ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​យកថ្ងៃទី​១០ ខែសីហា​ ​ប្រកាស​សាលក្រម​ ​បើទោះ​ជា​លោក​គឹម សុខ​ ធ្វើ​ពហិការ​ដើរ​ចេញ​ពី​សវនាការ


រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ម្នាក់ ប្រាប់​អ្នកសារព័ត៌​មាន​នៅ​សាលាដំបូងរាជធានី​ភ្នំពេញ ​​នៅថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)​
រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ម្នាក់ ប្រាប់​អ្នកសារព័ត៌​មាន​នៅ​សាលាដំបូងរាជធានី​ភ្នំពេញ ​​នៅថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)​

មេធាវីការពារ​ក្តី​ឲ្យ​លោក ​គឹម សុខ ​មិន​មាន​ជំនឿ​ថា​ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក​នោះ​ទេ​ ​បន្ទាប់ពី​លោក ​គឹម សុខ ​និង​មេធាវី​បាន​ធ្វើ​ពហិកា​ដើរ​ចេញ​ពី​សាល​សវនាការ​ ​ក្រោយ​ពេល​តុលាការ​ច្រាន​ចោល​ការ​ស្នើ​ឲ្យ​ដើម​បណ្តឹង​មក​ឆ្លើយ​តទល់​ក្នុង​សវនាការ ​និង​ច្រាន​ចោល​ការ​ស្នើ​ផ្លាស់​ប្តូរ​ចៅក្រម។​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ​ជូង ជូងី ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​គឹម សុខ។​

នា​រសៀល​ថ្ងៃពុធ​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​មាន​លោក ​គី ឫទ្ធី ​ជា​ចៅក្រម​ជំនុំជម្រះ​ បាន​បើក​សវនាការ​កាត់​ទោស​លោក​ គឹម សុខ ​ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ប្តឹង​ពាក់ព័ន្ធ​នឹង​ការ​ដែល​លោក ​គឹម សុខ ​អធិប្បាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត ​កែម ឡី ​អ្នកវិភាគ​នយោបាយ ​និង​សង្គម​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​ខែ​កក្កដា ​ឆ្នាំ​មុន។​

លោក​ ជូង ជូងី​ មេធាវី​ការពារ​ឲ្យ​លោក ​គឹម សុខ​ ប្រាប់ ​VOA​ នា​រសៀល​ថ្ងៃពុធ​នេះ​ថា ​លោក ​និង​កូនក្តី​បាន​ស្នើឲ្យ​ចៅក្រម​ក្នុង​សវនាការ​នារសៀល​ថ្ងៃពុធ​នេះ​ ឲ្យ​កោះ​ហៅ​ដើម​បណ្តឹង​មក​ឆ្លើយ​តទល់​ក្នុង​សវនាការ​ជាមួយ​ចុង​ចោទ ​ប៉ុន្តែ​ចៅក្រម​ច្រានចោល​ផ្ទាល់​មាត់​ថា​ ​មិនមាន​ភាព​ចាំបាច់ ​ដោយ​មិនមាន​ចេញ​ជា​សាលដីកា។ ​លោក​បន្ថែម​ថា ​ក្រោយការ​ច្រាន​ចោល​នោះ​ ​លោក ​គឹម សុខ ​បាន​ប្តឹង​ដិតជិត ​ឬ​ហៅ​ថា​ប្តឹង​សុំប្តូរ​ចៅក្រម​ ប៉ុន្តែ​តុលាការ​នៅ​តែ​បន្ត​នីតិវិធី​ជម្រះ​ ទើប​លោក ​គឹម សុខ​ ធ្វើ​ពហិការ​ដើរ​ចេញពី​សវនាការ។​

លោក ​ជូង ជូងី ​បន្ថែម​ថា ​ការ​បន្ត​នីតិវិធី​ជម្រះ​របស់​តុលាការ​ ​ដោយ​ច្រានចោល​បណ្តឹង​ផ្សេងៗ​របស់​ចុង​ចោទ​ ជាពិសេស​ការ​ច្រាន​ចោល​បណ្តឹង​ដិតជិត​ នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​

«លុះត្រា​តែ​ជនត្រូវ​ចោទ​យល់​ថា ​ចៅក្រម​រូបនោះ​អាច​ដោះ​ស្រាយ​រឿង​ក្តី​នោះ​ដោយ​យុត្តិធម៌​ ​ទើប​ជន​ត្រូវ​ចោទ​ព្រម​ទទួល​យក​ចៅក្រម​ឲ្យ​កាត់​ក្តី​រឿង​គាត់។​ ប៉ុន្តែ​រឿង​នេះ​ ​លោក ​គឹម សុខ ​អត់មាន​ជំនឿ​លើ​ចៅក្រម​តាំង​ពី​ដើម​ទី​ហើយ​ហ្នឹង​ ដូច្នេះ​មិន​រំពឹង​ថា​ ​ចៅក្រម​នោះ​ផ្តល់​យុត្តិធម៌​ឲ្យ​គាត់​ទេ»។​

លោក ​លី សុផាណា ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​លម្អិត​របស់​ VOA ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក ​ជូង ជូងី ​ដែល​ថា​ តុលាការ​នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក​ ​ក្រោយ​ពេល​តុលាការសម្រេច​បន្ត​នីតិវិធី​ជំនុំជម្រះ ​ដោយច្រានចោល​ការ​ស្នើ​សុំ​របស់​លោក ​ជូង ជូងី​ និង​កូនក្តី។ ​លោក ​លី សុផាណា ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​តាម​បណ្តាញទំនាក់ទំនង​តេឡេក្រាម​ក្នុង​ន័យ​ដើមថា៖​

«សវនាការ​បាន​បញ្ចប់​ដោយ​ត្រឹមត្រូវ​តាម​នីតិវិធី ហើយ​នឹង​ប្រកាស​សាលក្រម​ថ្ងៃទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៧»។​

លោក​ គឹម សុខ​ ​អ្នក​វិភាគ​នយោបាយ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​មិន​សំចៃ​មាត់​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​តាម​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​

លោក​ ហ៊ុន សែន​ បាន​ប្ដឹង​ថា​ ​លោក​ គឹម សុខ ​បាន​អធិប្បាយ​ចោទ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើរូប​លោក​ កែម ឡី​ ​អ្នក​វិភាគ​សង្គម​ដ៏​ល្បី​មួយ​រូប​ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​ហាង​កាហ្វេ​មួយ​ ​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន៕

XS
SM
MD
LG