ក្រុមមន្ត្រីប្រទេសអ៊ីតាលីបានថ្លែងថា បុរសជនជាតិទុយនីស៊ីដែលជាជនសង្ស័យថាបានធ្វើការវាយប្រហារនៅឯផ្សារលក់គ្រឿងតុបតែងសម្រាប់ថ្ងៃបុណ្យណូអែលត្រូវបានប៉ូលិសបាញ់សម្លាប់នៅឯស្ថានីយរថភ្លើងមួយនៅក្នុងទីក្រុង Milan នៅព្រឹកថ្ងៃសុក្រនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីតាលីលោក Marco Minniti បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះថា ក្រុមអាជ្ញាធរប៉ូលិសបានបញ្ជាក់ថា បុរសដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ទៅមកជាមួយប៉ូលិសគឺជាជនសង្ស័យ Anis Amri ដែលជាជនសង្ស័យកំពូលនៅក្នុងការវាយប្រហារនៅក្នុងផ្សារមួយរបស់អាល្លឺម៉ង់។
ប្រភពប៉ូលិសបានឲ្យដឹងថា ជនសង្ស័យអាយុ២៤ឆ្នាំនេះត្រូវបានរារាំងដោយប៉ូលិសយាមត្បាតជាប្រចាំមួយនៅក្បែរស្ថានីយរថភ្លើង Sesto San Giovanni ដែលស្ថិតនៅជាយទីក្រុង Milan កាលពីព្រឹកថ្ងៃសុក្រនេះ។ ប្រភពដដែរបានឲ្យដឹងទៀតថា ជនសង្ស័យនោះបានដកកាំភ្លើងចេញមក នៅពេលដែលប៉ូលិសសុំមើលអត្តសញ្ញាណប័ណ្ណរបស់ជននោះ បន្ទាប់មកជននោះបានបាញ់ប្រហារ និងធ្វើឲ្យមន្ត្រីប៉ូលិសមួយរូបរងរបួសមុននឹងជននោះត្រូវបានបាញ់សម្លាប់។
ជនសង្ស័យ Amri គឺជាអ្នកដែលត្រូវបានបដិសេធមិនផ្តល់សិទ្ធិជ្រកកោន ដែលកំពុងស្ថិតក្រោមការឃ្លាំមើលដោយត្រូវបានសង្ស័យថាព្យាយាមទិញអាវុធដើម្បីធ្វើការវាយប្រហារ។ ការស៊ើបអង្កេតនេះត្រូវបានបញ្ចប់កាលពីខែកញ្ញា ហើយទីភ្នាក់ងារប្រឆាំងនឹងភេរវជនបានផ្តល់ព័ត៌មានអំពីជននេះលើកចុងក្រោយគឺកាលពីខែវិច្ឆិកា។
ពាក្យសុំសិទ្ធិជ្រកកោនរបស់ជននេះត្រូវបានបដិសេធកាលពី៦ខែមុន ប៉ុន្តែជននេះមិនត្រូវបានបញ្ជូនខ្លួនត្រឡប់ទៅប្រទេស ទុយនីស៊ីវិញនោះទេ ដោយសារតែមានបញ្ហាឯកសារ៕