បណ្តាញព័ត៌មានអាមេរិកនិយាយថា ជំនួយការពីរនាក់របស់អតីតប្រធានាធិបតីលោក Donald Trump នឹងផ្តល់សក្ខីកម្មនៅសប្តាហ៍នេះនៅគណៈកម្មាធិការសភាពិសេសស៊ើបអង្កេតអំពីប្រតិកម្មភ្លាមៗរបស់លោក Trump ចំពោះការវាយប្រហារនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ លើវិមានសភា Capitol សហរដ្ឋអាមេរិក។
លោក Matthew Pottinger ទីប្រឹក្សារងផ្នែកសន្តិសុខជាតិរបស់អតីតប្រធានាធិបតីនិងអ្នកស្រី Sarah Matthews អ្នកនាំពាក្យរងនៅសេតវិមានកាលណោះនឹងបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាក្នុងអំឡុងសម័យប្រជុំនៅថ្ងៃព្រហស្បតិ៍ ដែលនឹងផ្តោតលើទិដ្ឋភាពនៅក្នុងសេតវិមាន ខណៈអ្នកគាំទ្រលោក Trump បានសម្រុកចូលវិមានសភាCapitol របស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់ ការបញ្ជាក់ជាផ្លូវការពីជ័យជម្នះរបស់លោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាឆ្នាំ២០២០។
លោក Pottinger និងអ្នកស្រី Matthews ត្រូវបានគេរំពឹងថា នឹងផ្តល់សក្ខីកម្មអំពីការព្យាយាមទាំងភ័យខ្លាចនិងមិនបានសម្រេចរបស់បុគ្គលិកសេតវិមាននិងក្រុមគ្រួសាររបស់លោក Trump សុំឱ្យលោកចេញសេចក្តីថ្លែងការណ៍ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងនៃការវាយប្រហារនោះបញ្ជាឱ្យអ្នកគាំទ្ររបស់លោកដកថយ។ នៅទីបំផុតជាងបីម៉ោងបានកន្លងផុតទៅ ទើប លោក Trumpចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអ្នកបះបោរត្រឡប់ទៅផ្ទះវិញ។
លោក Pottinger និងអ្នកស្រី Matthews បានលាលែងពីតំណែងនៅថ្ងៃនោះ។ សវនាការនៅថ្ងៃព្រហស្បតិ៍នឹងធ្វើនៅពេលយប់ដើម្បីមានទស្សនិកជនតាមទូរទស្សន៍ទូទាំងប្រទេសច្រើន។ សមាជិកគណៈកម្មាធិការគណបក្សសាធារណរដ្ឋ លោក Adam Kinzinger បាននិយាយកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលសម្ភាសន៍ថា គណៈកម្មាធិការបាន «បំពេញចន្លោះប្រហោង»អំពីអ្វីដែលលោក Trump បានធ្វើក្នុងអំឡុងពេលវាយប្រហារ ដោយនិយាយថា លោកអតីតប្រធានាធិបតីបានអើពើតិចតួច ប៉ុន្តែ«មើលទូរទស្សន៍ដោយរីករាយក្នុងអំឡុងពេលនេះ»។
ទន្ទឹមនឹងនេះ នៅថ្ងៃអង្គារនេះទីភ្នាក់ងារការពារសន្តិសុខថ្នាក់ដឹកនាំរដ្ឋាភិបាលត្រូវគេរំពឹងថា នឹងប្រគល់ឱ្យគណៈកម្មាធិការនេះនូវកំណត់ត្រាទំនាក់ទំនងអេឡិចត្រូនិចទាំងអស់របស់ភ្នាក់ងារនេះអំឡុងពេលនៃការវាយប្រហារនោះ។ ក្រុមប្រឹក្សាបានកោះហៅទីភ្នាក់ងារនេះ បន្ទាប់ពីអធិការកិច្ចផ្ទៃក្នុងរបស់ក្រសួងសន្តិសុខមាតុភូមិ ដែលគ្រប់គ្រងទីភ្នាក់ងារនេះបានចេញរបាយការណ៍មួយដោយនិយាយថា ទីភ្នាក់ងារការពារសន្តិសុខថ្នាក់ដឹកនាំរដ្ឋាភិបាលបានលុបសារអត្ថបទរបស់ភ្នាក់ងារនេះកាលពីថ្ងៃទី ៦ខែមករា និងមួយថ្ងៃមុននោះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press)