ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​សន្ធាប់​ជំរំ​ជនភៀស​ខ្លួន​ក្នុង​តំបន់​ហ្កាហ្សា ខណៈ​សង្គ្រាម​ឈាន​ដល់​ខែ​ទី៩​ហើយ


កុមារ​ប៉ាឡីស្ទីនម្នាក់ដែលរងរបួស​ឈរ​នៅ​ក្នុង​បន្ទប់​រៀន​ដែល​រង​ការ​បំផ្លិចបំផ្លាញ នៅ​ជំរំ Nuseirat ភាគកណ្តាល​តំបន់​ហ្កាហ្សា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
កុមារ​ប៉ាឡីស្ទីនម្នាក់ដែលរងរបួស​ឈរ​នៅ​ក្នុង​បន្ទប់​រៀន​ដែល​រង​ការ​បំផ្លិចបំផ្លាញ នៅ​ជំរំ Nuseirat ភាគកណ្តាល​តំបន់​ហ្កាហ្សា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

កងកម្លាំង​អ៊ីស្រាអែល​បានទម្លាក់​គ្រាប់​លើ​ជំរំ​ជន​ភៀសខ្លួនមួយ ​ក្នុង​តំបន់​ហ្កាហ្សា ​កាល​ពី​ថ្ងៃ​សុក្រ​ ​ក្រោយ​ពី​បាន​ធ្វើ​ការវាយប្រហារ​តាម​អាកាសទៅ​លើ​សាលារៀន​របស់​អង្គការ​សហប្រជាជាតិនៅ​ទី​នោះ​រួច​មក​ ខណៈ​ដែល​សង្គ្រាម​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ហាម៉ាស់​វាយប្រហារទៅ​លើ​អ៊ីស្រាអែល​ដែល​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក បានចូលដល់​ខែ​ទី ​៩ ​ហើយ​នោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជម្លោះ​នេះ​បាន​សម្លាប់មនុស្ស​អស់​ជាច្រើនពាន់នាក់ បំផ្លាញទី​កន្លែង​ជា​ច្រើន​ក្នុង​តំបន់​ហ្កាហ្សា​ ​និង​ធ្វើឱ្យ​មនុស្ស​ភាគច្រើនបំផុតក្នុង​ចំណោម​ពលរដ្ឋ ២លាន ៤សែននាក់ ដែល​ធ្លាប់​រស់​នៅ​ក្នុង​តំបន់​នេះ ​ផ្លាស់​ទី​លំនៅ ​និង​ធ្វើ​ឱ្យ​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​អត់ឃ្លាន​ផង​ដែរ។

កិច្ចប្រឹងប្រែង​ដើម្បីសម្រប​សម្រួល​ឱ្យមាន​បទ​ឈប់បាញ់​ជា​លើក​ដំបូង​ ចាប់តាំង​ពី​មាន​បទ​ឈប់បាញ់​រយៈពេល​ ១​សប្តាហ៍ ​កាល​ពីខែ​វិច្ឆិកា​កន្លង​ទៅ​ ​ហាក់​ដូច​ជា​នៅ​ជាប់​គាំង​ គឺ​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ ​បាន​ផ្តល់​សំណើឱ្យ​មាន​ផែនទីផ្លូវ​ថ្មី​មួយ។

ក្រុម​ហាម៉ាស់​នៅ​មិន​ទាន់ឆ្លើយ​តប​ទៅ​នឹង​សំណើថ្មី​របស់​លោក Biden នេះ​នៅ​ឡើយ​ទេ​ ខណៈ​ភាគី​អ៊ីស្រាអែល​វិញ​ ​បាន​បង្ហាញជំហ​បើក​ចំហរ​លើ​ការ​ពិភាក្សាគ្នា ប៉ុន្តែ​នៅ​តែ​តាំង​ចិត្ត​ទៅ​លើ​គោលបំណង​របស់​ខ្លួន​ ដើម្បី​កម្ទេច​យុទ្ធជន​អ៊ិស្លាម​ប៉ាឡេស្ទីន​ឱ្យ​រលត់​រលាយ។

មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុង​ជំរំ​ជនភៀសខ្លួន Deir al-Balah នៅភាគ​កណ្តាលល​តំបន់​ហ្កាហ្សា​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោចណាស់​ក៏​ ៣៧​ នាក់​ដែរ​ បាន​ស្លាប់នៅ​ក្នុង​ការវាយប្រហារ​តាម​អាកាស​មួយ​របស់​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ លើ​សាលារៀន​មួយរបស់​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន Nuseirat។

យោធា​អ៊ីស្រាអែល​និយាយ​ថា​ យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​សម្លាប់​ភេរវជន​ចំនួន ​៩​ នាក់នៅ​ក្នុង​ថ្នាក់​រៀន​ ៣​ ដែល​មាន​យុទ្ធជន​ហាម៉ាស់​ប្រមាណ​ ៣០ នាក់ និងក្រុម​ជីហាដ​អ៊ិស្លាមកំពុង​លាក់ខ្លួន​នៅ​ទី​នោះ។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិសម្រាប់ជន​ភៀសខ្លួនប៉ាឡេស្ទីន ដែល​ហៅ​កាត់​ថា​ UNRWA​ បាន​និយាយ​ថា​ ​ពលរដ្ឋ​ផ្លាស់​ទី​លំនៅ​ក្នុង​តំបន់​ហ្កាហ្សា​រាប់រយ​នាក់​ កំពុង​ជ្រកពួន​នៅក្នុង​សាលារៀន​នោះ​ហើយ​ការវាយប្រហារលើ​ទី​តាំង​នេះ​គ្មាន​ការព្រមាន​ជា​មុន​នោះ​ឡើយ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​ពណ៌នាការ​វាយប្រហារ​នោះ​ថា​ ជា​រឿង​ដ៏​«រន្ធត់​មួយ​» ខណៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសអេហ្ស៊ីប​លោក ​Ahmed Abu Zeid បាន​ថ្កោលទោសអ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​ «ទម្លាក់​គ្រាប់បែក​ដោយ​ចេតនាលើ​សាលារៀន​របស់​អង្គការ​សហប្រជាជាតិ​នេះ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG