ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧប​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លើក​ឡើង​ពី​ការ​​ការពារ​កោះ​តៃវ៉ាន់​​ប្រសិន​បើ​មាន​ការ​ចូល​ឈ្លាន​ពាន​ពី​ប្រទេស​ចិន


រូបឯកសារ៖ ឧបនាយករដ្ឋមន្ត្រី​ជប៉ុន លោក Taro Aso ថ្លែង​សុន្ទរកថា​អំពី​គោលនយោបាយ​របស់​លោក នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ទីភ្នាក់ងារ​ព័ត៌មាន Kyodo របស់​ជប៉ុន​បាន​ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ឧប​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោកTaro Aso បាន​និយាយ​ថា ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​ការពារ​កោះ​តៃវ៉ាន់ ប្រសិន​បើ​ដែន​កោះ​មួយ​នេះ​ត្រូវ​បានឈ្លានពាន​ដោយ​ប្រទេស​ចិន​នោះ។ ការ​និយាយ​របស់​លោក​នេះ​បាន​ធ្វើ​ឲ្យ​ចិន​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង។ ចិន​បាន​ចាត់ទុក​កោះ​តៃវ៉ាន់​ថាជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន​មិន​បាន​បដិសេធ​ជម្រើស​ប្រើ​កងទ័ព​របស់​ខ្លួន​ក្នុង​ការ​បង្រួប​បង្រួម​កោះ​តៃវ៉ាន់​ជា​មួយ​នឹង​ចិន​ដី​គោក​នោះ​ទេ​ហើយ​ការ​ធ្វើ​សមយុទ្ធ​យោធា​រៀងៗ​ខ្លួន​របស់​ភាគី​ទាំង​ពីរ​ក្នុង​ពេល​ថ្មីៗ​នេះ​នៅច្រក​សមុទ្រ​តៃវ៉ាន់​ បាន​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង។

«ស្ថានភាព​គំរាម​កំហែង​ក្នុង​លក្ខណៈ​ធ្ងន់​ធ្ងរ»មួយ​គឺ​សំដៅ​លើ​ស្ថានភាព​ដែល​មាន​ការវាយ​ប្រហារ​ដោយ​កង​កម្លាំង​នៃ​ប្រទេស​មួយ​ទៅ​លើ​ប្រទេស​មួយ​ទៀត​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ជប៉ុន​ ដែលជា​ការបង្ហាញ​នូវ​ហានិភ័យ​នៃ​ការគំរាម​កំហែងមួយ​ដ៏​ច្បាស់​សម្រាប់​ការរស់រាន​ជីវិតរបស់​ប្រទេស​ជប៉ុន។

នេះ​ជា​លក្ខខណ្ឌ​នៃ​ស្ថាន​ភាព​មួយ​ដែល​ចាំបាច់​ត្រូវ​តែ​មាន​ការ​ឆ្លើយតប​វិញ​ដោយ​ប្រទេស​ជប៉ុន​ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធ​ការពារ​ខ្លួន​ឬផ្តល់​ការ​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត​មួយ​ដែល​កំពុង​ទទួល​រង​ការវាយ​ប្រហារ​នោះ។

«យើង​ត្រូវ​គិត​ឲ្យបាន​ខ្លាំង​ថា កោះ Okinawa របស់​ជប៉ុន​អាច​ជា​ជម្រើស​បន្ទាប់​នៃ​ការ​វាយ​ប្រហារ​នោះ។ នេះ​បើ​យោង​ទៅ​លើ​ទី​ភ្នាក់​ងារ​ជប៉ុន Kyodo ដែល​បាន​ស្រង់​សម្តី​របស់​លោក Aso។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែតប្រចាំ​ថ្ងៃ​កាលពីថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ការ​ថ្លែង​របស់​មន្ត្រី​ជប៉ុន​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មូលដ្ឋាន​នយោបាយ​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន។

លោក​និយាយ​បន្ត​ទៀត​ថា «គ្មាន​នរណា​អាច​មើល​ស្រាល​ចំពោះ​ការ​តាំងចិត្ត​ដ៏​មោះ​មុត ឆន្ទៈ​រឹងមាំ​ និង​សមត្ថភាព​ដ៏​ខ្លាំង​ក្លារបស់​ប្រជាជន​ចិន ​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដីរបស់​ខ្លួន​នោះ​ទេ»។

លោក Aso ក៏​បាន​សួរ​ពី​ជំហរ​របស់​ជប៉ុនស្តី​ពីបញ្ហា​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ក្នុង​សន្និសីទ​កាសែតមួយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ការ​មាន​ជម្លោះ​ណា​មួយជុំវិញរឿង​កោះ​តៃវ៉ាន់​នោះ​គួរ​ដោះ​ស្រាយ​ដោយ​ការ​សន្ទនា​គ្នា។ លោក Aso ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​ជប៉ុន​ផង​នោះ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា «យើង​កំពុង​តាម​ដាន​ស្ថានភាព​នោះ​យ៉ាង​យក​ចិត្ត​ទុកដាក់»៕

XS
SM
MD
LG