​ពេញ​អង្គ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ទី ៤ ខែ​តុលាខាង​មុខ ដើម្បី​បោះឆ្នោត​ជាផ្លូវការ​ជ្រើសរើស​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក​នាយករដ្ឋមន្រ្តី Yoshihide Suga។

លោក Suga បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពី​ដើម​ខែ​នេះ​ដោយសារ​សាធារណៈជន​មិន​ពេញចិត្ត​ចំពោះ​វិធានការ​របស់​លោក​នៅ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ជាពិសេស​មិន​ពេញចិត្ត​នឹង​ការ​ទទូច​របស់​លោក​នៅ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​និង​កីឡា​ប៉ារ៉ាឡាំពិក​នៅ​ទីក្រុង​តូក្យូ​កាលពី​រដូវក្តៅ​កន្លង​ទៅ​នេះ​នៅ​ពេល​ដែល​ប្រទេស​ជប៉ុន​កំពុង​ប្រឈម​នឹង​កំណើន​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩។

លោក Kishida នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​ប្រហែល​មួយ​ខែ​ប៉ុណ្ណោះ មុន​ពេល​លោក​ដឹកនាំ​គណបក្ស​របស់​លោក​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​ខាង​មុខ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Pressed និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG