នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្លែងកាលពីថ្ងៃចន្ទថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ Pearl Harbor នៅចុងខែនេះ។
នេះជាលើកទីមួយហើយដែលមេដឹកនាំជប៉ុនធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការកងទ័ពជើងទឹកអាមេរិកដែលរដ្ឋាភិបាលក្រុងតូក្យូបានទម្លាក់គ្រាប់បែកនៅក្នុងវាយប្រហារដោយសម្ងាត់កាលពីឆ្នាំ១៩៤១ ដែលបានរុញច្រានអាមេរិកឲ្យចូលទៅក្នុងសង្គ្រាមលោកលើកទីពីរ។
ថ្លែងឡើងពីរថ្ងៃមុនពេលគម្រប់ខួបទី៧៥ នៃការវាយប្រហារនោះ លោក Abe បានមានប្រសាសន៍ថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់វិមានរំឭកវិញ្ញាណក្ខន្ធ Pearl Harbor ជាមួយនឹងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅក្នុងសង្គ្រាម ខណៈដែលលោកក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលចុងក្រោយបង្អស់ជាមួយនឹងប្រធានាធិបតីអាមេរិក លោក អូបាម៉ា មុនពេលដែលលោកចប់អាណត្តិនៅខែក្រោយនេះ។
ទស្សនកិច្ចរបស់លោក Abe ទៅកាន់កោះហាវ៉ៃ នៅថ្ងៃទី២៦ និងទី២៧ខែធ្នូ នឹងត្រូវធ្វើឡើងរយៈពេល៦ខែ បន្ទាប់ពីលោក អូបាម៉ា បានក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងមុនគេបង្អស់របស់អាមេរិកដែលបានធ្វើទស្សនកិច្ចទៅកាន់វិមានគោរពវិញ្ញាណក្ខន្ធនៅទីក្រុង Hiroshima។
ទីក្រុង Hiroshima គឺជាទីក្រុងមួយនៅក្នុងប្រទេសជប៉ុន ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូដំបូងបង្អស់ដើម្បីបញ្ចប់សង្គ្រាមកាលពីឆ្នាំ១៩៤៥៕