ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុ​អ្វី​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​តែ​ដាក់​បដា​គំរាម​កំហែង​ធ្វើ​សង្រ្គាម​ជាមួយ​តៃវ៉ាន់​


រូប​ឯកសារ៖ ទាហាន​ម្នាក់​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​លើក​ដៃ​ឱ្យ​ឈប់​ថត​រូប​នៅ​​មុខ​​អគារ​មហាសាល​ប្រជាជន​ចិន​ក្នុង​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​​២៥ ខែ​ឧសភា ឆ្នាំ​២០២០។
រូប​ឯកសារ៖ ទាហាន​ម្នាក់​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​លើក​ដៃ​ឱ្យ​ឈប់​ថត​រូប​នៅ​​មុខ​​អគារ​មហាសាល​ប្រជាជន​ចិន​ក្នុង​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​​២៥ ខែ​ឧសភា ឆ្នាំ​២០២០។

អ្នក​ជំនាញ​ខ្លះ​និយាយ​ថា​បដា​ចម្រុះ​ពណ៌​អម​ដោយ​ពាក្យពេចន៍​ខ្លាំងៗ​និយាយ​ពី​សង្រ្គាម​របស់​យោធា​ចិន​ជាមួយតៃវ៉ាន់ដែល​ជា​គូប្រជែង​នយោបាយ​នោះ​គឺ​មាន​គោល​បំណង​ពង្រឹង​ស្មារតី​កងទ័ព​និង​ធ្វើ​ឲ្យ​គណបក្ស​កុម្មុយនីស្ត​មើល​ទៅ​រឹងមាំ​ជាង​កោះ​តៃវ៉ាន់។

ក្រុម​អ្នក​វិភាគ​ជឿ​ថា​បដា​ដែល​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ចិន​ដែល​បដា​មួយ​នៅ​ខែ​នេះ​សរសេរ​ថា​«ត្រៀម​ធ្វើ​សង្គ្រាម»​នោះបាន​ដាស់​តឿនកង​ទ័ព​រំដោះ​ប្រជាជន​ចិន​ឲ្យ​ត្រៀម​ខ្លួន​គ្រប់​ពេល​វេលា​ដើម្បី​ធ្វើ​សង្គ្រាម។​ពួកគេ​និយាយ​ថា​យោធា​តៃវ៉ាន់​ដែល​បាន​ឃើញ​បដា​ទាំង​នេះ​ម្ដង​ជាពីរ​ដងនោះ​មិន​ចាំបាច់​ព្រួយ​បារម្ភ​ទេ។​

បដា​មុនៗដែល​សំដៅ​លើ​តៃវ៉ាន់​បាន​បង្ហាញ​រូប​ផ្ទុះ​គ្រាប់បែក​នៅ​ពាស​ពេញ​ផែនទី​របស់​តៃវ៉ាន់​ហើយ​កប៉ាល់​ចិន​ចូល​លុកលុយ​តាមជ្រោយ​ទន្លេ​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​តៃប៉ិ។​

ភាគីទាំង​ពីរ​មិន​បាន​ធ្វើ​សង្គ្រាម​ទេ​ចាប់​តាំង​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​លើ​កោះ​ដាច់​ស្រយាល​កាល​ពី​៥០​ឆ្នាំ​មុន។​

បដា​របស់​កងទ័ព​ចិន​ចេញនៅ​ឆ្នាំ​១៩៥៨​សរសេរ​ថា៖ ​«យើង​ត្រូវ​តែ​រំដោះ​តៃវ៉ាន់»​ហើយ​បដា​ចេញ​ផ្សាយ​ឆ្នាំ​១៩៥៤​សរសេរ​ថា៖​«ជួយ​សង្គ្រោះ​ជន​រួម​ជាតិ​តៃវ៉ាន់​របស់​យើង»​និង​បដាឆ្នាំ​១៩៥០​សរសេរ​ថា៖​«បញ្ជូន​កង​ទ័ព​រំដោះ​ប្រជាជន​ដើម្បី​ផ្ដួល​រំលំ​តៃវ៉ាន់!​ធ្វើ​សង្គ្រាម​បដិវត្តន៍​ដល់​ទីបញ្ចប់!»​

លោក ​Andrew Yang ​អគ្គលេខាធិការ​ក្រុម​អ្នកសិក្សាអំពី​គោល​នយោបាយ​ចិន​ដែល​មាន​មូលដ្ឋាននៅ​តៃវ៉ាន់​បាន​និយាយ​ថា៖​«វា​ពិត​ជា​សង្កត់​ធ្ងន់​ទៅ​លើ​សាមគ្គីភាព​ក្នុង​ស្រុក​ប្រជាជន​គួរតែត្រៀម​ខ្លួន​និង​ពង្រឹងអំណាច​របស់​បក្ស​កុម្មុយនីស្ត​ចិន​(CCP)»។​

ប្រទេស​ចិន​បាន​ទាមទារ​អធិបតេយ្យ​ភាព​លើ​កោះតៃវ៉ាន់​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​ចិន​នៅ​ទសវត្សរ៍​១៩៤០​ នៅ​ពេល​ដែល​អ្នក​ជាតិនិយម​បាន​ចាញ់​ក្រុម​កុម្មុយនីស្ត​ហើយ​បាន​ភៀស​ខ្លួន​ទៅ​កាន់​កោះ​នេះ​នៅ​ចម្ងាយ​១៦០​គីឡូម៉ែត្រ។​រដ្ឋាភិបាល​កុម្មុយនីស្ត​ទទូច​ឲ្យ​ភាគី​ទាំងពីរ​បង្រួប​បង្រួម​គ្នាតែមិន​បាន​បដិសេធការ​ប្រើប្រាស់​កង​កម្លាំង​ដើម្បី​សម្រេច​មហិច្ឆតា​នេះ​ទេ ទោះជា​យ៉ាងណា​រដ្ឋាភិបាល​កុម្មុយនីស្ត​បាន​និយាយ​ថា​ខ្លួន​ចង់​បង្រួប​បង្រួម​ដោយ​សន្តិភាព។​

ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​កាន់តែ​អាក្រក់​ទៅៗ​ចាប់​ពី​ពេល​ដែល​អ្នកស្រី​ប្រធានាធិបតី​ Tsai Ing Wen ​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០១៦​ជាមួយ​នឹង​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​ដែល​មាន​ទស្សនៈ​តឹងរ៉ឹង​លើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង៕

XS
SM
MD
LG