នៅពេលដែលគណៈកម្មាធិការសភាសហរដ្ឋអាមេរិកដែលពិនិត្យមើលការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានសភា Capitol បញ្ចប់សវនាការសាធារណៈទីមួយរបស់ពួកគេក្នុងសប្តាហ៍នេះនោះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងប្រឈមនឹងសម្ពាធខ្លាំងជាងមុនឱ្យយកអតីតប្រធានាធិបតីលោក Donald Trump ទៅកាត់ទោសក្នុងការទាក់ទងជាមួយការវាយប្រហារដែលមានការបង្ហូរឈាមនោះ។
ក្រសួងយុត្តិធម៌បានចោទប្រកាន់ពួកអ្នកគាំទ្រលោក Trump ជាង៨០០នាក់ដែលមានការទាក់ទិនជាមួយកុបកម្មហើយកំពុងស៊ើបអង្កេតជនឯទៀតៗដែលមានការទាក់ទងនឹងការប្រព្រឹត្តអំពើអាក្រក់នោះដែរ។
តែគេមិនដឹងច្បាស់លាស់នៅឡើយទេថាតើក្រសួងនេះនឹងចាត់វិធានការមិនធ្លាប់មានពីមុន ក្នុងការចោទប្រកាន់អតីតប្រធានាធិបតីម្នាក់ដោយផ្អែកលើការរកឃើញដោយគណៈកម្មាធិការមួយឬយ៉ាងណា។
លោក William Banks ធ្វើការនៅក្រុមប្រឹក្សាសាស្ត្រាចារ្យច្បាប់ល្បីឈ្មោះនៅសាកលវិទ្យាល័យ Syracuse។ លោកបាននិយាយថា៖ «យើងមិនដឹងទេថាតើនឹងមានការកាត់ទោសដែលជាលទ្ធផលដោយផ្ទាល់នៃសវនាការទាំងនេះឬទេ»។
ដូចនេះមិនមែនមានន័យថា លោក Trump មិនស្ថិតក្នុងគ្រោះថ្នាក់តាមផ្លូវច្បាប់នោះទេ។ នៅពេលដែលគណៈកម្មាធិការដែលមានសមាជិកប្រាំបួននាក់បានបើកសវនាការតាមទូរទស្សន៍ជាលើកដំបូងនៅថ្ងៃទី៩ ខែមិថុនានោះ អនុប្រធានក្រុមប្រឹក្សាភិបាលគឺតំណាងរាស្រ្តគណបក្សសាធារណរដ្ឋអ្នកស្រី Liz Cheney បានសន្យាថា នឹងបង្ហាញភ័ស្តុតាងដែលបង្ហាញថា អតីតប្រធានាធិបតីមានការទទួលខុសត្រូវក្នុងការរៀបចំ «ផែនការប្រាំពីរផ្នែកដ៏ស្មុគ្រស្មាញដើម្បីបដិសេធលទ្ធផលការបោះឆ្នោតប្រធានាធិបតីនិង រារាំងការផ្ទេរអំណាចប្រធានាធិបតី»។
នៅក្នុងសវនាការ៧លើក គណៈកម្មាធិការពីរគណបក្សដែលមានពួកអ្នកប្រជាធិបតេយ្យ៧នាក់និងពួកអ្នកសាធារណរដ្ឋ២នាក់ជាសមាជិកនោះ បានលាតត្រដាងផែនការនោះដោយបង្ហាញការរកឃើញពីបទសម្ភាសន៍ជាងមួយពាន់និងឯកសារជាង១២៥.០០០ច្បាប់៕