ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​សន្យា​ផ្តល់​ជំនួយ​​៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយក្រែន​


នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ Fumio Kishida ថ្លែង​នៅ ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុនកាលពីថ្ងៃទី​៧ ធ្នូ​ ឆ្នាំ២០២៣។
នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ Fumio Kishida ថ្លែង​នៅ ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុនកាលពីថ្ងៃទី​៧ ធ្នូ​ ឆ្នាំ២០២៣។

ប្រទេស​ជប៉ុន​បានសន្យា​ថា​នឹង​ផ្តល់​ថវិកាចំនួន៤,៥​ពាន់​លាន​ដុល្លារ​ដល់អ៊ុយក្រែន​សម្រាប់​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ នេះ​បើ​តាម​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ Fumio Kishida កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដោយ​ទឹក​ប្រាក់​ចំនួន​១ពាន់​លាន​ដុល្លារ​ ​ត្រូវ​បាន​កំណត់​ជា​ជំនួយ​មនុស្សធម៌។ ​

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy បាន​ថ្លែង​ក្នុង​សុន្ទរកថាប្រចាំ​ថ្ងៃ​របស់​លោក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «ប្រទេស​ជប៉ុន​មាន​ការ​គាំទ្រ​មិន​ងាករេ​និងប្រកាន់​គោលការណ៍​សម្រាប់​ប្រទេស​យើង​ ប្រជាជន​យើង​ ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះជំនួយនេះ»។​ លោក​បន្ថែម​ទៀត​ថា​ ការ​សម្រេច​ចិត្ត​របស់​ជប៉ុន​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន​នៅ​ពេល​នេះ​ គឺ​«ចំពេលល្អនិង​មាន​ការចាំបាច់​ខ្លាំង»។

ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋាភិបាលសហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បង្ហាញ​ពី​ចំណាត់ការ​មួយ​ចំនួន​ទៅ​លើ​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​របស់​រុស៊្សី​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ព្យាយាមវាយ​ប្រហារ​លើ​គោលដៅ​បុគ្គល​និង​ស្ថាប័ន​អាមេរិក និង​ចូល​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោតរបស់​អង់គ្លេសផង​ដែរ។​

អ្នកនាំពាក្យក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោកMatthew Miller បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ក្រុម​ចោរព័ត៌មាន​វិទ្យា ​ដែល​បានកំណត់​មុខ​សញ្ញា​រួម​មាន​ក្រុម Callisto ដែល​គេ​ស្គាល់​ថា​ជាStar Blizzard ឬ​ COLDRIVER ​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ចារកម្មហើយ​មាន​ទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធរុស្ស៊ី​។​ ​

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រសួង​យុត្តិធម៌​អាមេរិក​ក៏​បានចេញ​ដីកា​នាំ​ខ្លួនក្រុម​ចោរ​ព័ត៌មាន​វិទ្យារុស្ស៊ី​២​នាក់​ ​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹងអ្វី​ដែល​ក្រសួង​ការបរទេសអាមេរិក​ហៅ​ថា​ ជា​ការឃុបឃិត​ព្រហ្មទណ្ឌ​លួច​ព័ត៌មាន​ ដែលមានគោលដៅ​លើ​ស្ថាប័ននិង​បុគ្គល​អាមេរិក ដែលក្នុង​នោះក៏​មាន​បុគ្គលិកនៃ​អគារ​ក្រសួង​ថាមពល​អាមេរិកមួយ​ចំនួន​ផង​ដែរ៕ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Agence France-Presse និង​Reuters.

XS
SM
MD
LG