ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ថា​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​កូតឌីវ័រ​កំពុង​បំពាក់​អាវុធ​ដល់​ជន​ស៊ីវិល


ក្រុម​អ្នក​ស្រុក​នៅ​ស្រុក​អាប៊ីហ្សង់​​ ប្រទេស​កូតឌីវ័រ​បាន​នាំ​គ្នា​ភៀស​ខ្លួន​ពី​លំនៅ​ដ្នាន​ឆ្លង​កាត់​រថពាស​ដែក​របស់​អ.ស.ប បន្ទាប់​ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ថ្មីៗ​រវាង​កងទ័ព​ដែល​ស្មោះ​ត្រង់​និង​គូរ​ប្រជែង​យក​ដំណែង​ជា​ប្រធានា​ធិបតីយ​កាល​ពី​ថ្ងៃ​ទី​ ២៧​ខ
ក្រុម​អ្នក​ស្រុក​នៅ​ស្រុក​អាប៊ីហ្សង់​​ ប្រទេស​កូតឌីវ័រ​បាន​នាំ​គ្នា​ភៀស​ខ្លួន​ពី​លំនៅ​ដ្នាន​ឆ្លង​កាត់​រថពាស​ដែក​របស់​អ.ស.ប បន្ទាប់​ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ថ្មីៗ​រវាង​កងទ័ព​ដែល​ស្មោះ​ត្រង់​និង​គូរ​ប្រជែង​យក​ដំណែង​ជា​ប្រធានា​ធិបតីយ​កាល​ពី​ថ្ងៃ​ទី​ ២៧​ខ

អង្គការ​សហប្រជាជាតិ​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​នៃ​ប្រទេស ​កូតឌីវ័រ​ កំពុង​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​លក់​អាវុធ​អន្តរជាតិ​ ហើយ​ការ​ចោទ​ប្រកាន់​នេះ​កំពុង​បង្កើន​ការ​តានតឹង​រវាង​ពួកអ្នក​គាំទ្រ​រដ្ឋាភិបាល​និង​កង​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​កូតឌីវ័រ។ ​ពួក​មន្រ្តី​អង្គការ​សហប្រជាជាតិ​ជឿជាក់​ថា ​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​បំពាក់​អាវុធ​ដល់​ជន​ស៊ីវិល។

ប្រធានាធិបតី​កំពុង​កាន់​អំណាច​ ឡូរ៉ង់ បាក់បូ (Laurent Gbagbo) បាន​ព្យាយាម​បណ្តេញ​បេសកម្ម​អង្គការ​សហប្រជាជាតិ​ទាំងមូល​ភ្លាមៗ​បន្ទាប់ពី​អង្គការ​នេះ​ បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​គូ​ប្រកួត​ប្រជែង​របស់​លោក​ គឺ​លោក​ អាឡាសាន វ៉ាត់តារ៉ា (Alassane Ouattara) ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា។

ក៏ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​បាន​បដិសេធ​មិន​បញ្ឈប់​បេសកម្ម​នោះ ​ពីព្រោះអង្គការ​សហប្រជាជាតិ​លែង​ទទួល​ស្គាល់​រដ្ឋអំណាច​របស់​លោក​ បាក់បូ ​តទៅ​ទៀត​ហើយ។ កង​ថែរក្សា​សន្តិភាព​បាន​ត្រូវ​ពង្រីក ​ម៉្យាង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ការ​ការពារ​សណ្ឋាគារ​លំហែកាយ​ ដែល​ជា​ទីកន្លែង​កងទ័ព​របស់​ បាក់បូ កំពុង​ឡោម​ព័ទ្ធ​លោក​ វ៉ាត់តារ៉ា។

ខណៈពេល​ដែល​កងទ័ព​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​នឹង​ពួក​កងទ័ព​ឧទ្ទាម​របស់​លោក​ វ៉ាត់តារ៉ា​ នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​លីបេរីយ៉ា (Liberia) ​ហើយ​និង​ការ​បន្ត​មាន​ការ​ប៉ះទង្គិច​ថ្មី​ក្នុង​រដ្ឋធានី​ អាប៊ីហ្សង់ ​ចូល​ដល់​សប្តាហ៍​ទី២​ រដ្ឋាភិបាល​លោក​បាក់បូ​កំពុង​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា ​អង្គការ​សហប្រជាជាតិ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​កូតឌីវ័រ។

នៅពេល​ដែល​លោក បានគឺមូន (Ban Ki-moon) ​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រកាន់​លោក​ បាក់បូ​ ពី​ការរំលោភ​ការ​ហាមប្រាម​ការ​លក់​អាវុធ​អន្តរជាតិ​ដោយ​បាន​ទទួល​ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ​ពី​ប្រទេស​បេលារុស (Belarus) ​លោក​ Ahoua Don Mellon​ អ្នកនាំ​ពាក្យ​លោក​ បាក់បូ ​និយាយ​ថា​ ការចោទ​ប្រកាន់​នេះ​ជា​ការ​ភូតកុហក​ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​គេ​ឃើញ​ថា ការវាយប្រហារ​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អ្នក​គាំទ្រ​លោក​បាក់បូ​ ជា​ការ​ត្រឹមត្រូវ។

លោក​ Charles Ble Goude ​មេ​ដឹកនាំ​យុវជន​របស់​លោក​ បាក់បូ ​និយាយ​ថាកង​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ​កំពុង​ធ្វើ​សង្គ្រាម​ជំនួស​ឲ្យ​ពួក​ឧទ្ទាម។

«លោក​ Goude ​និយាយ​ថា ​វា​ជា​បញ្ហា​ដូចគ្នា​ដែល​បាន​កើត​មាន​ឡើង​ជាមួយ​កងទ័ព​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ (Liberia) ​និង​ក្នុង​ ប្រទេស​កុងហ្គោ​ ហើយ​នឹង​ក្នុង​ប្រទេស​រ្វ៉ាន់ដា ​(Rwanda)។ លោក​និយាយ​ថា​ ប្រជាពលរដ្ឋ​ត្រូវ​គេ​សម្លាប់​ក្នុង​ពេល​មាន​វត្តមាន​របស់​កងទ័ព​អង្គការ​សហ​ប្រជាជាតិ។ លោក​ Goude​ និយាយ​ទៀត​ថា​ ពួកអ្នកគាំ​ទ្រ​លោក ​បាក់បូ​ នឹង​មិន​អនុញ្ញាតិ​ឲ្យ​រឿង​នេះ​កើតឡើង​ក្នុង​ប្រទេស​កូតឌីវ័រ​ទេ»។

លោក​ Goude​ កំពុង​អំពាវនាវ​ដល់​ពួក​អ្នក​គាំទ្រ​លោក ​បាក់បូ​ បង្អាក់​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​អង្គការ​សហប្រជា​ជាតិ។ កង​ថែរក្សា​សន្តិភាព​៣​នាក់​បាន​ត្រូវ​របួស​នៅពេល​ត្រូវ​គេ​បាញ់​ក្នុង​ពេល​យាមល្បាត។ លោក ​Kenneth​ Blackman ​អ្នក​នាំ​ពាក្យ​រង​របស់​បេសកម្ម​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​នោះ​និយាយ​ថា​ ស្ថានភាព​សន្តិសុខ​កាន់តែ​យ៉ាប់យ៉ឺន​យ៉ាង​ឆាប់រហ័ស។

«យើង​មាន​សេចក្តី​រាយការណ៍​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ថា​ក្រុម​លោក ​បាក់បូ​ បាន​បំពាក់​អាវុធ​ដល់​ជន​ស៊ីវិល។ ហើយ​នេះ​ជា​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត។ ក្នុង​ករណី​បែប​នេះ​ ពួក​ជន​ស៊ីវិល​ប្រដាប់​អាវុធ​ត្រូវ​គេ​ចាត់​ទុក​ជា​យុទ្ធជន។​ ដូច្នេះ​ ខ្ញុំ​គិត​ថា​វា​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​ហើយ​ជា​ការពិត ​វា​ធ្វើ​ឲ្យ​ការងារ​របស់​យើង​កាន់​តែ​ពិបាក»។

អង្គការ​សហប្រជាជាតិ​កំពុង​ថ្កោល​ទោស​អ្វី​ដែល​ខ្លួន​ហៅ​ថា​វិធី​ឃោសនា​ថ្មី​របស់​ពួក​អ្នក​គាំទ្រ​លោក​ បាក់បូ។ អង្គការ​សហប្រជាជាតិ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​គាំទ្រ​ភាគី​ណា​មួយ​ក្នុង​ជម្លោះ​នេះ​ទេ​ ហើយ​ថា​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​កុហក​ដ៏​អាក្រក់​របស់​ក្រុម​លោក​ បាក់បូ​ មាន​គោល​បំណង​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ក្នុង​ចំណោម​ពួក​គាំទ្រ​ បាក់បូ ​ដើម្បី​រារាំង​អង្គការ​ សហ​ប្រជាជាតិ​មិន​ឲ្យ​ការពារ​ជន​ស៊ីវិល​បាន។

លោក​ Ban Ki-moon​ និយាយ​ថា ​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ប្តេជ្ញា​សម្រេច​គោលដៅ​នេះ​ឲ្យ​បាន។

«នៅ​ក្រោម​ច្បាប់​វាយ​ប្រយុទ្ធ​ដែល​គ្រប់គ្រង​ការដាក់​ពង្រាយ​កង​ថែរក្សា​សន្តិភាពនៅ​ប្រទេស​នេះ​ បុគ្គលិក​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​កម្លាំង​ដើម្បី​ការពារ​ខ្លួន​ឯង​ ការពារ​បុគ្គលិក​អង្គការ​សហប្រជាជាតិ ​ការពារ​សម្ភារៈ​អង្គការ​សហប្រជា​ជាតិ​ និង​ការពារ​ការ​ធ្វើ​ចលនា​ដោយ​សេរី។ ហើយ​ជា​ការណ៍​ពិត​ ពួកគេ​នឹង​អនុវត្ត​ច្បាប់​ទាំងអស់​នេះ»។

អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ​ កំពុង​សុំ​ឲ្យ​កងថែរក្សា​សន្តិភាព​អង្គការសហ​ប្រជាជាតិ​ចាត់​វិធានការ​ចាំបាច់​ទាំងអស់​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ គេ​មិន​អាច​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ​របស់​ប្រទេស​ បេឡារុស ​និង​អាវុធ​ផ្សេងៗ​ទៀត​បាន។

បុគ្គលិក​អង្គការ​សហប្រជាជាតិ​ដែល​ទៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​Yamoussoukro​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បាន​ត្រូវ​កង​កម្លាំង​សន្តិសុខ​ បាក់បូ​ មិន​ឲ្យ​ចូល៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG