ប្រទេសអស្ប៉ាញបានរាយការណ៍កាលពីថ្ងៃចន្ទថា មានមនុស្សស្លាប់ថ្មីចំនួន៨១២នាក់ដោយសារមេរោគកូរ៉ូណា ខណៈដែលករណីឆ្លងថ្មីចំនួន៦ពាន់ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសទី៣ រួមជាមួយសហរដ្ឋអាមេរិក និងអ៊ីតាលីមានចំនួនច្រើនជាងប្រទេសចិន។
អាជ្ញាធរអេស្ប៉ាញបានបិទប្រទេសកាលពី២សប្តាហ៍មុនដើម្បីព្យាយាមបញ្ឈប់ការរាលដាលដ៏ឆាប់រហ័សនៃមេរោគនេះ។
យុទ្ធវិធីនេះត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលផ្សេងៗទៀតនៅទូទាំងពិភពលោក រួមមានការរឹតត្បិតថ្មីកាលពីថ្ងៃចន្ទម្សិលមិញនៅរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ីអនុញ្ញាតឲ្យមនុស្សចាកចេញពីផ្ទះរបស់ខ្លួនដើម្បីធ្វើការងារសំខាន់ៗ ទិញម្ហូបអាហារ ឬថ្នាំពេទ្យ ឬសម្រាប់គ្រាមានអាសន្នខាងសុខភាពតែប៉ុណ្ណោះ។
លោក Muhammadu Buhari ប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ា បានប្រកាសបទបញ្ជាឲ្យស្ថិតនៅផ្ទះនៅក្នុងរដ្ឋធានីអាប៊ូហ្សា និងទីក្រុង Lagos ដែលជាទីក្រុងធំបង្អស់ របស់នីហ្សេរីយ៉ា ហើយបាននិយាយថា ការធ្វើដំណើរទៅកាន់ និងមកពីផ្នែកផ្សេងៗទៀតនៅក្នុងប្រទេសគួរតែបញ្ចៀស។
អាជ្ញាធរប្រទេសស៊ីមបាវ៉េបានបញ្ជាឲ្យបិទប្រទេសរយៈពេល៣សប្តាហ៍ដោយបានចាប់ផ្តើមកាលពីថ្ងៃចន្ទម្សិលមិញ ខណៈដែលវិធានការស្រដៀងគ្នាក្នុងប្រទេសនេប៉ាល់ ស្លូវេនី និងអាហ្សង់ទីន នឹងត្រូវបន្ត។
នៅសហរដ្ឋអាមេរិកដែលមានករណីមេរោគកូរ៉ូណាច្រើនជាងគេនៅក្នុងពិភពលោក រដ្ឋញូវយ៉ក មានមនុស្សស្លាប់១ពាន់នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រកាសគោលការណ៍ណែនាំរបស់សហរដ្ឋអាមេរិកឲ្យមនុស្សនៅឃ្លាតពីគ្នាដើម្បីរារាំងមេរោគនោះកុំឲ្យរាលដាលដែលនឹងត្រូវបន្តរហូតដល់ចុងខែមេសា។
ប្រទេសអ៊ីតាលីដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុត ហើយបានបិទប្រទេស អស់រយៈពេលអស់ជាច្រើនសប្តាហ៍ បានរាយការណ៍ពីមនុស្សស្លាប់ជាង៧៥០នាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក៏ប៉ុន្តែ បានឃើញសញ្ញានៃក្តីសង្ឃឹមដោយមានការធ្លាក់ចុះនៃការឆ្លង៕