ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​អ៊ីតាលី​ឈ្នះ​មេដាយ​មាស​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​វិញ្ញាសា​រត់​ប្រណាំង​បុរស​ចម្ងាយ​១០០​ម៉ែត្រ


លោក Lamont Marcell Jacobs កីឡាករ​តំណាង​ឱ្យ​ប្រទេស​អ៊ីតាលី ឈ្នះ​ក្នុង​ការ​រត់​ប្រណាំង​បុរស​ចម្ងាយ​១០០​ម៉ែត្រ​ក្នុង​ថេរវេលា​៩វិនាទី៨​ ដោយ​​បាន​មេដាយ​មាស​ជា​​លើក​ដំបូង​​ក្នុង​វិញ្ញាសា​រត់​ប្រណាំង​​​នៅ​អូឡាំពិក​សម្រាប់​ប្រទេស​អ៊ីតាលី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។

លោក Usain Bolt ធ្លាប់​តែ​មាន​តំណែង​ជា​កីឡាកររត់​ប្រណាំង​ដ៏​លឿន​ជាង​គេ​បំផុតនៅ​ក្នុង​ពិភព​លោក​ ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ជា​ច្រើន​ដង។

ប៉ុន្តែ​នៅ​ពេល​នេះ​ ​តំណែង​នេះ​បាន​ទៅ​លើកីឡាករអ៊ីតាលី​ដែល​កើត​ក្នុង​រដ្ឋ​តិចសាស​គឺ​លោក Lamont Marcell Jacobs ​អាយុ​២៦​ឆ្នាំ​ ដែល​ឈ្នះ​ក្នុង​ការ​រត់​ប្រណាំង​បុរស​ចម្ងាយ​១០០​ម៉ែត្រ​ក្នុង​ថេរវេលា​៩វិនាទី៨​ ដោយបាន​មេដាយ​មាស​ជាលើក​ដំបូងក្នុង​វិញ្ញាសា​រត់​ប្រណាំង​នៅ​អូឡាំពិក​សម្រាប់​ប្រទេស​អ៊ីតាលី។

លោក Fred Kerley កីឡាករអាមេរិក​ជាប់​លំដាប់​លេខ​២​ ដោយ​ចំណាយ​ពេល៩​វិនាទី​៨៤។ ​លោក​និយាយ​ថា​ «ខ្ញុំ​មិនធ្លាប់ដឹងអំពីលោក​ Jacobs ទេ»។

ចំណែក​កីឡាករ​ជាប់​លេខ​បីមក​ពី​ប្រទេស​កាណាដា​ លោក​ Andre DeGrasse វិញ​និយាយ​ថា​ «ខ្ញុំ​មិន​រំពឹង​ថា ​កីឡាករ​អ៊ីតាលី​រត់តែ៩វិនាទី៨​ទេ។​ ខ្ញុំ​គិត​ថា​ ​គូ​ប្រជែង​ដ៏​សំខាន់​របស់​ខ្ញុំ​គឺ​កីឡាករ​អាមេរិកឯ​ណោះ​ទេ»។​ លោក​ DeGrasse​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​ ដោយរត់​ក្នុងថេរវេលា​៩វិនាទី​៨៩។

ប៉ុន្តែ​នៅ​ពេល​នេះ​ទើប​ពួក​គេ​ដឹង​ថា​ លោក Jacobs ​ឈ្នះ​និង​បាន​មេដាយ​មាស​សម្រាប់​ប្រទេសរបស់​លោក។

ចំណែកការ​រត់​ប្រណាំង​១០០​ម៉ែត្រ​ផ្លោះ​របាំង​សម្រាប់នារី​វិញ​ នាង Jasmine Camacho-Quinn មក​ពី​ដែនដី ​Puerto Rico ​បាន​ឈ្នះ​មេដាយ​មាស។​ នាង​កើត​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ និង​សិក្សា​នៅ​មហា​វិទ្យាល័យ​ក្នុង​រដ្ឋ Kentucky។ ​នាង​បាន​សម្រេច​ចិត្តចូល​រួម​ប្រកួត​តំណាង​ឲ្យ​ដែន​ដី ​Puerto Rico ​ដោយ​សារ​ម្តាយ​នាងជា​ជន​ជាតិ ​Puerto Rico។​

ការប្រកួតគួរឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺបុរស​លោត​កម្ពស់​ពីរ​នាក់​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ស្មើ​គ្នា បន្ទាប់​ពី​ពួក​គេ​បាន​ទាក់​បី​ដង​នៅ​កំណត់ត្រា​អូឡាំពិក​កម្ពស់​២,៣៩​ម៉ែត្រ។​ មន្រ្តី​ម្នាក់​បាន​ប្រាប់​លោក ​Gianmarco Tamberi ​កីឡាករ​ប្រទេស​អ៊ីតាលី​ និង​លោក ​Mutaz Essa Barshim​ កីឡាករ​ប្រទេស​កាតា​ថា​ ពួកគេ​បាន​មេដាយ​មាស​រួមគ្នា ហើយ​អត្តពលិក​ទាំងពីរ​នាក់​បាន​សម្រេច​ដូច្នេះ។

នៅ​ក្នុង​ការ​ប្រកួត​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត​នៅ​កីឡា​អូឡាំងពិក​ក្រុង​តូក្យូ​គឺ​កីឡាការិនី​ម្នាក់​រត់​ចម្ងាយ​១៥០០​ម៉ែត្រ​បាន​ដួល​លើ​កីឡាការិនី​ម្នាក់​ដែល​បាន​ដួល​មុន។

នាង​ Sifan Hassan ​កីឡាការិនី​ជនជាតិ​ហូឡង់​ដើម​កំណើត​អេត្យូពី​បាន​ព្យាយាម​លោត​រំលង​មិន​ផុត​នាង Edinah Jebitok ​នៃ​ប្រទេស​កេនយ៉ា​ ដែល​ដួល។ ប៉ុន្តែ​នាង​ Hassan ​មិន​ព្រងើយ​កន្តើយ​នឹង​រង្វាន់​ឡើយ។​ នាង​បាន​ស្ទុះ​ក្រោក​យ៉ាង​ឆាប់​រហ័ស ​ហើយ​រត់​វ៉ា​ម្នាក់​ហើយ​ម្នាក់ទៀត ដោយ​រត់​រយៈ​ពេល​៤​នាទី​និង​៥​វិនាទី​១៧​ ហើយ​ឈ្នះ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

(ព័ត៌មាន​មួយ​ចំនួន​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​AP)

XS
SM
MD
LG