ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ប្រារព្ធ​ខួប​១០ឆ្នាំ​នៃ​គ្រោះ​រញ្ជួយ​ដី រលក​យក្ស​ស៊ូណាមិ​និង​នុយក្លែអ៊ែ​ដ៏​ប្រល័យ


បុរសជនជាតិជប៉ុនម្នាក់បានឱនគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ នៅទីក្រុង Hisanohama តំបន់ Fukushima ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
បុរសជនជាតិជប៉ុនម្នាក់បានឱនគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ នៅទីក្រុង Hisanohama តំបន់ Fukushima ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ប្រទេស​ជប៉ុនបាន​ប្រារព្ធ​ខួប​ ១០ ​ឆ្នាំ ​នៃ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​និង​រលក​យក្ស​ស៊ូណាមិ​ ដែល​បាន​បំផ្លិច​បំផ្លាញ​ភូមិ​និង​ទីក្រុង​មួយ​ចំនួន​ ហើយ​បាន​បណ្តាល​ឲ្យមាន​មហន្តរាយ​នុយក្លែអ៊ែ​រដ៏​អាក្រក់​បំផុត​ នៅ​ក្នុង​ពិភពលោក។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga និង​អធិរាជ Naruhito បាន​ដឹកនាំ​ការ​កាន់​ទុក្ខ ដោយ​រក្សា​ការ​ស្ងៀមស្ងាត់​មួយ​សន្ទុះ ​ក្នុង​អំឡុង​ពេល​នៃ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​មួយ​ នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដែល​ចំ​ម៉ោង​នៃ​ការ​រំជួយដី​ដែល​មាន​កម្លាំង ៩,០ ដែល​បាន​បណ្តាល​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ ដែល​បាន​ហូរ​បក់​បោកចូលទូទាំង​តំបន់​ភាគ​ឦសាន្ត​ប្រទេស​ជប៉ុន ​មុនពល​ប៉ះពាល់​រោងចក្រ​ថាមពល​នុយក្លែអ៊ែរ​នៅ​ក្នុង​ខេត្ត Fukushima។

រលក​ធំៗ​ពេល​នោះបាន​បក់បោក​ចំ​ប្រព័ន្ធ​ផ្គត់ផ្គង់ថាមពល ​និង​បណ្តាលឱ្យ​ខូចខាត​ម៉ាស៊ីន​រ៉េអាក់ទ័រ​ចំនួន​ ៣ បញ្ជូន​សារធាតុ​វិទ្យុសកម្ម​ដ៏​ច្រើន​ទៅ​អាកាស​ ហើយ​បាន​បង្ខំ​ឲ្យ​អ្នក​ស្រុក​រាប់​សែន​នាក់ជម្លៀស​ចេញ​ពី​តំបន់​នោះ។ តំបន់​នោះ​បាន​ក្លាយ​ជា​មហន្តរាយ​នុយក្លែអ៊ែ​ដ៏​អាក្រក់​បំផុត​មួយ​ នៅ​ក្នុង​ពិភពលោក​ចាប់តាំង​ពីគ្រោះថ្នាក់​រោងចក្រ​បរមាណូ​នៅ Chernobyl នៅប្រទេស​អ៊ុយក្រែន ​ក្នុង​ឆ្នាំ ១៩៨៦ ​មក។

រដ្ឋាភិបាល​ជប៉ុន បាន​ចំណាយ​ប្រាក់​ជិត​ ៣០០ ​ពាន់​លាន​ដុល្លារ ​លើ​គម្រោងស្តារ​ឡើង​វិញ​នៅ​Fukushima និង​តំបន់​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​នោះ ក៏ប៉ុន្តែ​តំបន់​ជាច្រើន​នៅ​ជុំវិញ​រោងចក្រ​ដែល​ខូច​នោះ នៅ​តែ​បិទ​ ដោយ​សារ​នៅ​មាន​កម្រិត​សារធាតុ​វិទ្យុសកម្ម​ខ្ពស់។ អ្នក​ស្រុក​ជាង​ ៤០.០០០ ​នាក់ ​នៅ​មិន​ទាន់​មាន​ទីកន្លែង​រស់​នៅបណ្តាល​មកពី​ការ​ខូច​រោងចក្រ​នុយក្លែអ៊ែរ Fukushima នេះ។

អ្នកស្រុក​នៅ​តាម​បណ្តោយ​ឆ្នេរ​ភាគ​ឦសាន​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បានដាក់​ផ្កា​និង​ធ្វើការ​ស្មឹងស្មាធ​គោរព​វិញ្ញាណក្ខន្ធ ​មនុស្ស​ជាង ​១៨.០០០ ​នាក់​ ដែល​បាន​បាត់បង់​អាយុ​ជីវិត​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នេះ៕

XS
SM
MD
LG