នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃពុធ បាននិយាយថា លោកបានពន្យល់ពីគោលជំហររបស់ជប៉ុនស្តីពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានសម្អាតរួចហើយ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដល់នាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅក្រៅកិច្ចប្រជុំអាស៊ានក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រដែលខូចនោះ ចូលក្នុងសមុទ្រកាលពីខែមុន ដោយធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីចិន។ ជាការសងសឹក ចិន បានដាក់បម្រាមទាំងអស់លើការនាំចូលអាហារសមុទ្រពីជប៉ុន។
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានិងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ បានធ្វើឱ្យខូចរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលជាមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតលើពិភពលោកចាប់តាំងពីមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រ Chernobyl កាលពី២៥ឆ្នាំមុននោះ។
លោក Kishida បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបាននិយាយជាមួយលោក Li ដោយខ្លី មុនកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា។
លោក Kishida និយាយថា៖ «ក្នុងពេលជជែកគ្នានោះ ខ្ញុំបានពន្យល់ពីគោលជំហររបស់ជប៉ុនស្តីពីទឹកសំណល់ដែលត្រូវបានសម្អាតរួចហើយ ប្រាប់លោកនាយករដ្ឋមន្ត្រី Li»។
លោក Kishida ចៀសវាងមិនអត្ថាធិប្បាយដោយត្រង់ថា តើលោកបានព្យាយាមសុំឱ្យចិនដកបម្រាមលើអាហារសមុទ្ររបស់ជប៉ុនដែរឬទេ។ លោកបន្ថែមថា គ្មានការសម្រេចណាមួយថា តើលោកនឹងនិយាយជាមួយលោក Li ម្តងទៀតនៅក្រៅកិច្ចប្រជុំកំពូល G20 នៅចុងសប្តាហ៍នេះឬអត់ទេ។
លោក Li បានបង្ហាញគោលជំហររបស់ចិន ស្តីពីការបញ្ចេញទឹកសំណល់នេះក្នុងពេលជជែកជាមួយលោក Kishidaនោះ។ នេះបើយោងតាមក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះ៕