ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​ខ្មែរក្រហម​ប្រកាស​សុំទោស​ និង​ទទួល​ខុសត្រូវ


«បងធំទី​២​»​របស់​ខ្មែរ​ក្រហម នួន ជាចូល​រួម​សវនាការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១១។
«បងធំទី​២​»​របស់​ខ្មែរ​ក្រហម នួន ជាចូល​រួម​សវនាការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១១។
បងធំ​ទី២នៃ​របប​ខ្មែរក្រហម​នួន ជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​«ទាំងស្រុង»​ចំពោះ​អ្វី​ ដែល​បាន​កើត​ឡើង​ក្នុង​របប​ខ្លួន​កាន់កាប់​អំណាច​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​ពីរ​លាន​នាក់។​

«ខ្ញុំ​សុំ​ទទួល​ខុសត្រូវ​ទាំងអស់​នូវ​អ្វីដែល​បាន​កើត​កន្លង​មក​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។​ ការ​ខូចខាត ​ការ​គ្រោះថ្នាក់​របស់​ជាតិ​ខ្ញុំ។ ​ក្នុង​ឋានៈ​ខ្ញុំ​ជា​អ្នក​ទទួល​នាទី​ដឹកនាំ ​ខ្ញុំ​ត្រូវតែ​ទទួល​ការ​ខុស​ត្រូវ។ ​ខាង​ផ្លូវចិត្ត​ ខ្ញុំ​សុំ​ទទួល​ការ​ខុស​ត្រូវ​ទាំងអស់​ ដោយ​ស្មោះ​អស់ពី​ចិត្ត»។​

នេះ​ជា​លើកទីមួយ​ហើយ​ដែល​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​របស់​ពួក​ខ្មែរក្រហម​ដែល​ហ៊ាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន។​
នួន ជា​បង្ហាញ​ជំហរ​យ៉ាង​ដូច្នេះ​ក្នុង​សវនាការ​ក្នុង​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​អនុញ្ញាត​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ដែលជា​ជន​រងគ្រោះ​សម្តែង​និង​រៀបរាប់​ពី​ទុក្ខ​សោក​របស់​ខ្លួន​ និង​អ្វីដែល​ខ្លួន​បាន​ជួប​ប្រទះ​និង​ចោទ​ជា​សំណួរ​ទៅ​កាន់​ជន​ជាប់ចោទ។ ​ជនជាប់ចោទ​ ដែល​នៅ​សល់តែ​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​សំណុំ​រឿង​០០២​គឺ​នួន ជា ​អតីត​អនុអគ្គលេខា​បក្សកុម្មុយនិស្ត​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សភា​តំណាង​ប្រជាជន​កម្ពុជា​ ឬ​មានន័យ​ថា​ ជា​ប្រធាន​សភា ​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម។​

នួន ជា ​អាយុ៨៦​ឆ្នាំ​នៅ​ឆ្នាំនេះ ​ពាក់​វ៉ែនតាខ្មៅ ​ឈរ​និយាយ​ដោយ​មាន​កង​សន្តិសុខ​ជួយ​គ្រា។​
មេ​ដឹកនាំ​ខ្មែរក្រហម​ប្រកាស​សុំទោស​និង​​ទទួល​ខុសត្រូវ
សូម​រង់ចាំ

No media source currently available

0:00 0:03:43 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម


យ៉ាងណា​ក៏ដោយ​ ជន​ជាប់ចោទ​រូប​នេះ​មិន​បាន​និយាយ​យោងទៅ​ដល់​ការ​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ១៩៧៩​ដែលមាន​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​១,៧លាន​នាក់​បាន​ស្លាប់​និង​ត្រូវ​សម្លាប់​ចោល​នោះ​ទេ។

បន្ថែម​ពី​នោះ​ទៀត​នួន ជា​អះអាង​ថា​ ខ្លួន​មិន​បាន​ដឹង​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​របប​នោះ​ទេ​ ដោយ​សំអាង​ថា ​ខ្លួន​ទទួល​បន្ទុក​ផ្នែក​អប់រំ ​គឺ​មិនមែន​កិច្ចការ​រដ្ឋបាល​ទេ។​
«រឿង​អ្វី​ទាំងអស់​ មាន​រឿង​ខ្លះ ​ខ្ញុំ​ផ្ទាល់​ខ្លួន​បាន​ដឹង។​ ក៏ប៉ុន្តែ​មាន​រឿង​ជាច្រើន​ដែល​ខ្ញុំ​មិន​បាន​ដឹង។​ នេះ​ខ្ញុំ​សុំ​ជម្រាប​ដោយ​ស្មោះ​អស់ពី​ចិត្ត។ ​មិនមែន​ខ្ញុំ​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ទេ»។​

មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​បួន​រូប​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​សំដែង​នូវ​ទុក្ខ​សោក​របស់​ខ្លួន​ និង​ចោទ​ជា​សំណួរ​ទៅ​កាន់​ជន​ជាប់ចោទ​នៅ​ថ្ងៃនេះ។ ​ពួកគេ​ភាគ​ច្រើន​បាន​បង្ហូរ​ទឹកភ្នែក​ និង​យំ​ខ្សឹក​ខ្សួល​នៅ​ពេល​ដែល​ពួក​គេ​រៀបរាប់​នូវ​រឿងរ៉ាវ​ ដែល​ពួកគេ​បាន​ឆ្លងកាត់​ក្នុង​សម័យ​ខ្មែរក្រហម។​
ពួកគេ​ចាត់​ទុក​ថា​ គឺជា​រឿង​ដែល​«ឈឺចាប់​ និង​មិន​អាច​បំភ្លេច​បាន»។​

នួន ជា​បាន​សុំទោស​ និង​ចែក​រំលែក​ទុក្ខ​នៅ​ចំពោះ​មុខ​ដើម​បណ្តឹង​រដ្ឋប្បវេណី។​ ប៉ុន្តែ​មិនបាន​បង្ហាញ​ការ​សុំ​ទោស​ដល់​ប្រជា​ពលរដ្ឋ​ជន​រងគ្រោះ​ជាទូទៅ​នោះ​ទេ។​

ដោយ​ឡែក​ខៀវ សំផន​បាន​សុំ​ខមាល​ទោស​ជន​រងគ្រោះ​ទូលំទូលាយ​ជាង។​
«ជាថ្មី​ម្តង​ទៀត​ ខ្ញុំ​សុំទោស​លោក​និង​ប្រជាជន​យើង​ដែល​រងគ្រោះ»។​

ជនជាប់​ចោទ​ខៀវ សំផន​ក៏ដូចជា​នួន ជា​ដែរ ​បាន​អះអាង​ថា​ ខ្លួន​មិនបាន​ដឹង​អំពី​រឿង​ហេតុ​នៃ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរក្រហម​នោះ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG