ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសៅរ៍បានថ្កោលទោសការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល និងបាននិយាយថា សព្វាវុធរបស់អាមេរិកនៅក្នុងតំបន់បានជួយបាញ់ទម្លាក់ «ដ្រូននិងមីស៊ីលស្ទើរតែទាំងអស់ដែលបាញ់ចូលមក» សំដៅលើអ៊ីស្រាអែល។ នេះគឺជាការវាយប្រហារដែលគំរាមបង្កឱ្យសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារយៈពេល ៦ ខែកន្លងមកកាន់តែរីកធំឡើងបន្ថែមទៀត។
លោក Biden បានបញ្ជាក់ថា លោកបាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីល្ងាចថ្ងៃសៅរ៍ដើម្បី «បញ្ជាក់ជាថ្មីអំពីការតាំងចិត្តដ៏មុតមាំរបស់អាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល»។
លោក Biden បានបន្ថែមថា លោកនឹងកោះប្រជុំបណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 ដើម្បី «សម្របសម្រួលនូវការឆ្លើយតបបែបការទូតរួមគ្នាចំពោះការវាយប្រហារដ៏គឃ្លើនឥតអៀនខ្មាស់របស់អ៊ីរ៉ង់»។
លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមរបស់ខ្ញុំនឹងធ្វើការជាមួយសមភាគីរបស់ខ្លួននៅទូទាំងតំបន់។ យើងនឹងទាក់ទងជាប់លាប់ជាមួយមេដឹកនាំអ៊ីស្រាអែល។ ហើយបើទោះបីជាយើងមិនបានឃើញមានការវាយប្រហារណាមួយលើកងកម្លាំងឬទីតាំងនានារបស់យើងនៅថ្ងៃនេះក៏ដោយ ក៏យើងនឹងបន្តប្រុងប្រយ័ត្នចំពោះសញ្ញាណគ្រោះថ្នាក់ទាំងឡាយ ហើយក៏នឹងមិនស្ទាក់ស្ទើរក្នុងការប្រើគ្រប់វិធានការចាំបាច់ទាំងអស់ដើម្បីការពារពលរដ្ឋរបស់យើងដែរ»។
លោក Biden បានប្រញាប់ត្រឡប់ទៅរដ្ឋធានីវ៉ាស៊ីនតោនវិញកាលពីថ្ងៃសៅរ៍ដើម្បីចូលរួមក្នុងការប្រជុំបន្ទាន់មួយ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនប្រមាណ ២០០ គ្រាប់ដាក់អ៊ីស្រាអែល។
ការវាយប្រហារនេះបានរងការថ្កោលទោសពីសម្ព័ន្ធមិត្តរបស់អាមេរិកនិងមន្ត្រីមនុស្សធម៌។
មន្ត្រីអ៊ីរ៉ង់ធ្លាប់បានសច្ចាថានឹងសងសឹកចំពោះការវាយប្រហារតាមអាកាសថ្ងៃទី ១ មេសារបស់អ៊ីស្រាអែលលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងដាម៉ាសនៃប្រទេសស៊ីរី។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា កងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា «បានបាញ់ទម្លាក់មីស៊ីលនិងដ្រូនរាប់សិបគ្រឿងដែលបាញ់សំដៅដាក់អ៊ីស្រាអែលចេញពីអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន»។
លោក Austin បានបញ្ជាក់ថា៖ «យើងអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារបន្ថែមទៀតណាមួយ ដែលក្នុងនោះរួមទាំងកងកម្លាំងកូនអុករបស់ខ្លួនផងដែរ ដើម្បីបន្ថយភាពតានតឹង។ យើងមិនចង់មានជម្លោះជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែយើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការដើម្បីការពារកងទ័ពរបស់យើងនិងគាំទ្រការការពារជាតិរបស់អ៊ីស្រាអែលនោះឡើយ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ ហើយលោកបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនានា។
លោក Guterres បញ្ជាក់ដូច្នេះថា៖ «ខ្ញុំពិតជាព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ដ៏ពិតប្រាកដនៃការរីករាលដាលដ៏មហន្តរាយនៅទូទាំងតំបន់ [មជ្ឈិមបូព៌ា]។ ខ្ញុំជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមាដើម្បីបញ្ចៀសកុំឱ្យមានសកម្មភាពណាមួយដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធំនៅកន្លែងជាច្រើននៅមជ្ឈិមបូព៌ា»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ