ប្រទេសជប៉ុន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួននៅថ្ងៃពុធនេះ ដោយការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដល់បុគ្គលិកមន្ទីរពេទ្យក្រុងតូក្យូ ខណៈដែលលោកនាយករដ្ឋមន្ត្រី Yoshihide Suga ប៉ុនប៉ងធ្វើឲ្យបានជោគជ័យនូវការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកនៅរដូវក្តៅនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បុគ្គលិកនៅឯមជ្ឈមណ្ឌលសុខាភិបាលក្រុងតូក្យូ ស្ថិតក្នុងចំណោមអ្នកមានវិជ្ជាជីវៈខាងសុខាភិបាលចំនួន៤០.០០០នាក់ដែលត្រូវទទួលចាក់មុនគេ។ បន្ទាប់មកនឹងចាក់ឲ្យបុគ្គលិកសុខាភិបាលជាង៣,៧លាននាក់ ក្រោយមកទៀតមនុស្ស៣៦លាននាក់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Hiroshi Yamamoto បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯមន្ទីរពេទ្យបន្ទាប់ពីវ៉ាក់សាំងទី១ ត្រូវបានចាក់ថា៖ «នេះជាជំហានដ៏សំខាន់មុនដំបូងឆ្ពោះទៅកាន់ការបញ្ចប់ការរាតត្បាតនៃកូវីដ១៩»។
ជប៉ុនជាសមាជិកចុងក្រោយគេបង្អស់នៃក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧ (G7) ដែលទើបចាប់ផ្តើមចាក់វ៉ាក់សាំង។ រដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលមុនដំបូងគេ បន្ទាប់មកពលរដ្ឋចាស់ៗ អ្នកដែលមានបញ្ហាសុខភាព និងបុគ្គលិកនៅកន្លែងថែទាំមនុស្សចាស់។
លោកនាយករដ្ឋមន្ត្រី Suga បាននិយាយថា ការចែកចាយវ៉ាក់សាំង នឹងក្លាយជាការសំខាន់មួយដើម្បីធ្វើឲ្យកីឡាអូឡាំពិកបានទទួលជោគជ័យ ដែលកីឡាអូឡាំពិកនោះត្រូវបានពន្យារពេលកាលពីឆ្នាំទៅ ហើយមានកំណត់ពេលចាប់ផ្តើមនៅចុងខែកក្កដាខាងមុខនេះ។
លោក Taro Kono ប្រធានកម្មវិធីចាក់វ៉ាក់សាំងនិយាយថា រដ្ឋាភិបាលមានគោលដៅឲ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋជប៉ុនចំនួន១២៦លាននាក់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ។ ការចែកចាយចាក់វ៉ាក់សាំង អាចចំណាយពេលមួយឆ្នាំ៕