ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ពលករ​ជំនាញ​ជា​លើក​ដំបូង


រូបឯកសារ៖ ស្ត្រីខ្មែរកាន់ទង់ជាតិជប៉ុននិងកម្ពុជា ក្នុងពិធី​សម្ពោធផ្លូវជាតិមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅជាយក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្ត្រីខ្មែរកាន់ទង់ជាតិជប៉ុននិងកម្ពុជា ក្នុងពិធី​សម្ពោធផ្លូវជាតិមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅជាយក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​ ៩០០០​ នាក់​ ក្រោម​កម្មវិធី​ធ្វើ​កម្មសិក្សា។ ពួកគេ​ទទួល​បាន​ប្រាក់ខែ​ជា​មធ្យម​ចំនួន​ ១៥០០​ដុល្លារ។

ប្រទេស​កម្ពុជា​និង​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ ស្តីពី​ការ​យោគ​យល់​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​ និង​ជា​ការ​បង្កើន​ទីផ្សារ​ការងារ​ និង​ឱកាស​ដល់​ពលករ​កម្ពុជា។

ការចុះ​អនុស្សារណៈ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ស្តីពី​ការ​បញ្ជូន​ពលករ​ជំនាញ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃចន្ទ​ រវាងលោក​ សេង សក្តា​ អគ្គ​នាយក​ដ្ឋាន​ការងារ ​និង​លោកស្រី​ Shoko SASAKI ​អគ្គនាយក​អន្តោប្រវេសន៍​ជប៉ុន​ ដោយ​មាន​ការ​ចូលរួម​ជា​អធិបតីភាព​ ដោយ​លោក​ អ៊ិត​ សំហេង ​រដ្ឋមន្រ្តី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​លោក​ Takashi YAMASHITA រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​នៃ​ប្រទេស​ជប៉ុន។

ក្រសួង​យុត្តិធម៌ជប៉ុន​បញ្ជាក់​តាម​គេហទំព័រ​របស់​ខ្លួន​ថា​ នីតិវិធី​ក្នុងការ​ជ្រើសរើស​ថ្មីនេះ​នឹងលុប​បំបាត់​ឈ្មួញ​កណ្តាល​ ហើយ​ជប៉ុន​នឹងខិតខំ​ជំរុញ​ឱ្យ​មាន​ការ​បញ្ជូន​ និង​ទទួល​យក​ដោយ​រលូន‍​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ពលកម្ម ​និង​ប្រាក់​បៀវត្សរ៍ ក៏​ដូច​ជា​ព័ត៌មាន​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា។

លោក ​អ៊ិត​ សំហេង លើក​ឡើង​ថា ​តាមរយៈ​អនុស្សារណៈ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នេះ ពលករ​ជំនាញ​កម្ពុជា​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ ក្នុងកា​រចាប់​យក​ឱកាស​នេះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ផ្ទាល់ខ្លួន​និងកម្ពុជា។ នេះ​បើ​តាម​ការ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការងារ។

ការ​អនុញ្ញាត​ឱ្យ​មាន​ពលករ​ជំនាញ​នេះ​កើត​ឡើង ក្រោយពី​ប្រទេស​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ ដែល​នឹង​ចូល​ជា​ធរមាន​ នៅ​ខែមេសា​ខាង​មុខ​ ដោយ​បើក​ឱកាស​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ជួល​កម្មករ​ជំនាញ​ដោយ​ផ្ទាល់​ពី​ប្រទេស​នានា ដើម្បី​បំពេញ​កង្វះ​ខាត​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ដោយសារ​តែ​ពលរដ្ឋ​ជប៉ុន​មាន​វ័យ​ចំណាស់​កាន់តែ​ច្រើន ហើយ​ក៏​ដោយសារ​តែ​រដ្ឋាភិបាល​ជប៉ុន​ទទួល​ស្គាល់​ថា​ មាន​ការ​យក​ថ្លៃ​ខ្ពស់​ពី​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ ដែល​នាំ​ឱ្យ​ពួកគេ​ជំពាក់​បំណុល​ច្រើន និង​ចាកចោល​ពី​ការងារ​មុន​ពេល​បញ្ចប់​កិច្ច​សន្យា។

ប្រទេស​គោលដៅ​នៅ​ប្រទេស​អាស៊ី​ចំនួន ៩ ដែល​មាន​ កម្ពុជា ចិន វៀតណាម ហ្វីលីពីន នេប៉ាល់ ភូមា ឥណ្ឌូណេស៊ី ម៉ុងហ្កោលី​ និងថៃ ត្រូវ​គេរំពឹង​ថា​ នឹង​ទទួល​ផល​ប្រយោជន៍​ពី​ច្បាប់​ថ្មី​នេះ​ ព្រោះ​ប្រទេស​ទាំង​នេះ​អាច​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​ដោយ​ស្រប​ច្បាប់​ ទន្ទឹម​គ្នា​នឹង​ការ​បន្ត​កម្មវិធី​កម្ម​សិក្សា​ ដែល​មាន​នា​ពេល​បច្ចុប្បន្ន។ ប្រទេស​ជប៉ុន​រំពឹង​ថា​នឹង​ទទួល​ពលករ​ជំនាញ​ចំនួន ៣៤៥.១៥០ នាក់ ក្នុង​រយៈពេល​៥ ឆ្នាំ​ ដំបូង​សម្រាប់​ធ្វើការ​នៅ​ផ្នែក​ថែទាំ​មនុស្ស​ចាស់ សំអាត​អគារ ផលិត​គ្រឿង​បន្លាស់ ​គ្រឿង​រថយន្ត គ្រឿង​អគ្គិសនី​ និង​សំណង់​ជាដើម។

បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​ ៩០០០​ នាក់​ ក្រោម​កម្មវិធី​ធ្វើ​កម្មសិក្សា។ ពួកគេ​ទទួល​បាន​ប្រាក់ខែ​ជា​មធ្យម​ចំនួន​ ១៥០០​ដុល្លារ។ ក្រុម​អ្នក​ជំនាញ​មើល​ឃើញ​ថា​ ដោយសារមាន​ការ​បើក​ទូលាយ​ជាង​មុន​ក្នុង​ពេល​ខាងមុខ​ គឺ​ចំនួន​ពលករ​ជំនាញ​នឹង​កើន​ឡើង​ខ្លាំង។

ប៉ុន្តែ សកម្មជន​សិទ្ធិ​ពលករ​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ការ​ផ្លាស់ប្តូរ​ថ្មី​នេះ​ក៏នៅតែ​មិន​អាច​ដោះស្រាយ​បញ្ហា​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​ពលករ​ជំនាញ​ឡើយ ប្រសិនបើ​មិន​បាន​កំណត់​ច្បាស់លាស់​លើ​នីតិវិធី​នៃ​ការ​ជ្រើសរើស​បុគ្គលិក និង​ការ​កំណត់​លក្ខខណ្ឌ​នៃ​ការងារ​ទេ។

លោកស្រី រីកូ ហារីម៉ា នៃ​បណ្តាញ​ពលករ​ចំណាក​ស្រុក​តំបន់​មេគង្គ​ធ្លាប់​បាន​សម្តែង​ ការ​ព្រួយ​បារម្ភ​ពី​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ពលករ​ចំណាក​ស្រុក​ ដោយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដែល​មិន​សុច្ចរិត។

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នក​ជំនាញ​ខាង​ពលករ​ចំណាកស្រុក​ បាន​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បន្ត​បញ្ជូន​ពលករ​ចេញ​ក្រៅ​ប្រទេស ​ដោយចាត់​ទុក​ថា​ វា​ធ្វើ​ឱ្យ​ខ្សោះ​ធនធាន​មនុស្ស​នៅក្នុង​ប្រទេស។ យ៉ាងណាក៏​ដោយ លោកស្រី​យល់​ថា​ ជម្រើស​បញ្ជូន​ពលករ​ទៅប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​ល្អ​ ប៉ុន្តែ​ក៏​នៅតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ទោះបី​យល់ឃើញ​អីចឹង​ក៏ដោយ ក៏នៅតែ​ព្រួយបារម្ភ។ តើ​ក្រុម​ហ៊ុន​ដែល​ជ្រើស​រើស​ពលករ​ និង​នាំ​ពលករ​យើង​ទៅ​ប្រទេស​កូរ៉េ​ក្តី ទៅ​ប្រទេស​ជប៉ុន​ក្តី​ ជា​ក្រុមហ៊ុន​ស្អាតស្អំ​ មាន​តម្លាភាព​ពិត​ប្រាកដ​ មាន​ស្តងដារ​អន្តរជាតិ​ក្នុងការ​ដឹក​ជញ្ជូន​រៀបចំ​ឱ្យ​ពលករ​ចំណាកស្រុក​ ដោយ​យក​ផល​ប្រយោជន៍​ពលករ​ជាធំ​ មិន​មែន​យក​ផល​ក្រុមហ៊ុន​ជាធំ?‍»

​របាយការណ៍​ស្រាវជ្រាវ​កាលពី​ឆ្នាំ​ ២០១៦ ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​រកឃើញ​ថា​ ជាង​៧០​ ភាគរយ ​នៃ​ក្រុមហ៊ុន​ដែល​ជួល​កម្មសិក្សាការី​មកពី​ប្រទេស​នានា​ បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស។

កម្មសិក្សា​ការី​ខ្លះ​ត្រូវបង្ខំ​ឱ្យ​ធ្វើការ​ជាច្រើន​ម៉ោង ហើយ​ផ្តល់​ប្រាក់​កម្រៃ​តិចជាង​កម្រិត​អប្បបរិមា ដែល​ច្បាប់​តម្រូវ។ អ្នកខ្លះ​ត្រូវបង្ខំ​ឱ្យ​ធ្វើការ​លើស​ម៉ោង។​ កន្លែង​ធ្វើការ​មិន​ត្រូវ​តាម​និយាម​សុវត្ថិភាព។ ការណ៍​នេះ​ជំរុញ​ឱ្យ​ពលករ​រត់​ចេញ​ពី​កន្លែង​ធ្វើការ​ មុន​បញ្ចប់​កិច្ច​សន្យា​ដែល​នាំ​ឱ្យ​មាន​ការ​សងសឹក​ពី​ថៅកែ។

នាង​ ស៊ៀ ណៃគួយ ជា​អតីត​កម្មសិក្សាការី​ខ្មែរ​នៅប្រទេស​ជប៉ុន​ ដែល​បាន​រត់ចោល​ការងារ​ ដោយ​សារ​ស្ថានភាព​លំបាក​ពេក​ សង្ឃឹម​ថា ​ការ​សម្រួល​ទិដ្ឋាការ​ថ្មី​នេះ​នឹង​មាន​ផល​ដល់​ខ្លួន​ផង​ដែរ។

នាង​បាន​លើក​ឡើង​ថា៖ «អ្វី​ដែល​ពួកខ្ញុំ​មាន​សព្វថ្ងៃ​ហ្នឹង​ ព្រោះអី​ពួកខ្ញុំ​ទោះ​ជា​ធ្វើការ​កន្លែង​ណា​ក៏ដោយ ​ក៏​គេ​មិន​ដែល​ផ្តល់​អាទិភាព​ដល់​ពួក​យើង​ ដូច​ជា​កម្មករ​ពេញ​សិទ្ធិ​ពួកគេ​ទេ។ ដូច្នេះ​ពួកខ្ញុំ​អត់​ចង់​បាន​អ្វី​ដែល​មិន​ច្បាស់​លាស់​ពិតប្រាកដ ​ហើយ​ខ្ញុំ​ចង់​ផ្លាស់​ប្តូរ​វិសារ​ពួកខ្ញុំ​ ឱ្យ​ទៅជា​វិសារ​អ្វី​មួយ ​ដែល​ជាក់​លាក់​ មិន​ដូច​ជា​សព្វថ្ងៃ​នេះ​ទេ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ទៅ​ថ្ងៃមុខ​ទៀត​ រដ្ឋាភិបាល​ជប៉ុន​ជួយ​ផ្លាស់​ប្តូរ​វីសារ​ពួកខ្ញុំ​ពី​ជនភៀសខ្លួន​ទៅ​ជា​វីសារ​ច្បាស់​លាស់​ពិតប្រាកដ‍»។​

ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់​ថា​ ក្នុង​បេសកកម្ម​រយៈពេល​ ៤ ថ្ងៃ​ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​ លោក​រដ្ឋ​មន្ត្រី​ការងារ​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ដៃគូ​នៅ​អង្គការ​ជប៉ុន ដើម្បីសុំជួយ​ផ្សព្វ​ផ្សាយធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​គ្រប់គ្រង​ និង​ការ​ការពារ​ផលប្រយោជន៍​ពលករ​កម្ពុជា​ ស្រប​តាម​ច្បាប់​នៃ​ប្រទេស​ទាំងពីរ៕

XS
SM
MD
LG