សមាជិកសភាអាមេរិកដែលស៊ើបអង្កេតកុបកម្មថ្ងៃទី៦ខែមករានៅវិមានសភា Capitol កាលពីឆ្នាំមុន បាននិយាយថា លោក Donald Trump ប្រធានាធិបតីកាលណោះ បានសម្រេចមិនចាត់វិធានការនៅពេលអ្នកគាំទ្ររបស់លោករាប់ពាន់នាក់បានទន្ទ្រានវិមានសភាជាង៣ម៉ោងដើម្បីព្យាយាមរារាំងការបញ្ជាក់ពីជ័យជំនះការបោះឆ្នោតរបស់លោក Joe Biden។
សមាជិករដ្ឋសភាអ្នកស្រី Elaine Luria សមាជិកគណៈកម្មាធិការមកពីគណបក្សប្រជាធិបតេយ្យបាននិយាយថា៖ «លោកប្រធានាធិបតី Trump អង្គុយនៅតុអាហារល្ងាច ហើយមើលការវាយប្រហារតាមទូរទស្សន៍ ខណៈបុគ្គលិកជាន់ខ្ពស់បំផុតរបស់លោក ទីប្រឹក្សាជិតស្និទ្ធបំផុត និងសមាជិកគ្រួសារបានអង្វរលោកឱ្យធ្វើអ្វីដែលគេរំពឹងថា ប្រធានាធិបតីអាមេរិកគួរធ្វើនោះ»។ សមាជិករដ្ឋសភាលោក Adam Kinzinger សមាជិកគណៈកម្មាធិការម្នាក់ទៀតបាននិយាយថា លោក Trump មិនចាត់វិធានការដោយសារតែហ្វូងមនុស្សបញ្ឈប់ការបញ្ជាក់លទ្ធផលឆ្នោត។
លោក Kinzinger សមាជិករដ្ឋសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ Illinois បាននិយាយថា៖ «ការរាប់ត្រូវផ្អាកទាំងស្រុង ហើយទីបំផុតត្រូវពន្យារពេលច្រើនម៉ោង។ ហ្វូងមនុស្សសម្រេចគោលបំណងរបស់លោកប្រធានាធិបតី Trump ដូច្នេះពិតណាស់លោកមិនធ្វើអន្តរាគមន៍ទេ។ លោកប្រធានាធិបតី Trump មិនមែនខកខានមិនបានចាត់វិធានការទេ...។ លោកសម្រេចមិនចាត់វិធានការតែម្តង»។ គណៈកម្មាធិការរដ្ឋសភា ដែលមានសមាជិកប្រាំបួនរូបដែលកំពុងស៊ើបអង្កេតការគំរាមកំហែងនេះ បានបង្ហាញវីដេអូសក្ខីកម្មរបស់ជំនួយការសំខាន់ៗរបស់លោក Trump នៅសេតវិមាន និងបង្ហាញសក្ខីកម្មផ្សាយផ្ទាល់ពីរទៀតដើម្បីគាំទ្រការចោទប្រកាន់ថា លោក Trump បានមើលការបះបោរតាមទូរទស្សន៍ ហើយមិនបានធ្វើអ្វីសោះអស់ជាច្រើនម៉ោង ដើម្បីបញ្ឈប់វា។
នៅក្នុងសុន្ទរកថាបើករបស់លោក លោក Bennie Thompson សមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Mississippi ដែលជាប្រធានគណៈកម្មាធិការនេះ បាននិយាយថា «រយៈពេល១៨៦នាទីនៅថ្ងៃទី៦ខែមករា បុរសនេះ [លោក Trump] មានថាមពលបំផ្លិចបំផ្លាញដូចដំរីចុះប្រេងនេះ មិនព្រមធ្វើអ្វីទេ ទោះបីជំនួយការ សម្ពន្ធមិត្តរបស់លោកខិតខំអង្វរ និងមានសម្រែកហិង្សារបស់ក្រុមកុប្បកម្ម ឬការអង្វរដោយអស់សង្ឃឹមរបស់អ្នកដែលប្រឈមមុខនឹងហ្វូងមនុស្សនោះក៏ដោយ។ លោកមិនកំរើកទេ»។
នៅទីបំផុតលោក Trump បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូក្រោយម៉ោង៤រសៀល ដោយស្នើឱ្យអ្នកបះបោរចាកចេញពីវិមានសភា។ នៅក្នុងសារតាម Twitter មួយដែលបានផ្ញើនៅពេលក្រោយមកទៀត លោកហាក់ដូចជាបង្ហាញយុត្តិកម្មសម្រាប់សកម្មភាពរបស់ហ្វូងមនុស្សនោះ។ លោកបានសរសេរថា៖ «ទាំងនេះគឺជារឿង និងព្រឹត្តិការណ៍ដែលកើតឡើងនៅពេលដែលជ័យជម្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីដ៏ពិសិដ្ឋមួយត្រូវបានគេឆក់យកដោយមិនត្រឹមត្រូវនិងព្រៃផ្សៃពីអ្នកស្នេហាជាតិដ៏អស្ចារ្យ ដែលរងអយុត្តិធម៌យ៉ាងអាក្រក់អស់រយៈពេលជាយូរមកហើយ។ សូមអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះដោយក្តីស្រឡាញ់ និងដោយសន្តិភាព។ សូមចងចាំថ្ងៃនេះជារៀងរហូត!»
លោក Trump ដែលលើកឡើងយ៉ាងមុតមាំថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០២៤នោះ នៅតែអះអាងរហូតមកដល់សព្វថ្ងៃនេះថា លោកត្រូវបានគេលួចមិនឱ្យបានជាប់ឆ្នោតឡើងវិញ។ ជារឿយៗលោកបានចំអកឱ្យក្រុមប្រឹក្សាស៊ើបអង្កេតកុបកម្មថ្ងៃទី៦ខែមករា ដោយបង្ហោះសារនៅថ្ងៃអង្គារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកឈ្មោះវេទិកា Truth Social ថា
គណៈកម្មាធិការ«ក្លែងបន្លំ និងនាំឱ្យអាមេរិកអាម៉ាស់»។ លោក Trump បាននិយាយថា លោកនឹងពិចារណាលើកលែងទោសបាតុករជាង៨០០នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលកុបកម្ម ប្រសិនបើលោកក្លាយជាប្រធានាធិបតីម្តងទៀត៕