ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​និយាយ​ថា​វា​ជា​ការ​ចាំ​បាច់​​ក្នុង​ការ​«ភ្ញាក់​ដឹង​ខ្លួន»​ដើម្បី​ការពារ​​កោះ​តៃវ៉ាន់


រូប​ឯកសារ៖ លោក Yasuhide Nakayama ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ឆ្នាំ​២០១៥ កាល​​លោក​នៅ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន។
រូប​ឯកសារ៖ លោក Yasuhide Nakayama ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ឆ្នាំ​២០១៥ កាល​​លោក​នៅ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិជប៉ុន​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​អំពីការ​កើនឡើង​នៃ​ការ​គំរាមកំហែងដែល​បណ្តាល​មក​ពី​ការ​សហការ​គ្នា​រវាងចិន​និង​រុស្សី ហើយ​លោក​បាន​បញ្ជាក់ថា នេះជាការ​ចាំបាច់​ដែល​យើង​ត្រូវ​«ភ្ញាក់​ខ្លួន» ដល់​ការ​ដាក់​សម្ពាធរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​កោះ​តៃវ៉ាន់​និង​ការពារ​ដែន​កោះ​នោះ «ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ»។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ថ្លែងទៅ​កាន់​វិទ្យាស្ថាន​ស្រាវជ្រាវ Hudson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក​ Yasuhide Nakayama បាន​ចោទ​ជា​សំណួរទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ជា​ច្រើន​ដែល​រួម​មានប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ​ដែល​បាន​អនុវត្ត​នូវ​គោល​នយោបាយ​«ចិន​មួយ» ដែល​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជំនួស​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​របស់​តៃវ៉ាន់ ចាប់​តាំង​ពី​ទសវត្សរ៍១៩៧០​មក ​គួរតែ​នៅ​ប្រកាន់​យក​ជំហរ​បែប​នេះ​ឬ​យ៉ាង​ណា​នោះ។

លោក​អនុ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ចោទ​ជា​សំណួរនៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​ថា​«តើ​វាត្រឹម​ត្រូវ​ដែរ​ឬ​ទេ?» ។ លោក​បាន​និយាយ​ដោយ​សំដៅ​ថា​តើមនុស្ស​ជំនាន់​ក្រោយនឹង​វាយ​តម្លៃ​ទៅ​លើ​អ្នកធ្វើ​គោលនយោបាយស្តី​ពី​បញ្ហា​នេះ​យ៉ាង​ដូច​ម្តេច​នោះ។ លោក​ឆ្លើយ​ថា «ខ្ញុំ​មិន​ដឹង​ទេ»។

លោក Nakayama និយាយ​បន្ត​ទៀត​ថា ប្រទេស​ប្រជាធិបតេយ្យ​ត្រូវ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​លោក​ធ្លាប់​លើក​ឡើងក្នុង​ពេល​កន្លង​មក​ថា កោះ​តៃវ៉ាន់ «ជា​បន្ទាត់​ក្រហម»មួយ។

លោក​បាន​បញ្ជាក់​ថា «ដូច​នេះ​យើង​ត្រូវ​តែ​ការពារ​កោះ​តៃវ៉ាន់​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ»។ លោក Nakayama បន្ត​ទៀត​ថា ជប៉ុន​និង​កោះ​តៃវ៉ាន់ មាន​ភូមិសាស្រ្ត​ស្ថិត​នៅ​ជាប់​គ្នា​ហើយ​ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​កើត​ឡើង​នៅកោះ​តៃវ៉ាន់​នោះ វា​នឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់កោះ Okinawa របស់​ជប៉ុន​ដែល​ជា​មូលដ្ឋាន​កង​ទ័ព​អាមេរិក​និង​គ្រួសារ​របស់​ពួក​គេ​កំពុង​នៅ​ទី​នោះ។

លោក Nakayama បាន​បញ្ជាក់​ពី​ការ​គំរាមកំហែងដោយ​ប្រទេស​ចិននៅ​ក្នុង​លំហ​អាកាស ក្នុង​បច្ចេកវិទ្យា​មីស៊ីល បច្ចេកវិទ្យា​កំព្យូទ័រ កម្លាំង​កង​ទ័ព​និង​អាវុធ​នុយក្លែអ៊ែរជា​ដើម។ លោក​ថា ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​លោក Xi Jinping មាន​លក្ខណៈ​គឃ្លើន​ដែល​ជា​ការ​គិត​ទុក​ហើយ​នឹងបន្ត​ទៅពេល​ខាង​មុខ​ទៀត»។

លោក​និយាយ​ថា «ដូច​នេះ​យើង​ត្រូវភ្ញាក់ឡើង»។ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ចំពោះ​រឿង​នេះ។ ចិន​បាន​អះអាង​ថា​កោះ​តៃវ៉ាន់​ដែល​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ជា​ផ្នែក​មួយ​របស់​ចិន។

អ្នក​នាំពាក្យក្រសួង​ការ​បរទេស​ចិនលោក Wang Wenbin និយាយ​ថា «យើង​សោក​ស្តាយ​ចំពោះសុន្ទរកថាខុស​ឆ្គង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ជប៉ុន​រូប​នេះ ហើយ​យើង​បាន​ដាក់ការ​តវ៉ា​ប្រឆាំង​របស់​យើង​ផង​ដែរ។ អ្នក​នាំ​ពាក្យ​ចិនរូប​នេះ​បន្ថែម​ថា លោក Nakayama បាន​ចោទ​ប្រទេស​ចិន​«ដោយ​ខុស​ពី​ការពិត» ជុំវិញ​«ការ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិតាម​លក្ខណៈ​ធម្មតា» របស់ប្រទេស​ចិន​នោះ៕

XS
SM
MD
LG