ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​គ្រោង​ទទួល​ពលករ​ជំនាញ​កម្ពុជា​ តែ​សកម្ម​ជន​បារម្ភ​ពី​ការ​កេងប្រវ័ញ្ច


រូបឯកសារ៖ ស្ត្រីខ្មែរកាន់ទង់ជាតិជប៉ុននិងកម្ពុជា ក្នុងពិធី​សម្ពោធផ្លូវជាតិមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅជាយក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្ត្រីខ្មែរកាន់ទង់ជាតិជប៉ុននិងកម្ពុជា ក្នុងពិធី​សម្ពោធផ្លូវជាតិមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅជាយក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​​​ធ្វើការ​​នៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​៩​០០០​នាក់​ ក្រោម​កម្មវិធី​ធ្វើ​កម្ម​សិក្សា។ ពួកគេ​ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម​១៥០០ដុល្លារ។ ប៉ុន្តែ​ក្រុម​​អ្នក​ជំនាញ​មើល​ឃើញ​ថា ដោយ​សារ​មាន​ការ​បើក​ទូលាយ​ជាង​មុន​ក្នុង​ពេល​ខាងមុខ​គឺ​​ចំនួន​ពលករ​ជំនាញ​គ្រោង​នឹង​កើនឡើង​ខ្លាំង។

ប្រទេស​កម្ពុជា​និង​ជប៉ុន​គ្រោង​នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​ការ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ នៅ​ចុងខែ​មីនា​នេះ​ ដើម្បី​បង្កើន​ទីផ្សារ​ការងារ​ និង​ឱកាស​ដល់​ពលករ​កម្ពុជា។

ក្រសួង​ការងារ​កម្ពុជា​បាន​បញ្ជាក់​ដូចនេះ កាលពី​ខែកុម្ភៈ​ ​ក្រោយពី​ប្រទេស​ជប៉ុន​បានធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​មេសា​ខាងមុខ ដោយ​បើក​ឱកាស​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ជួល​កម្មករ​ជំនាញ​ដោយ​ផ្ទាល់​ពី​ប្រទេស​នានា​ដើម្បី​បំពេញ​កង្វះខាត​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ ដោយ​សារ​តែ​ពលរដ្ឋ​ជប៉ុន​មាន​វ័យ​ចំណាស់​កាន់តែ​ច្រើន។ ការណ៍​នេះ​ដោយសារតែ​រដ្ឋាភិបាល​ជប៉ុន​ទទួល​ស្គាល់​ថា មាន​ការ​យក​ថ្លៃខ្ពស់​ពី​ភ្នាក់ងារ​ជ្រើសរើស​ពលករដែលនាំ​ឱ្យ​ពួកគេជំពាក់​បំណុល​ច្រើន និង​ចាកចោលពី​ការងារ​មុន​ពេល​បញ្ចប់​កិច្ច​សន្យា។

ប៉ុន្តែ​ សកម្មជន​សិទ្ធិ​ពលករ​សម្តែង​ការ​ព្រួយបារម្ភ​ថា ​ការ​ផ្លាស់ប្តូរ​ថ្មីនេះ​ក៏​នៅតែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​ពលករ​ជំនាញ​ឡើយ​ ប្រសិន​បើ​មិន​បាន​កំណត់​ច្បាស់​លាស់លើ​នីតិវិធី​នៃ​ការ​ជ្រើសរើស​បុគ្គលិក​ និង​ការ​កំណត់​លក្ខខណ្ឌ​នៃ​ការងារ​ទេ។​

លោកស្រី​រីកូ ហារីម៉ា អ្នក​សម្របសម្រួល​ថ្នាក់​តំបន់​នៃ​បណ្តាញ​ជនចំណាកស្រុក​ទន្លេ​មេគង្គ (Mekong Migrant Network) ​បាន​បញ្ជាក់​ថា៖

«ជា​គោលការណ៍ នេះ​គឺជា​ជំហាន​វិជ្ជមាន​របស់​រដ្ឋាភិបាល​ជប៉ុន ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ការពិត​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ ថា​តើ​ពួកគេ​មើល​ឃើញ​ថា​ការ​ជួល​ដោយ​ផ្ទាល់​នឹង​ត្រូវ​អនុវត្ត​យ៉ាងណា ហើយ​ក៏មិន​ច្បាស់​លាស់​ថា​តើ​ពលករ​ត្រូវ​សុំ​ទិដ្ឋាការ​ប្រភេទ​ណាដែរ។ តើ​ពួកគេ​ត្រូវ​អនុវត្ត​តាម​នីតិវិធី​អ្វី។ ព័ត៌មាន​ទាំងអស់​នេះ​នៅ​មិន​ទាន់​ច្បាស់​លាស់​នៅឡើយ​ទេ‍»។

លោកស្រី​រីកូ ហារីម៉ា​ ព្រួយបារម្ភ​ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ពលករ​ចំណាក​ស្រុកដោយក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដែល​មិន​សុច្ចរិត។

លោកស្រី​បន្ថែម​ថា៖

«ដោយសារតែ​មិន​មាន​ព័ត៌មាន​ច្បាស់​លាស់​សម្រាប់​ពលករ ​យើង​ឃើញ​ថា​មាន​ចន្លោះ​ប្រហោងដ៏ធំ​សម្រាប់​ក្រុម​ហ៊ុន​ជ្រើសរើស​ពលករ ​ដែល​ចង់​កេង​ចំណេញ​ពី​កង្វះ​ព័ត៌មាន​នេះ‍»។​

កម្ពុជា​គឺ​ជា​ប្រទេស​គោលដៅ​មួយ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​ចំនួន​៨ ដូចជា​ចិន ​វៀតណាម ​ហ្វីលីពីន និង​ថៃ​ជាដើម​ ដែលរំពឹង​ថា​ នឹង​ទទួល​ផល​ប្រយោជន៍ពី​ច្បាប់ថ្មី​នេះ​ព្រោះអាច​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​ទន្ទឹម​គ្នា​នឹងការ​បន្តកម្មវិធី​កម្មសិក្សា​ដែល​មាន​នា​ពេល​បច្ចុប្បន្ន។​

លោកស្រី​ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ដល់​អង្គប្រជុំ​មួយ​កាល​ពី​ខែ​កុម្ភៈ​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ថា​ ដំណើរ​ការជួល​ពលករ​ដោយ​ផ្ទាល់​នេះក៏​ទំនង​ជា​នឹង​មិន​រារាំង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដែល​មិន​សុច្ចរិត​មិន​ឱ្យ​គៃបន្លំ​ពលករ​បាន​ឡើយ‍។

លោកស្រី​ជូ ប៊ុនអេង បាន​ស្នើ​ឱ្យ​មាន​ច្បាប់​កំណត់​ច្បាស់​លាស់​ស្តីពី​នីតិវិធី​ជួល​បុគ្គលិក​ដោយ​ផ្ទាល់​ និង​កា​របកស្រាយ​ពី​តួនាទី​នៃ​ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​ទាំង​នោះ។

​បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​ធ្វើការនៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​៩​០០០​នាក់​ ក្រោម​កម្មវិធី​ធ្វើ​កម្ម​សិក្សា។ ពួកគេ​ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម​១៥០០ដុល្លារ។ ប៉ុន្តែ​ក្រុមអ្នក​ជំនាញ​មើល​ឃើញ​ថា ដោយ​សារ​មាន​ការ​បើក​ទូលាយ​ជាង​មុន​ក្នុង​ពេល​ខាងមុខ​គឺចំនួន​ពលករ​ជំនាញ​គ្រោង​នឹង​កើនឡើង​ខ្លាំង។​

របាយការណ៍​ស្រាវជ្រាវ​កាលពី​ឆ្នាំ​២០១៦ របស់រដ្ឋាភិបាល​ជប៉ុន​ រកឃើញ​ថា ជាង៧០ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​ជួល​កម្មសិក្សា​ការី​មក​ពី​ប្រទេស​នានា​បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស។ កម្មសិក្សា​ការី​ខ្លះ​ត្រូវ​បង្ខំ​ឱ្យ​ធ្វើការ​ជាច្រើន​ម៉ោង ហើយ​ផ្តល់​ប្រាក់​កម្រៃ​តិច​ជាង​កម្រិត​អប្បបរិមាដែល​ច្បាប់​តម្រូវ។ អ្នកខ្លះ​ត្រូវបង្ខំ​ឱ្យធ្វើការ​លើស​ម៉ោង។ កន្លែង​ធ្វើការ​មិន​ត្រូវ​តាម​និយាម​សុវត្ថិភាព។ ការណ៍​នេះ​ជំរុញ​ឱ្យ​ពលករ​រត់ចេញ​ពី​កន្លែង​ធ្វើការ​មុន​បញ្ចប់​កិច្ច​សន្យា​ដែល​នាំ​ឱ្យ​មាន​ការ​សងសឹក​ពី​ថៅកែ។

លោកស្រី​រីកូ ហារីម៉ា ​ថា​មិន​មាន​សញ្ញាណា​បញ្ជាក់​ថា​ ការ​ប្តូរឋានៈ​ថ្មី​នេះ​នឹង​កែលម្អ​និង​កាត់​បន្ថយ​ការ​រំលោភសិទ្ធិ​ពលករ​យ៉ាង​ណាទេ ​ប៉ុន្តែ​អ្វី​ដែល​លោកស្រី​សង្ឃឹម​នោះ​គឺ​ច្បាប់​ថ្មីនេះ​នឹង​អនុញ្ញាត​ឱ្យ​ពលករ​ផ្លាស់ប្តូរ​ការងារនៅ​ក្នុង​វិស័យ​ដូច​គ្នា​បាន។​

លោក​ស្រី​រីកូ ហារីម៉ា ​បន្ថែម​ទៀត​ថា៖

«យើង​មើល​មិន​ឃើញ​ថា​ ការ​ផ្តល់​ទិដ្ឋាការ​ប្រភេទ​ថ្មី​នេះ​អាច​ដោះស្រាយ​បញ្ហា​ការ​រំលោភ​សិទ្ធិ​ពលករ​ដោយ​ក្រុម​ថៅកែ​ដោយ​របៀប​ណា​ទេ‍»។​

សកម្មជន​ថា ការ​ដក​យក​ក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​ចេញ​ក៏​មិនមែន​ជាជម្រើស​ល្អ​ដែរ ដោយ​សារ​តែ​មិន​មាន​ព័ត៌មាន​ជាក់​លាក់។​ ពួកគេ​ស្នើ​ឡើង​ថា​ មធ្យោបាយ​ដ៏ល្អ​គឺ​ការ​កំហិត​ចំនួន​ប្រាក់​កម្រៃ​ជើង​សារ​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ក្រុមហ៊ុន​អាច​យក​ថ្លៃបាន។​ បច្ចុប្បន្ន​ តម្លៃ​សម្រាប់​ជ្រើសរើស​ពលករ​ម្នាក់​មាន​ចំនួន​រហូតដល់​៦​០០០​ដុល្លារ​ដែល​ជា​តម្លៃខ្ពស់។

ក្រុមសកម្ម​ជន​សង្ឃឹម​ថា ​ក្នុង​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​រវាង​ជប៉ុន​និង​កម្ពុជា​នឹង​លើក​យក​បញ្ហា​នេះ​មក​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ជាង​ពេល​បច្ចុប្បន្ន។

លោក ហៃ វណ្ណា​ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​យល់​ថា​ ការ​ផ្តល់​ឋានៈ​ឱ្យ​ពលករ​ខ្មែរ​បាន​ធ្វើ​ជា​កម្មករ​ជំនាញ ​គឺ​មាន​លក្ខណៈ​ប្រសើរ​សម្រាប់​ពួកគេ​ទាំង​លើ​ផ្នែក​ជំនាញ​និង​ចំណូល។ ប៉ុន្តែ​ លោក​ព្រួយ​បារម្ភ​ពី​ការ​បន្ត​បាត់​បង់​ពលរដ្ឋ​ខ្មែរ​ ដែល​បន្ត​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន។​

«អ្វី​ដែល​កត់​សម្គាល់​គឺ​ថា ​យុវជន​នឹង​មាន​ការ​ខ្វះខាត​ច្រើន​នៅ​ក្នុង​ប្រទេស។ គាត់​មក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជប៉ុន​កាន់តែ​ប្រសើរ​ឡើង ​ប៉ុន្តែ​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​យើង​វា​កើន​ឡើង​ខ្លះ​ដែរ​តាម​រយៈ​ការ​ផ្ញើ​ថវិកា​ទៅ​ដោយ​ប្រយោល​គឺ​មិន​ដោយ​ផ្ទាល់។ ខ្ញុំ​មើល​ឃើញ​ថា​ វា​ល្អពាក់​កណ្តាល​និង​មិន​ល្អ​ពាក់​កណ្តាល»។​

លោក​ហៃ វណ្ណា​ ក៏​មាន​ការ​ព្រួយបារម្ភ​ស្រដៀងគ្នា​នឹង​ក្រុមសកម្ម​ជន​ដែរ​លើ​ការ​មិន​កំណត់​ប្រាក់​កម្រៃ​ជើងសារ​ឱ្យ​បាន​ច្បាស់​លាស់​ ដែល​ជា​ឱកាស​សម្រាប់​ក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​កេង​ប្រវ័ញ្ចលើ​ពលករ​ខ្មែរ។​

«ខ្ញុំ​បារម្ភ​ជាងគេ ​គឺ​ក្រុម​ហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផ្ទាល់​ ដែល​គាត់​តែងតែ​ធ្វើ​អ្វី​ទៅតាម​ទំនើង​ចិត្ត​ មិន​មាន​ការ​មើល​ការ​ខុសត្រូវ​ឱ្យ​បាន​ដិតដល់​ពី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ចំពោះ​ក្រុមហ៊ុន​នៅ​ជប៉ុន​ បើ​ច្បាប់​គេ​ចែង​យ៉ាង​ម៉េច​ គឺ​គេ​ត្រូវ​អនុវត្ត​អីចឹង​ហើយ ​ប៉ុន្តែនៅមាន​ក្រុមហ៊ុន​មួយ​ចំនួន​ គាត់​ធ្វើ​ការនៅ​ជិត​បន្ទាត់​ក្រហម​ ប៉ុន្តែ​គាត់​នៅ​តែ​អាច​ស្ថិត​នៅ​ក្រោម​ច្បាប់​ជប៉ុន។ ប៉ុន្តែ​នៅស្រុក​ខ្មែរ​ពិបាក។ អីចឹង​ខ្ញុំ​បារម្ភត្រង់​ចំណុច​ហ្នឹង‍»។​

លោក​វណ្ណា​ ថា​ផលវិបាក​ដែល​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​យក​កម្រៃ​ច្រើន​ គឺ​កម្មសិក្សា​ការី​មិន​មាន​សល់ប្រាក់កម្រៃ​អ្វីទេ​ នៅ​ពេល​បំពេញការងារ​នៅ​ជប៉ុន​ក្នុង​រយៈពេល​បីឆ្នាំ ហើយ​ប្រឈម​នឹង​ការ​ងារ​លំបាក​ជាច្រើន។

លោក​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​ កម្ពុជា​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ពង្រឹងកិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោយ​មើល​ឃើញ​ថា​ វាជា​«ឱកាស​ដ៏ល្អ​មួយ​ដែល​ប្រទេស​ទាំងពីរ​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​ ជាពិសេស​ការ​ផ្តល់​ប្រាក់ខែ​ខ្ពស់​ ចំណេះដឹង​និង​វិជ្ជាជីវៈ​ដល់​ពលករ​កម្ពុជា។​

មាន​ពលករ​ខ្មែរ​ជិត​២លាននាក់​បានធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ដែល​ភាគ​ច្រើន​គឺ​ប្រទេស​ថៃ។ ពួកគេ​បាន​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​វិញ​ចំនួន​ជាង​៤០០លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨។ នេះ​បើ​តាម​តួលេខ​របស់​ធនាគារ​ពិភពលោក។ ប៉ុន្តែ​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ​ចំនួនប្រាក់​បញ្ញើ​មាន​រហូត​ដល់​២.៣០០​លាន​ដុល្លារ៕

XS
SM
MD
LG