ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលវាយប្រហារភាគខាងត្បូងហ្កាហ្សាសម្លាប់មនុស្ស១៦នាក់ ខណៈថ្នាំមិនទាន់ដឹងថាទៅដល់ចំណាប់ខ្មាំង


លោក Mohammad Shouman បីសាកសពកូនស្រី​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ នៅទីក្រុង Rafah ភាគខាងត្បូង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
លោក Mohammad Shouman បីសាកសពកូនស្រី​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ នៅទីក្រុង Rafah ភាគខាងត្បូង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ក្រុមគ្រូពេទ្យ​បាន​និយាយ​កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយ​ប្រហារតាម​អាកាសដោយ​អ៊ីស្រាអែល​លើផ្ទះមួយ​ខ្នង​បានសម្លាប់មនុស្ស​ ១៦នាក់ ​ដោយ​ពាក់កណ្តាល​ជា​កុមារ​នៅក្នុង​ក្រុង ​Rafah ​នា​ប៉ែកខាងត្បូង​តំបន់​ហ្កាហ្សា។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន ​AP ។

នៅពេល​ជាមួយគ្នា​នេះ ​នៅ​មិន​ទាន់​មានដំណឹងអំពី​ថា​តើ​ឱសថ​ដែល​បាន​ដឹកជញ្ជូន​ចូល​ក្នុង​ដែនដី​នេះ​កាលពី​ថ្ងៃពុធ ជា​ផ្នែកមួយនៃ​កិច្ចព្រមព្រៀង​សម្រប​សម្រួលដោយ​ប្រទេស​បារាំង​និង​កាតា ត្រូវ​បាន​ចែកចាយ​ហើយ​ឬនៅ​ ដល់​ចំណាប់ខ្មាំង​រាប់សិប​នាក់ ដែល​មាន​ជំងឺ​រ៉ាំរ៉ៃដែល​ក្រុម​ហាម៉ាស់បាន​ចាប់ឃុំឃាំង។

ក្នុងពេលជាង​ ១០០​ថ្ងៃ ក្រោយ​ក្រុមហាម៉ាស់បង្កើតសង្គ្រាមដោយសារ​ការវាយប្រហាររបស់​ពួកគេ​កាលពី​ថ្ងៃទី ៧​ ខែ​តុលា​ឆ្នាំមុន​ អ៊ីស្រាអែល​នៅតែ​បន្ត​យុទ្ធនាការយោធា​ដ៏​ប្រល័យ​និងហិនហោច​បំផុតក្នុង​ប្រវត្តិសាស្ត្រថ្មីៗ​នេះ ​ដោយ​មាន​គោលដៅបំផ្លាញ​ក្រុមជនសកម្ម​ប្រយុទ្ធ​នេះ​ ដែល​បាន​គ្រប់គ្រង​តំបន់​ហ្កាហ្សា​ តាំង​ពី​ឆ្នាំ ២០០៧ ​ហើយបានវិល​ត្រឡប់​ទៅ​វិញ​ជា​មួយចំណាប់ខ្មាំង​ជាច្រើន​នាក់។ សង្គ្រាមនេះ​បាននាំ​ឱ្យមាន​ភាព​តានតឹងនៅ​ទូទាំងតំបន់​នោះ ​ដោយគំរាមកំហែងឱ្យ​មានសង្គ្រាមឯទៀតៗ​ផង​ដែរ។

លោកវេជ្ជបណ្ឌិត Talat Barhoum ​នៃ​មន្ទីរពេទ្យ​ el-Najjar​ នៅក្រុង Rafah ​បានបញ្ជាក់​ថា​ពិត​អំពីចំនួនមនុស្សស្លាប់​ដោយការវាយប្រហារតាម​អាកាស​នេះ​ក្នុង​ក្រុង Rafah ​ហើយ​លោក​បាន​និយាយថា មនុស្សរាប់សិប​នាក់​ទៀត​បានត្រូវ​របួស។ រូបភាព​វីដេអូ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press ​ពី​មន្ទីរពេទ្យ​នោះបង្ហាញ​ឱ្យ​ឃើញញាតិសន្តាន​យំ​សោក​នៅ​ជិត​សាកសពជន​ជាទីស្រឡាញ់​។

បើ​តាម​អង្គការ NetBlocks ​ថា ​គ្មានសេវា Internet ​និង​ទូរស័ព្ទដៃ​ក្នុង​តំបន់​ហ្កាហ្សាប្រាំ​ថ្ងៃ​មក​ហើយ ​ដែល​ជា​រយៈពេល​មិនមានសេវា​ទាំងនេះ​យូរ​បំផុតក្នុង​សង្គ្រាម​នេះ។ ការគ្មានសេវា​ទាំង​នេះនាំឱ្យមាន​ការពិបាក​ដល់ការប្រឹងប្រែ​ង​ជួយសង្គ្រោះនិងក្នុង​ការទទទួល​ព័ត៌មាន​អំពីការវាយប្រហារ​ថ្មីៗ​បំផុតនិង​អំពីចំនួន​មនុស្ស​ស្លាប់និង​របួស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG