ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​លោក កឹម សុខា បន្ត​ឡើង​វិញ ចំពេល​នយោបាយ​វិវត្ត​គួរឱ្យ​កត់សម្គាល់


មុន​នឹង​ចេញ​​ដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​នេះ​ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)
មុន​នឹង​ចេញ​​ដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​នេះ​ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

សវនាការ​សំណុំ​រឿង​លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​តុលាការ​បន្ត​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​នេះ ​ចំពេល​ដែល​នយោបាយ​នៅ​កម្ពុជា​ មាន​ស្ថានភាព​វិវត្ត​គួរ​ឲ្យ​កត់​សម្គាល់។​

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​មករា ​ឆ្នាំ​២០២២ ​នេះ ​លោក​ កឹម សុខា ​បាន​ទៅ​ចូលរួម​សវនាការ ​ដែល​ត្រូវ​បាន​តុលាការ​ពន្យារ​ពេល​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ ក្រោម​ហេតុ​ផល​ថា ​បារម្ភ​អំពី​ការ​រីក​រាល​ដាលនៃជំងឺ​កូវីដ១៩។​ ​ក្រោយ​ការ​ប្រកាស​ពន្យារ​ពេល ក្រុម​មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា ​បាន​ស្នើ​ឱ្យ​តុលាការ​ បន្ត​សវនាការ​ឡើង​វិញ ​ ប៉ុន្តែ ​ត្រូវ​បាន​តុលាការច្រាន​ចោល​ជា​បន្ត​បន្ទាប់។​

មុន​នឹង​ចេញដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​នេះ​ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)
មុន​នឹង​ចេញដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​នេះ​ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

មុន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សវនាការ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ ​លោក ​កឹម សុខា ​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​គេហដ្ឋាន​របស់​លោក​ថា ​លោក​ទន្ទឹង​រង់​ចាំ​សវនាការ​នេះ​ឱ្យ​ត្រឡប់​មក​វិញ​ជា​យូរ​មក​ហើយ។ លោក​បន្ថែម​ដោយ​សង្ឃឹម​ថា ​តុលាការ​ នឹង​ទម្លាក់​ចោល​បទ​ចោទ​លើ​រូប​លោក។​

«ខ្ញុំ​សង្ឃឹម​ថា​ ថ្ងៃ​នេះ​ តុលាការ​ នឹង​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ ​ដើម្បី​កម្ពុជា​យើង​បោះ​ជំហាន​ទៅ​រក​ការ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ ​ហើយ​យើង​មាន​សាមគ្គី​ភាព ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា​ត​ទៅ​ទៀត»។​

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារ​ព័ត៌មាន​ជុំវិញ​គម្រោង​វិល​ចូលរួម​ធ្វើ​នយោបាយ​វិញ​ ​លោក​និយាយ​ថា៖​ «វា​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​ប្រាថ្នា​ចង់​បាន​ ហើយ​បាន​ នឹង​បាន​ហើយ»។​ យ៉ាងណា​ក្តី​លោក ​កឹម សុខា ​សុំ​មិន​បញ្ជាក់​ថា លោក​នឹង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​នោះទេ។​

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២១​ មក​ នយោបាយ​នៅ​កម្ពុជា​ មាន​ស្ថានភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ពិសេស​ក្នុង​រង្វង់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។​

កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ លោក​ កឹម សុខា​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ដោយ​បញ្ជាក់​ថា​ ​លោក ​សម រង្ស៊ី ​និង​សហការី​ យក​ឈ្មោះ ​និង​រូប​ថត​របស់​លោក​ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​សកម្ម​ភាព​នានា ​ដោយ​មិន​មាន​ការ​អនុញ្ញាត ​និង​មិន​មាន​ការ​គាំទ្រ​ពី​រូប​លោក។​ លោក​បន្ថែម​ថា ​ សកម្មភាព​ និង​ទង្វើ​មួយ​ចំនួន​របស់​លោក​ សម រង្ស៊ី ​និង​សហការី ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​សម រង្ស៊ី​ និង​ កឹម សុខា​ មិន​មែន​ជា​មនុស្ស​តែ​មួយ​ទៀត​ទេ។​

រូបឯកសារ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។
រូបឯកសារ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។

យ៉ាង​ណា​ក៏​ដោយ​ លោក ​សម រង្ស៊ី ​និង​សហការី​នៅ​ក្រៅ​ប្រទេស ​បាន​តប​វិញ​ថា ​ លោក ​កឹម សុខា ​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ឱ្យ​លោក​ចេញ​ឆ្ងាយ​ពី​លោក​ សម រង្ស៊ី ​ដែល​បាន​ចងក្រង​សម្ព័ន្ធ​ភាព​នយោបាយ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០១២ ​មក។ ជា​ការ​លើក​ឡើង​ដែល​ទាំង​លោក​ កឹម សុខា ​និង​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ បាន​បដិសេធ។​

ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២១​ មក ​គណបក្ស​នយោបាយ​ថ្មី​មួយ​ចំនួន​ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មាន​ខ្លះ​ជា​ក្រុម​អ្នក​នយោបាយ​ស្និទ្ធ​នឹង​លោក ​កឹម សុខា ​កំពុង​បង្កើន​សកម្មភាព​ក្នុងការ​ស្វែង​រក​សំឡេង​គាំទ្រ។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ​គណបក្ស​ភ្លើង​ទៀន​ដែល​បង្កើត​ឡើង​ដោយ​លោក ​សម រង្ស៊ី ​និង​កំពុង​ត្រូវ​បាន​ដឹក​នាំ​ដោយ​មនុស្ស​ស្និទ្ធ​នឹង​លោក ​សម រង្ស៊ី ​ក៏​កំពុង​ដំណើរ​ការ​សកម្ម​ឡើង​វិញ​ក្នុង​ទ្រង់​ទ្រាយ​ធំ ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ឃុំសង្កាត់​នា​ខែ​មិថុនា​ឆ្នាំ​២០២២​ ខាង​មុខ​ផង​ដែរ។​

អ្នក​ឃ្លាំ​មើល​សង្គម​មួយ​ចំនួន​យល់​ឃើញ​ថា យោង​តាម​ស្ថាន​ភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ​សំណុំ​រឿង​របស់​លោក​ កឹម សុខា​ អាច​នឹង​ត្រូវ​បាន​តុលាការ​កាត់​ទោស​លោក​ជាមុន ​ទើប​មាន​ការ​លើក​លែង​ទោស​ជាក្រោយ។​

លោក ​ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​ប្រាប់ ​VOA ​ថា ​សវនាការ​លើលោក​ កឹម សុខា ​ជាថ្មី​នេះ​ គ្រាន់​តែ​ជា​នីតិវិធី​នយោបាយ​ដែល​មិន​ទាន់​អាច​ធ្វើ​ឲ្យ​នយោបាយ​នៅ​កម្ពុជា​ប្រែប្រួល​នៅ​ឡើយ​ទេ។ ​លោក​ថា ​ លោក​ កឹម សុខា ​អាច​នឹង​ចូលរួម​ជីវភាព​នយោបាយ​វិញ​ លុះ​ត្រា​ការ​បែក​បាក់​រវាង​លោក ​សម រង្ស៊ី ​និង​ លោក​ កឹម សុខា ​មាន​ភាព​ខ្លាំង​ក្លា​ជាង​នេះ។​

«បើ​លទ្ធផល​ចេញ​ច្បាស់​កាល​ណា​ ខ្ញុំ​គិត​ថា ​កៀក​ជិត​បោះ​ឆ្នោត​ឃុំ​សង្កាត់​ហ្នឹង ​ឬ​ក៏​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ។ ​អាហ្នឹង​ខ្ញុំ​គិត​ថា​ អាច​ទៅរួច​ ពីព្រោះ​បើ​យើង​មើល​ទៅ​លើ​ទិន្នន័យ​ចាស់​របស់ ​survey ​[ការ​ស្ទង់មតិ] ​របស់​ក្រុមហ៊ុន​បរទេស ​ឆ្នាំ​២០១៦-២០១៧ ​survey ​[ការ​ស្ទង់មតិ] ​របស់​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា ​កាលណា​មាន​វត្តមាន​បុគ្គល​នយោបាយ​លោក ​សម រង្ស៊ី​ ឬ​លោក ​កឹម សុខា ​ គណបក្ស​ប្រជាជន​ពិបាក​.... ទៅ​ប្រឈម​នឹង​បញ្ហា​ប្រជា​ប្រិយ​ភាព​របស់​គណបក្ស​កាន់​អំណាច​ដែរ»។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​បន្ថែមថា ​ការ​ផ្តល់​សេរីភាព​ឲ្យ​លោក​ កឹម សុខា ​នឹង​ស្ថិត​ក្រោម​រូបភាព​នៃ​ការ​កាត់​ទោស​ រួច​ទើប​អាច​នឹង​មាន​ការ​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ទោស​ជាក្រោយ។​

ស្រដៀង​គ្នា​នេះ ​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កញ្ញា ​លី ស្រីស្រស់ ​លើក​ឡើង​ថា​ ការ​ទម្លាក់​ចោល​បទចោទ​លើ​លោក​ កឹម សុខា​ ឬក៏​ការ​លើកលែង​ទោស​ សុទ្ធ​តែ​អាច​ធ្វើ​ទៅ​រួច ​ប្រសិន​បើ​មាន​ការ​ត្រូវ​រ៉ូវ​ខាង​នយោបាយ។

«ខាង​គណបក្ស​កាន់​អំណាច​ បើ​យើង​និយាយ​ឲ្យ​ចំ​ទៅ ​គេ​លែង​ខ្លាច​ទៅ​លើ​ផ្លូវ​ច្បាប់​ហ្នឹង​ទៀត​ហើយ ​មានន័យ​ថា​ ទោះ​បីជា ក្នុង​ទិដ្ឋភាព​ការ​ឆ្លុះ​បញ្ចាំង​ថា ទម្លាក់​បទ​ចោទ​ទៅ​ ការ​រំលាយ​ខុស ឬ​ក៏​ពង្វាង​ឲ្យ​មាន​ការ​លើកលែង​ទោស​ជំនួស​ហ្នឹង ​ខ្ញុំ​គិត​ថា​ គ្រាន់​តែ​ជា​ការ​បំពេញ​នីតិវិធី​បន្ថែម​ទេ។ ប៉ុន្តែ​ចំណុច​ស្នូល​ដែល​សំខាន់​នោះ ​គឺ​ទាក់ទង​ជាមួយ​នឹង​ការត្រូវ​រ៉ូវ​នយោបាយ​ណា​មួយ​រវាង​ភាគី​ដែល​ពាក់​ព័ន្ធ​ ពិសេស​គណបក្ស​ប្រឆាំង​ ឬ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ»។​

ទោះ​យ៉ាង​ណា​កញ្ញា​ថា ​ សវនាការ​លើ​លោក​ កឹម សុខា ​ជា​ថ្មី​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​គ្រាន់​តែ​ជា​សវនាការ​ដែល​ធ្វើ​ឡើង​តាម​នីតិវិធី ​មិន​ទាន់​អាច​មាន​លទ្ធផល​ណាមួយ​ធ្វើ​ឲ្យ​ប្រែប្រួល​នយោបាយ​នោះ​ទេ។​

ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នក​ស្រី ​ចក់ សុភាព ​ដែល​តែង​ឃ្លាំ​មើល​សវនាការ​របស់​លោក​ កឹម សុខា ​យល់​ថា​ សវនាការ​លោក ​កឹម សុខា​ គឺ​ជា​រឿង​នយោបាយ​ដែល​លទ្ធផល​នៃ​ការ​កាត់​ក្តី​ នឹង​សម្រេច​ដោយ​អ្នក​នយោបាយ។ ​អ្នក​ស្រី​ថា ​បើ​តាម​ការ​ឃ្លាំ​មើល​ សេណារីយ៉ូ​ដែល​អាច​ឲ្យ​លោក ​កឹម សុខា ​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​ លុះ​ត្រា​តែ​មាន​ការ​កាត់​ទោស​ជាមុន​ ហើយ​មាន​ការ​ស្នើសុំ​លើក​លែង​ទោស​ជា​ក្រោយ។​

អ្នកស្រី​ ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ​ នា​ថ្ងៃសវនាការលោក​កឹម​ សុខា​ នៅ​ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)
អ្នកស្រី​ ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ផ្តល់​បទ​សម្ភាស​ដល់​វីអូអេ​ នា​ថ្ងៃសវនាការលោក​កឹម​ សុខា​ នៅ​ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

«ជា​របត់​មួយ​ដែល​ខ្ញុំ​មើល​ឃើញ​ថា ​វា​អាច​ទៅ​រួច​ច្រើន​ជាង​ការ​ដែល​មាន​ការ​ទម្លាក់​បទ​ចោទ ​ព្រោះ​ការ​ទម្លាក់​បទ​ចោទ ​វា​មិន​អាច​ទៅរួច ដោយសារ​បើ​អ៊ីចឹង​ បាន​ន័យ​ថា​ ការ​រំលាយ​គណបក្ស ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​ហើយ​ការ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក​ ហើយ​ដែល​គណបក្ស​ជំទាស់​ មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​នោះ​ វា​ទៅ​ជារឿង​មួយ​ដែល​ជា​ការ​ចោទ​ប្រកាន់​ដោយ​ខុស​ទាំង​ស្រុង។​ អ៊ីចឹង​ ខ្ញុំ​គិត​ថា​ វា​មិន​អាច​ទៅ​រួច​នោះ​ទេ»។​

យ៉ាង​ណាក្តី ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន​ លើក​ឡើង​ថា ​សំណុំ​រឿង​របស់​លោក​ កឹម​សុខា ​គឺ​សម្រេច​លើ​តុលាការ។ ​លោក​ថា ​ប្រសិន​បើ​តុលាការ​កាត់​ទោស​លោក​ កឹម សុខា ​នោះ​លទ្ធភាព​ដែល​លោក ​កឹម សុខា ​អាច​ត្រូវ​បាន​លើកលែង​ទោស ​គឺត្រូវ​សម្រេច​ដោយ​នាយក​រដ្ឋមន្រ្តី។​

«នៅ​ស្រុក​ខ្មែរ​មាន​ច្បាប់​មួយ​ដែល​ជាបុព្វ​សិទ្ធិ​របស់​នាយក​រដ្ឋមន្រ្តី​ ទើប​អាច​វិនិច្ឆ័យ​ថា​ តើ​បុគ្គល​ដែល​ជាប់​ទោស​ហ្នឹង​ អាច​ទទួល​បាន​ការ​អធ្យាស្រ័យ​ ឬ​ការ​អនុគ្រោះ។ ​នាយក​រដ្ឋមន្រ្តី​ហ្នឹង ​គឺ​មាន​បុព្វសិទ្ធិ​ក្នុង​ការ​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដើម្បី​សុំ​លើកលែង​ទោស ​ប៉ុន្តែ​ការ​លើក​លែង​ទោស​ហ្នឹង​ ទាល់តែ​ចប់​ការ​ចោទ​ប្រកាន់ ​ទាល់​តែ​មាន​ដំណើរ​ការ​អនុវត្ត​ទៅ​លើ​ពេល​វេលា​នៃ​ការ​ជាប់​ទោស​នោះសិន​»។

លោក​ ផៃ ស៊ីផាន​ បន្ត​ថា​ លោក​ កឹម សុខា​ អាច​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​ លុះ​ត្រា​តែ​សំណុំ​រឿង​របស់​លោក​ ត្រូវ​បញ្ចប់​នៅ​តុលាការ​។​

លោក​ កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៧ ​តាមការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ ​ក្រោយ​ការ​ចាប់​ខ្លួន ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ ​ក្រោយ​មក ​លោក​ត្រូវ​បាន​ដោះ​លែង​ តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​មាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ ​មិន​អនុញ្ញាត​ឲ្យ​ទៅ​ក្រៅ​ប្រទេស ​និង​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

XS
SM
MD
LG