ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​​យល់​ស្រប​គ្នា​ដោះស្រាយបញ្ហា​ «ស្ត្រី​កូរ៉េ​ទាសករ​បម្រើ​ផ្លូវ​ភេទ​​»


នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ Shinzo Abe និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Park Geun-hye​ នៅ​ក្នុង​កិច្ច​ប្រជុំ​ នា​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៥។​
នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ Shinzo Abe និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Park Geun-hye​ នៅ​ក្នុង​កិច្ច​ប្រជុំ​ នា​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៥។​

លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Park Geun-hye និង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe​ បាន​យល់​ស្រប​គ្នា​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​ជម្លោះ​ច្រើន​ទសវត្សរ៍​មក​ហើយ​ អំពី​បញ្ហា​ស្ត្រី​កូរ៉េ​ដែល​ត្រូវ​បាន​បង្ខិត​បង្ខំ​ឱ្យធ្វើ​ជាទាសករ​បម្រើ​ផ្លូវ​ភេទ​ នៅ​ពេល​ជប៉ុន​កាន់​កាប់​ឧបទ្វីប​កូរ៉េ​យ៉ាង​ឃោរឃៅ​នៅ​ក្នុង​ពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​២០។​

មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើការ​សន្យា​ដូច្នេះ ​នៅ​ក្នុង​ជំនួប​កំពូល​ទ្វេ​ភាគី​ក្នុង​ក្រុង​សេអ៊ូល​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដែល​ជា​ជំនួប​កំពូល​លើក​ទី​មួយ​រវាង​មេដឹកនាំ​ទាំង​នេះ​ចាប់​តាំង​ពី​លោក​ Abe បាន​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០១២​ និង​លោកស្រី Park ​បាន​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ២០១៣។

​លោកស្រី​ Park បាន​ប្រកែក​មិន​ព្រម​ជួប​ដោយ​ផ្ទាល់​ជាមួយ​លោក​ Abe ទេ​ដោយសារ​ប្រទេស​ជប៉ុន​មាន​ការ​រារែក​មិន​ទទួល​ស្គាល់​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​ស្ថានភាព​នៃ​អ្វី​ដែល​ហៅ​ថា​ «ក្រុម​ស្ត្រី​ផ្តល់​ផាសុខភាព» ដែល​ត្រូវ​បាន​បង្ខិត​បង្ខំ​ឱ្យ​បម្រើការ​នៅ​ក្នុង​បន​ស្ត្រី​ពេស្យា​ក្នុង​សម័យ​សង្គ្រាម​សម្រាប់​ក្រុម​ទាហាន​ជប៉ុន​ នៅ​ពេល​ដែល​ជប៉ុន​បាន​កាន់​កាប់​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ​១៩១០​ដល់​ឆ្នាំ​១៩៤៥។​

ទី​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​របស់​លោកស្រី​ប្រធានាធិបតី​ Park បាន​និយាយ​ថា ​លោក​ស្រី​បាន​មាន​ប្រសាសន៍​ប្រាប់​លោក​ Abe ថា​បញ្ហា​នៃ​ក្រុម​ស្ត្រី​ផ្តល់​ផាសុខភាព​ «ជា​បញ្ហា​ធំ​បំផុត​» ដែល​បាន​រារាំង​ការ​កែ​លម្អ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​តូក្យូ។​

លោក Abe បាន​យល់​ស្រប​ជាមួយ​មនោសញ្ចេតនា​នេះ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​កំពូល​នេះ​ថា «បញ្ហា​ទាំង​នេះ​មិន​គួរ​ត្រូវ​បន្សល់​ទុក​ឱ្យ​ក្រុម​មេដឹកនាំ​ក្នុង​ពេល​អនាគត​ដោះស្រាយទេ​ នៅ​ពេល​ដែល​យើង​ខិតខំ​ប្រឹងប្រែង​កសាង​ទំនាក់ទំនង​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ពេល​អនាគត៕»

XS
SM
MD
LG