ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​ស្ដាំ​និយម​ជ្រុល​អ៊ីស្រាអែល​ព្រលះ​ដាក់​អ្នកស្រី Harris ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់បាញ់​នៅ​ហ្កាហ្សា


អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris បាន​ថ្លែង​អំឡុងកិច្ច​ប្រជុំ​មួយ​ជាមួយ​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល fលោក Benjamin Netanyahu នៅសេតវិមាន​កាលពីថ្ងៃទី​២៥ កក្កដា ឆ្នាំ២០២៤។
អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris បាន​ថ្លែង​អំឡុងកិច្ច​ប្រជុំ​មួយ​ជាមួយ​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល fលោក Benjamin Netanyahu នៅសេតវិមាន​កាលពីថ្ងៃទី​២៥ កក្កដា ឆ្នាំ២០២៤។

សមាជិក​សភា​ស្ដាំ​និយម​ជ្រុល​របស់​អ៊ីស្រាអែល​បាន​រិះគន់​ខ្លាំងៗ​លើ​អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris កាលពី​ថ្ងៃ​សុក្រ​ចំពោះ​ការ​អំពាវនាវ​របស់​អ្នកស្រី​ឱ្យ​មាន​បទឈប់បាញ់​គ្នា​និង​ក្ដី​បារម្ភ​របស់​អ្នកស្រី​ចំពោះ​ការ​ឈឺចាប់​របស់​មនុស្ស​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

នៅក្នុង​ការ​ថ្លែង​ទៅកាន់​អ្នកកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកស្រី Harris បាន​បង្ហាញ​ដល់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថា​អ្នកស្រី​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ការ​ឈឺចាប់​របស់​មនុស្ស​នៅក្នុង​តំបន់​ហ្កាហ្សា រួម​ទាំង​ការ​ស្លាប់​របស់ «ជន​ស៊ីវិល​ស្លូតត្រង់​ជា​ច្រើន​អនេក» ផងដែរ។ អ្នកស្រី​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​ចរចា​សម្រេច​ឱ្យ​បាន​បទឈប់បាញ់​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្ដាំ​និយម​ជ្រុល​របស់​អ៊ីស្រាអែល​លោក Bezalel Smotrich បាន​ព្រលះ​ដាក់​អ្នកស្រី Harris នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា ការ​អំពាវនាវ​របស់​អ្នកស្រី Harris ឱ្យ​មាន​បទ​ឈប់បាញ់​គ្នា​នៅក្នុង​តំបន់​ហ្កាហ្សា​គឺ​ស្មើ​នឹង​ការ​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ចុះចាញ់​ដូច្នេះ​ដែរ។

លោក​សរសេរ​ដូច្នេះ​ថា៖ «អ្នកស្រី Kamala Harris បង្ហាញ​ទៅ​កាន់​ពិភពលោក​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​អស់​រាប់​សប្ដាហ៍​មក​ហើយ គឺ​អ្វី​ដែល​ស្ថិត​នៅ​ពីក្រោយ​បទឈប់បាញ់​គ្នា​នេះ។ ការ​ចុះចាញ់ [មេដឹកនាំ​ក្រុម​ហាម៉ាស់] លោក Sinwar គឺជា​ការ​បញ្ចប់​សង្គ្រាម​នៅក្នុង​វិធី​មួយ​ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​ហាម៉ាស់​វិល​មក​ដូច​ដើម​វិញ​និង​ដោះលែង​ចំណាប់ខ្មាំង​ភាគច្រើន​ដែល​ក្រុម​ហាម៉ាស់​ចាប់ឃុំ។ កុំ​ធ្លាក់​ចូល​ទៅក្នុង​អន្ទាក់​នេះ!»។

រី​ឯ​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​អ៊ីស្រាអែល​លោក Itamar Ben-Gvir ដែល​ជា​អ្នក​នយោបាយ​ស្ដាំ​និយម​ជ្រុល​ម្នាក់​ទៀត ក៏​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ X ផងដែរ​ថា៖ «កិច្ច​ឈប់បាញ់​គ្នា​នេះ​នឹង​មិន​មាន​នោះទេ អ្នកស្រី​បេក្ខជន​ប្រធានាធិបតី»។

ការ​លើកឡើង​របស់​អ្នក​នយោបាយ​ស្ដាំ​និយម​ជ្រុល​របស់​អ៊ីស្រាអែល​នេះ​បាន​ធ្វើឡើង​នៅ​ពេល​ដែល​មេដឹកនាំ​នៃ​ប្រទេស​អូស្ត្រាលី កាណាដា និង​នូវែលសេឡង់​ចេញ​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់បាញ់​គ្នា​នៅ​ហ្កាហ្សា៕


ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG