សហភាពអឺរ៉ុបនិងជប៉ុនបានឈានដល់កិច្ចព្រមព្រៀងមួយទៅលើពាណិជ្ជកម្មសេរី ២ថ្ងៃមុនពេលកិច្ចប្រជុំ G-20 នៅក្នុងប្រទេសអាល្លឺម៉ង់។
កិច្ចព្រមព្រៀងនេះនឹងជះឥទ្ធិពលទៅលើពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង២។
ក្រោយពីចរចាគ្នារយៈពេល៤ឆ្នាំ កិច្ចព្រមព្រៀងនេះនឹងត្រូវអនុម័តជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុននិងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk ជួបប្រជុំគ្នានៅមុនកិច្ចប្រជុំ G-20 ដើម្បីអនុម័តទៅលើកិច្ចព្រមព្រៀងលក្ខណៈប្រវត្តិសាស្ត្រនេះ។
សេដ្ឋកិច្ចបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុបនិងជប៉ុនរួមគ្នាស្មើនឹង២៨ភាគរយនៃសេដ្ឋកិច្ចសកលលោក ដែលបានបង្កើតជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយដែលធ្លាប់ស្នើកន្លងមក។
លោកស្រី Cecilia Malmstrom គណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុបបាននិយាយនៅក្នុងសារមួយលើបណ្តាញសង្គម tweeter ថា «យើងបានឈានដល់កិច្ចព្រមព្រៀងនយោបាយថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងជប៉ុន ដែលយើងស្នើឲ្យមេដឹកនាំទាំង២បញ្ជាក់អំពីរឿងនេះនៅក្នុងកិច្ចប្រជុំកំពូលG-20៕