ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​​​ច្រាន​ចោល​បណ្តឹង​ចំនួន​​២​របស់​លោក​លោក​ ​គឹម សុខ​ ​ក្នុង​ពេល​តែមួយ


រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ម្នាក់ ប្រាប់​អ្នកសារព័ត៌​មាន​ថា​ លោក​ គ្មានលុយ​បង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​​ សែន​នោះទេ ទាក់ទង​នឹង​សំណុំ​រឿង​ក្តី​ដែល​មេធាវី​លោក​នាយករដ្ឋ​មន្ត្រី​បាន​ដាក់​ទៅ​សាលារាជធានី​ភ្នំពេញ ​​នៅថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)

បណ្តឹង​របស់​លោក​ គឹម សុខ​ ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​តុលាការ​ប្រកាស​ច្រាន​ចោល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​រួមមាន​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ និង​បណ្តឹង​ដែល​លោក​ ​គឹម សុខ​ ​ប្តឹង​ស្នើ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ដែល​ជា​ដើម​បណ្តឹង​មក​ឆ្លើយ​ត​ទល់​គ្នា​ក្នុង​សវនាការ។

បន្ទាប់​ពី​សវនាការ​ជំនុំ​ជម្រះ​ចំនួន​២​លើក​កាល​ពី​ចុង​ខែ​មិថុនា​ ​ដោយ​មាន​ការ​តតាំង​សម្តី​រវាង​មេធាវី​របស់​លោក​ គឹម សុខ​ ​និង​មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ គឺ​លោក​ គី តិច​ តុលាការ​កំពូល​បាន​ច្រាន​ចោល​បណ្តឹង​ចំនួន​ពីរ​របស់​លោក​ គឹម សុខ​ ​ដោយ​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ។ ​ការ​សម្រេច​នេះ​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​គឹម សុខ​ ​លើក​ឡើង​ថា​ ​ជា​ការ​សម្រេច​ដែល​គ្មាន​ភាព​យុត្តិធម៌។

តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​ចំនួន​ពីរ​របស់​អ្នក​វិភាគ គឹម សុខ​ ​ក្នុង​ពេល​តែមួយ​ ​ដោយ​រក្សា​ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ​ក្នុង​ការ​មិន​អនុញ្ញាត​ឱ្យ​អ្នក​វិភាគ​រូប​នេះ​ស្ថិត​នៅ​ក្រៅ​ឃុំ និង​មិន​កោះ​ហៅ​លោក​ ​ហ៊ុន សែន​ ​មក​ឆ្លើយ​តទល់​គ្នា​ក្នុង​សវនាការ។

​លោកស្រី​ គឹម សត្ថាវី​ ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ប្រកាស​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ ដោយ​លើកឡើង​ថា​ ​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​គឹម សុខ​ ​ជា​បណ្តោះអាសន្ន​តាម​មាត្រា​២០៤​ ​២០៥​ ​និង​២០៦​ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​សាលា​ឧទ្ធរណ៍ ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់។​ ចំណែក​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​មក​ឆ្លើយ​តទល់​គ្នា​ក្នុង​សវនាការ​ ​ត្រូវ​បាន​លោក ​ឃឹម ប៉ុណ្ណ​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ប្រកាស​ច្រាន​ចោល​ដូច​គ្នា​ ​ដោយ​លើក​ឡើង​ថា​ ​បណ្តឹង​ជា​លាយ​លក្ខណ៍​អក្សរ​របស់​លោក​ ជូង ជូងី​ ដែល​ជា​មេធាវី​របស់​លោក​ ​គឹម សុខ​ ​ធ្វើ​ឡើង​ដោយ​គ្មាន​សំអាង​ហេតុ​ត្រឹមត្រូវ។

​ខណៈ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ទៅ​កាន់​រថយន្ត ដើម្បី​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ​ ​លោក​ ​គឹម សុខ​ ​បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បរិវេណ​តុលាការ​កំពូល​ដែល​ត្រូវ​បាន​រឹត​បន្តឹង​ការ​ចូល​យក​ព័ត៌មាន​ ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«តុលាការ​សម្រេច​តាម​ការ​ចង់​បាន​របស់​បក្ស​ ​មិនមែន​ច្បាប់។​ ជា​របៀប​នៃ​ការ​ចាត់​ចែង​របស់​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន»។

​បណ្តឹង​របស់​លោក​ គឹម សុខ​ ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​តុលាការ​ប្រកាស​ច្រាន​ចោល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​រួមមាន​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ និង​បណ្តឹង​ដែល​លោក​ ​គឹម សុខ​ ​ប្តឹង​ស្នើ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ដែល​ជា​ដើម​បណ្តឹង​មក​ឆ្លើយ​ត​ទល់​គ្នា​ក្នុង​សវនាការ។​ បណ្តឹង​ទាំង​ពីរ​នេះ​កើត​ចេញ​ពី​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក​ ​គឹម សុខ​ ​ដែល​ថា​ ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ​ជា​អ្នក​រៀប​ចំ​ឃាតកម្ម​លើ​លោក​ ​កែម ឡី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ដ៏​ល្បី​ ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

លោក គី តិច មេធាវី​របស់​លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាលដីកា​នៅតុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
លោក គី តិច មេធាវី​របស់​លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាលដីកា​នៅតុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក​ គី តិច ​មេធាវី​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល​ថា​ ​សកម្មភាព​របស់​លោក​ គឹម សុខ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ លោក​បន្ថែម​ថា ​លោក​ ​គឹម សុខ​ ​តែង​មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ទម្លាក់​កំហុស​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​បង្កើត​ឲ្យ​មាន​អសន្តិសុខ​ផ្សេងៗ​ បើ​ទោះ​បី​ជា​លោក​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្នក្នុង​ពន្ធនាគារ​ក្តី។

លោក​ គី តិច​ ​មាន​ប្រសាសន៍​ថា៖​

«នៅ​ពេល​ដែល​គាត់​និយាយ​ទម្លាក់​កំហុស​ទៅ​លើ​គណបក្ស​ប្រជាជន​អញ្ចឹង​ ហើយ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អញ្ចឹង ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​គិត​មិន​បាន​ដិត​ដល់ ​មិនទាន់​ស្តាប់​លទ្ធផល​របស់​តុលាការ គាត់​សន្និដ្ឋាន​ថា គណបក្ស​ប្រជាជន​ហ្នឹង​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​ កែម ឡី មែន។ អញ្ចឹង​គាត់​ប្រើ​សិទ្ធិ​គាត់ ផ្នត់​គំនិត​គាត់​ដែល​ស្តាប់ គឹម សុខ ទៅ​គាត់​ជឿ ដល់​ពេល​បោះឆ្នោត​គាត់​អត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។ អា​ហ្នឹង​ហើយ​ជា​ព្យសនកម្ម និង​ការ​ខូច​ខាត​របស់​គណបក្ស​ប្រជាជន»។

លោក ​ជូង ជូងី​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​គឹម សុខ​ ​ប្រាប់ VOA ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ ​និង​បដិសេធ​មិន​ឲ្យ​ដើម​បណ្តឹង​និយាយ​តទល់​ជាមួយ​ចុង​ចោទ​ក្នុង​សវនាការ​ ​គឺ​ជា​ការ​សម្រេច​ដែល​មិន​បាន​ផ្តល់​យុត្តិធម៌​ ​និង​តម្លា​ភាព​ដល់​កូនក្តី​របស់​លោក។ លោក​បន្ថែម​ថា​ ​តុលាការ​អាច​អនុញ្ញាត​ឲ្យ​កូន​ក្តី​របស់​លោក​ស្ថិត​នៅ​ក្រៅ​ឃុំ​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ​ ​ដើម្បី​ធានា​ថា​ ​លោក​ ​គឹម សុខ​ ​មិន​អាច​គេច​ចេញ​ពី​ការ​បំពេញ​កាតព្វកិច្ច​ចំពោះ​មុខ​តុលាការ។

លោក​ ​ជូង ជូងី​ ​បន្ថែម​ថា​ ​សម្រាប់​ការ​ស្នើ​សុំ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​មក​បំភ្លឺ​តទល់​មុខ​កូន​ក្តី​របស់​លោក គឺ​លោក​បាន​បំពេញ​រាល់​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ ​ដោយ​មាន​ដាក់​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ ​និង​មាន​សម្អាង​ហេតុ​ត្រឹមត្រូវ។

​លោក​ ជូង ជូងី​ បញ្ជាក់​ថា៖​

«តុលាការ​នៅ​តែ​មិន​ព្រម​កោះ​ហៅ​ដើម​បណ្តឹង​មក​សួរ​តទល់​ ​អញ្ចឹង​គឺ​អត់​បាន​ផ្តល់​តម្លាភាព​ ​អត់​មាន​ផ្តល់​យុត្តិធម៌​ច្បាស់​លាស់​ដល់​លោក​ ​គឹម សុខ​ ​ទេ។ ​អញ្ចឹង​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​បដិសេធ​ពាក្យ​បណ្តឹង​របស់​យើង​ខ្ញុំ​ជា​មេធាវី ក៏​ដូច​ជា​លោក គឹម សុខ ហ្នឹង»។

លោក​ ​គឹម សុខ​ ​អ្នក​វិភាគ​នយោបាយ​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​តាម​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ លោក​ ​ហ៊ុន សែន​ ​បាន​ប្ដឹង​ថា​ ​លោក​ ​គឹម សុខ​ ​បាន​អធិប្បាយ​ចោទ​ប្រកាន់​ដែល​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក​ ​កែម ឡី​ ​ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ទាមទារ​សំណង​ចំនួន​ ៥​សែន​ដុល្លារ។

ក្រៅ​ពី​នេះ​ ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ប្ដឹង​លោក​ ​គឹម សុខ​ ​មួយ​ករណី​ទៀត​ចំពោះ​ការ​អត្ថាធិប្បាយ​ថា ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​បណ្ដោយ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ ​ហើយ​មិន​រក​មុខ​ឃាតករ​ពិត​ ដូច​ជា​ក្នុង​ករណី​លោក​ កែម ឡី​ លោក​ ជា វិជ្ជា​ ​ព្រះ​សង្ឃ​ សម ប៊ុនធឿន​ ​និង​លោក​ ឈុត​ វុទ្ធី​ ជា​ដើម។​ លោក​ ​ហ៊ុន សែន បាន​ប្តឹង​ទាមទារ​ប្រាក់​សំណង ១០​លាន​រៀល​ផង​ដែរ​ សម្រាប់​ករណី​ទាំង​នោះ៕

XS
SM
MD
LG