ក្រុមអ្នកជួយសង្គ្រោះអ៊ីតាលីនិយាយថាចំនួនមនុស្សស្លាប់ដោយការបាក់ធ្លាក់ទឹកកកកាលពីសប្តាហ៍មុនលើសណ្ឋាគារទំនើបបានកើនឡើងដល់១៤នាក់ហើយ។
ក្រុមអ្នករុករកបានរកឃើញសាកសពមនុស្សប្រាំនាក់ទៀតពីគំនរបាក់បែកនៃសណ្ឋាគារផ្កាយបួន Rigopiano ក្នុងក្រុង Farindole ហើយបន្ទាប់មកបានរកឃើញសាកសពពីរទៀតក្នុងខណៈពេលដែលក្រុមអ្នកពន្លត់អគ្គិភ័យអាចចូលទៅជ្រៅក្នុងគំនរអាគារដែលបាក់បែក។
មានមនុស្សជាច្រើននាក់ត្រូវបានជួយសង្គ្រោះឱ្យរួចផុតជីវិតពីកន្លែងលំហែដ៏ប្រណិតនេះ បន្ទាប់ពីវាបានកប់លិចដោយសារព្រិលទឹកកកយ៉ាងធំកាលពីថ្ងៃពុធសប្តាហ៍មុននិងដោយបំណែកបាក់បែកនានាដែលកើតឡើងដោយសារការរញ្ជួយផែនដីនៅតំបន់ Abruzzo។
នៅមានមនុស្ស១៥នាក់ទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យបានសន្យាថាក្រុមជួយសង្គ្រោះនឹងបន្តការងារទាំងយប់ទាំងថ្ងៃរហូតដល់គេអាចរកជនរងគ្រោះបានអស់។
ក្តីសង្ឃឹមថារកឃើញអ្នកនៅរស់រានមានជីវិតបានកើតមានឡើងកាលពីថ្ងៃចន្ទនៅពេលដែលគេរកឃើញកូនឆ្កែបីក្បាលរបស់សណ្ឋាគារនៅរស់រានមានជីវិត។
តុលាការក្នុងតំបន់ Pescara បានបើកការស៊ើបអង្កេតលើគ្រោះថ្នាក់នេះដោយមានអ្នកខ្លះនិយាយថាការមកជួយសង្គ្រោះបន្ទាន់មានភាពយឺតយ៉ាវ។ ក្រុមអ្នកមកជួយសង្គ្រោះដំបូងបានមកដល់ក្នុងពេលដែលនៅមានព្យុះទឹកកកនៅឡើយដែលមានរយៈពេល១១ម៉ោងបន្ទាប់ពីការបាក់ធ្លាក់នោះកើតមានឡើង៕