ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ និង​នូវែលហ្សេឡង់​ជំរុញ​ឲ្យ​មាន​ពាណិជ្ជកម្ម​បើកចំហ​ដើម្បី​ស្ដារ​​សេដ្ឋកិច្ច​​ឡើង​វិញ


នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ថ្លែងនៅក្នុងកិច្ចប្រជុំរបស់កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងតាមអនឡាញ នៅទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ថ្លែងនៅក្នុងកិច្ចប្រជុំរបស់កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងតាមអនឡាញ នៅទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

មេដឹកនាំ​នៃ​ប្រទេស​ជប៉ុន​និង​នូវែលហ្សេឡង់​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ព្រមាន​ដល់​ប្រទេស​នានា​កុំឲ្យ​ព្យាយាម​ធ្វើ​ឲ្យធ្លាក់​ចូល​ទៅ​ក្នុង​ការ​គាំពារ​ពាណិជ្ជកម្ម​ក្នុង​ស្រុក ដោយ​និយាយ​ថា ការរក្សា​ទីផ្សារ​ឲ្យ​នៅ​បើក​ចំហ​ជា​វិធី​មួយ ​ដើម្បី​ស្តារសេដ្ឋកិច្ច​សាកលលោក​ឡើង​វិញ ​ដែល​ត្រូវ​បាន​រងការ​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។

ថ្លែង​តាម​វីដេអូ​ពី​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ទៅ​កាន់​កិច្ចប្រជុំ​របស់មេដឹកនាំនានា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​និយាយ​ថា៖ «តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​វិបុលភាព​នៅ​ក្នុង​តំបន់​នេះ»។

ជប៉ុន​និង​ប្រទេស​អាស៊ី​ចំនួន ១៤​ ផ្សេង​ទៀត​កាលពី​ថ្ងៃ​អាទិត្យ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ ដែល​ហៅថា​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់។

លោក Suga ដែលបាន​ចូល​កាន់​តំណែង​កាលពី​ខែ​កញ្ញា​ បាន​និយាយ​ថា ជប៉ុន​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កាន់តែ​ធំឡើង​ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ២១ ​ដែល​ជា​សមាជិក​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នេះ។

ជំនួប​នេះ​បាន​កើត​មាន​ឡើង​មុនជំនួប​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​របស់​ក្រុម​មេដឹកនាំ ​APEC ដែល​ត្រូវបាន​រៀប​ចំឡើង​ដោយ​ប្រទេស​ម៉ាឡេស៊ី​ ដែល​នឹង​ត្រូវ​ធ្វើឡើង​តាម​អនឡាញ ដោយសារ​តែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ក្រុម​មន្ត្រី​ម៉ាឡេស៊ី​បាន​និយាយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​មមាញឹក​តវ៉ា​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ពេល​ថ្មីៗ​នេះ ក៏​នឹង​ចូលរួម​ដែរ។

លោក​ប្រធានាធិបតី ត្រាំ បាន​ចូលរួម​វេទិកា APEC លើក​ចុងក្រោយ​បង្អស់ ​កាល​ពី​ឆ្នាំ​ ២០១៧ ហើយ​កាល​ពីសប្តាហ៍​មុន លោកក៏​មិន​បាន​ចូលរួមក្នុង​សន្និសីទ​កំពូល​តំបន់​អាស៊ី​ខាង​កើតដែល​បាន​ធ្វើ​ឡើង​តាម​អនឡាញ​ដែរ។ លោក ត្រាំ ឬ​អ្នក​តំណាង​របស់​លោក កាលពី​ពេល​មុន​គ្រោង​នឹង​ថ្លែង​ទៅ​កាន់​មេដឹកនាំ​នានា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ក៏ប៉ុន្តែត្រូវ​បាន​លុប​ចោល​វិញ​ដោយ​មិន​បាន​ផ្តល់​មូលហេតុ៕

XS
SM
MD
LG