ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីតាលីរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ដោយផ្តោតលើជម្លោះជាសាកល


មេដឹកនាំ​នៃប្រទេស​ G7 ពិភាក្សាគ្នានៅតុមូល អំឡុងថ្ងៃទី១ នៃកិច្ចប្រជុំកំពូល G7 នៅទីក្រុង Savelletri ប្រទេស​អ៊ីតាលី នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤
មេដឹកនាំ​នៃប្រទេស​ G7 ពិភាក្សាគ្នានៅតុមូល អំឡុងថ្ងៃទី១ នៃកិច្ចប្រជុំកំពូល G7 នៅទីក្រុង Savelletri ប្រទេស​អ៊ីតាលី នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤

ប្រទេស​អ៊ីតាលី​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស ​G7 ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន នៅ​ពេល​ដែល​មានការបោះឆ្នោតសភា​អឺរ៉ុប​ ដែល​ឃើញ​មានការ​គាំទ្រ​ហក់ឡើង​ខ្ពស់​លើ​គណបក្ស​ស្តាំ​និយម​ជ្រុល​ នៅ​ក្នុង​ចំណោម​សមាជិក​ខ្លះ​នៃ​ក្រុម​ប្រទេស​ G7 ដូច​ជា​ប្រទេស​បារាំង​និង​អាល្លឺម៉ង់​ជាដើម។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។

នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​អ្នក​ស្រី​ Giorgia Meloni ក៏​ជា​អ្នក​ដឹកនាំគណបក្ស​ស្តាំ​និយម​ជ្រុល​ផង​ដែរ ប៉ុន្តែ​នៅ​បន្តប្រកាន់កណ្តាល​និយម​ ជាពិសេស​លើ​គោល​នយោបាយ​ការបរទេស ​ដែលធ្វើ​ឱ្យ​អ្នក​ស្រី​ជាដៃគូឆ្លង​មហាសមុទ្រ​អាត្លង់ទិកដែល​មាន​ការធានាមួយ​ ក្នុង​ពេល​ដែល​មាន​ការ​ចូល​ឈ្លានពានពេញ​ទំហឹង​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ​ក៏​ដូច​ជា​សង្គ្រាម​រវាង​អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស់ ​ក្នុង​តំបន់​ហ្កាហ្សា​ផង​ដែរ។

កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ G7 ដែល​នឹង​ប្រព្រឹត្តទៅ​រហូត​ដល់ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ ​បាន​ផ្តោត​ទៅ​លើ​ជម្លោះ​ជា​សាកល​ ការ​រីករាលដាល​នៃបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ និង​បញ្ហា​ក្នុង​ទី្វប​អាហ្វ្រិក ជា​ពិសេស​ការ​បារម្ភ​ជា​យូរ​មក​ហើយ​របស់​អ៊ីតាលី​ លើ​ការគ្រប់គ្រង​មិន​បាន​នូវ​ជន​ចំណាកស្រុក​ពី​ទ្វីប​អាហ្វ្រិកមកកាន់​អឺរ៉ុប​។ បញ្ហាដែល​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​ដូច​ជា​ការប្រែប្រួល​អាកាស​ធាតុ​និងរឿង​ប្រទេស​ចិន​ជា​ដើម​ ក៏នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ផង​ដែរ។​

ក្រុមប្រទេស G7 គឺ​ជា​វេទិកា​មិន​ផ្លូវការ​មួយ ដែល​មាន​ជំនួប​ប្រជុំកំពូល​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី ពិភាក្សា​លើ​គោលនយោបាយ​សេដ្ឋកិច្ច និង​បញ្ហា​សន្តិសុខ​ជា​ដើម។ ​ ​សមាជិក​នៃ​ក្រុម​ប្រទេស ​G7​ រួម​មាន​ប្រទេស​កាណាដា​ បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី​ ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក។

ទន្ទឹម​នឹង​នេះ​ដែរ​ ចក្រភព​អង់គ្លេស​ បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​សមត្ថភាព​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដោយសំដៅ​ទៅ​លើ​ស្ថាប័ន​មួយ​ចំនួន​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន​ អ៊ីស្រាអែល​ កៀហ្ស៊ីស៊ីស្ថាន​ និង​ប្រទេស​តួកគី​ ក៏​ដូច​ជា​ឧស្សាហកម្ម​ថាមពល​របស់​រុស្ស៊ី​ផង​ដែរ។

ការប្រកាស​ដាក់ទណ្ឌកម្ម​របស់​ចក្រភព​អង់គ្លេស​ ដែល​ត្រូវ​បាន​ប្រកាសនៅ​ពេល​ចាប់​ផ្តើម​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G7​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ គឺ​ត្រូវ​អនុវត្ត​ទៅ​លើ​ក្រុមហ៊ុន​ចំនួន​៥០​ និង​បុគ្គល​មួយ​ចំនួន​ ដែល​មាន​ការ​ពាក់ព័ន្ធ​ដល់​ការផ្គត់ផ្គង់គ្រាប់រំសេវ​ ឧបករណ៍​ម៉ាស៊ីន​ ប្រព័ន្ធ​មីក្រូ​អេឡិចត្រូនិក​ និង​ការដឹកជញ្ជូន​ទៅឱ្យ​រុស្ស៊ី​ ក៏​ដូច​ជា​នាវា​ដែល​ដឹកជញ្ជូន​ទំនិញ​យោធា​ពី​កូរ៉េខាង​ជើង​ទៅ​រុស្ស៊ី​ផង​ដែរ។

រីឯ​សហរដ្ឋ​អាមេរិក​វិញ​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ខ្លួន​និង​សមាជិក​ G7​ ផ្សេង​ទៀត​នឹង​ផ្តល់​ប្រាក់​កម្ចី​ដល់​ទីក្រុងកៀវ​ដល់​ទៅ​ ៥០​ ពាន់​លាន​ដុល្លារ​ដែល​នឹង​ត្រូវសង​ទៅ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ដោយ​ប្រើ​ប្រាក់​ចំណូល​ការប្រាក់​ពី​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​ ដែល​បង្កក​នៅក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​លោក​ខាង​លិច៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG